លោក គីម ជុងអ៊ុន៖ នៅពេលដែលយើងមានសមត្ថភាពយោធាខ្លាំង ទើបអាចបង្ការសង្រ្គាមបានពីចក្រពត្ដិលោកខាងលិច
Sophea
-

ការអត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន មួយបានធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់បង្ហោះគ្រាប់ម៉ីស៊ីល ដោយជោគជ័យ ក្នុងការប្រឆាំងនឹងទណ្ឌកម្មអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍។  ដែលជាការបាញ់លើកដំបូង ក្រោយពីកូរ៉េខាងជើងបានខកខានការបាញ់មីស៊ីលផ្លោងអន្តរទ្វីបក្នុងរយៈចម្ងាយពេញលេញចាប់តាំងពីឆ្នាំ 2017មកម្ល៉េះ  ។


ម៉ីស៊ីលដែលកូរ៉េខាងជើងបាញ់កាលពីថ្ងៃព្រហស្បត្ដិ៍សបា្ដហ៍មុននោះមានឈ្មោះថា  Hwasong-17 ជាមីស៊ីល ICBM ដ៏មានអានុភាព ដែលត្រូវបានប្រទេសមួយនេះ ធ្វើការដាក់បង្ហាញនៅក្នុងក្បួនព្យុះហយាត្រារបស់ខ្លួនជាលើកដំបូងនៅក្នុងខែតុលា ឆ្នាំ 2020 នឹងត្រូវបានអ្នកវិភាគដាក់ឈ្មោះថា "Monster missile" ។


នៅក្នុងការអត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន បានលើកឡើងថា «ទាល់តែ​យើងមានសមត្ថភាពនៅក្នុងការអភិវឌ្ឍន៍ អាវុធនៅក្នុងការវាយប្រហារដ៏ខ្លាំងក្លា   អំណាច​យោធា​ដ៏លើសលប់​ដែលគ្មានរណាម្នាក់អាចធ្វើការបញ្ឈប់អ្នកបាន ទើបអ្នកអាចបង្ការមិនអោយមានសង្គ្រាម ក្នុងការធានា​សន្តិសុខ​ប្រទេស និង​ទប់​ទល់​​រាល់​ការ​គំរាម​កំហែង ពី​ពួក​ចក្រពត្តិខ្មៅងងឹតរបស់ពួកលោកខាងលិច ហើយយើងនឹងបន្ដសម្រេចនូវគោលដៅពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនឱ្យកាន់តែមានភាពរឹងមាំ »។ 


កាំជ្រួចម៉ីស៊ីលដែលបានបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍ ដែលជាអាវុធមួយ នៅក្នុងអាវុធជាច្រើនផ្សេងទៀតរបស់កូរ៉េខាងជើងដែលត្រូវបានសាកល្បងនៅឆ្នាំនេះ ហាក់ដូចជាមានសមត្ថភាពធ្វើដំណើរខ្ពស់ជាង និងឆ្ងាយជាង ICBM ពីមុនៗរបស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ។


ក្រុមអ្នកវិភាគនិយាយថា ការបាញ់បង្ហោះដោយជោគជ័យអាចជំរុញទំនុកចិត្តរបស់លោកគីម  ថាប្រទេសរបស់លោកកំពុងដើរលើផ្លូវត្រូវក្នុងការសម្រេចបាននូវការទប់ស្កាត់នុយក្លេអ៊ែរ ហើយការសាកល្បងបែបនេះគួរតែត្រូវបានរំពឹងទុកបន្ថែមទៀត។ ការសាកល្បងរយៈចម្ងាយឆ្ងាយ និងការបាញ់នុយក្លេអ៊ែរត្រូវបានផ្អាក នៅពេលដែលលោក Kim និងអតីតប្រធានាធិបតីអាមេរិក Donald Trump ធ្វើការចរចាគ្នា រាល់ជំនួបរបស់មេដឹកនាំទាំងពីរនេះទទួលបាននូវការបរាជ័យនិងជាប់គាំងក្នុងឆ្នាំ2019។