ពិធី​ករ​ល្បីឈ្មោះ​លោក ប៉ែន ចំរុងត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ​រយៈពេល ១០ ខែ ពីបទមួយនេះ
ស៊ីហៀង
-

ពិធី​ករ​ល្បីឈ្មោះ​លោក ប៉ែន ចំរុង និង ង៉ាន់ ពិសី ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ កំណត់​រយៈពេល ១០ ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​មួយ​លាន​រៀល ចូល​ជា​ថវិកា​រដ្ឋ ពីបទ​បរិហារ​បង្កាច់​កេរ្តិ៍​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ ២០២១ តាម​មាត្រា ៣១១ និង​មាត្រា ៣១២ នៃ​ក្រមព្រហ្មទណ្ឌ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក San prum។

ប្រភព​បាន​បន្ត​ថា ក្នុង​នោះ​ដែរ​តុលាការ​ក៏​បង្គាប់​ឲ្យ ឈ្មោះ ប៉ែន ចំរុង និង​ឈ្មោះ ង៉ាន់ ពិសី រួមគ្នា​សង​សំណង​ទៅ​ឲ្យ​ដើម​បណ្ដឹង​ឈ្មោះ គាន ណារិត ចំនួន ៦០ លាន​រៀល នៅ​ពេល​សាលក្រម​នេះ​ចូល​ស្ថាពរ។ សាលក្រម​នេះ​ជំនុំជម្រះ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ ២០២២ ចំពោះ​មុខ​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​កំបាំងមុខ​ជន​ជាប់​ចោទ​ឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និង​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ ២០២២ ដោយ​ទុក​សិទ្ធិ​ឲ្យ​ប្ដឹង​ទាស់ និង​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។

តុលាការ​បាន​ទទួល​បណ្ដឹង​តាម​ដីកា​បញ្ជូន​រឿង​មក​ជម្រះ​ផ្ទាល់ លេខ ១០១ អ​.​យ​. ចុះ​ថ្ងៃ​ទី ០៤ ខែ​កក្កដា ឆ្នាំ ២០២២ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​បញ្ជូន​ជន​ជាប់​ចោទ​ឈ្មោះ ប៉ែន ចំរុង ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ​ខ្មែរ និង​ឈ្មោះ ង៉ាន់ ពិសី ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ​ខ្មែរ មក​ជំនុំជម្រះ​ផ្ទាល់ ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ ២០២១ បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣១១ និង​មាត្រា ៣១២ នៃ​ក្រមព្រហ្មទណ្ឌ។

ទាក់ទង​ព័ត៌មាន​ខាង​លើ​ ​ដ៏​រសើប​នេះ ពិធីករលោក ប៉ែន ចំរ៉ុង សុំមិនធ្វើការបកស្រាយអ្វីទាំងអស់ ដោយថាលោកកំពុងតែរវល់ដោះស្រាយបញ្ហានេះ។

សូមបញ្ជាក់ផងដែរថាលោក ប៉ែន ចំរ៉ុង គឺជាសិល្បករពហុជំនាញមួយរូបដែលមានទេពកោសល្យ និងសមត្ថភាពជាច្រើនសម្បូរបែប មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងមានសម្លេងគាំទ្រជាច្រើនទៀតផង ៕