ថ្មីមួយករណីទៀត! ក្តឹបចោរ ២នាក់ជិះសុទ្ធម៉ូតូទំនើប តែអត់លុយចាក់សាំង មកឆក់សាំងដប...​(មានវីដេអូ)
សីហា
-

ភ្នំពេញ ៖វីដេអូរថ្មីមួយ ដែលកំពុងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម បង្ហាញទិដ្ឋភាពក្មេងស្ទាវ២នាក់ ក្នុងចំណោមគ្នីគ្នា២ម៉ូតូ ដែលប្រហែលចេញធ្វើសកម្មភាពពេលយប់ បានឆក់យកដបសាំង ដែលគេលក់តាមចិញ្ចើមផ្លូវ ប៉ុន្តែ មិនបានសម្រេច​ ហើយថែមទាំងដួលច្រងិបច្រងិល ធ្វើឲ្យមហាជនឃើញហើយ នាំគ្នាហួសចិត្ត និងសាទរយ៉ាងខ្លាំង។

ហេតុការណ៍ដ៏ហួសចិត្តនេះ ត្រូវបានដឹងថា បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០ នាទី យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលក់គ្រឿងទឹកភ្លើង និងសំភារៈជាងមួយកន្លែង (ជាប់កែងវត្តព្រៃស្ពឺ) ក្នុងសង្កាត់ចោមចៅទី២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញអ្នកលក់ប្តីប្រពន្ធ ដើរចេញពីក្នុងផ្ទះ និងឈរនិយាយគ្នានៅមុខកន្លែងលក់ដូរមិនបានប៉ុន្មានផង ស្រាប់តែស្ទាវ២នាក់ ជិះម៉ូតូ Scoopy ពណ៌ស១គ្រឿង បើកចូលមកឡើងលើចិញ្ចើមផ្លូវ មកអែបនឹងកន្លែងលក់សាំង និងធ្វើសកម្មភាពឆក់តែម្តង។ ទោះជាយ៉ាងណា ដោយសារតែទាញដបសាំងមិនចេញ ក៏បានដួលម៉ូតូប្រាវតែម្តង។

ភ្លាមៗនោះ ស្ទាវម្នាក់ដែលជាអ្នកឆក់ បានស្រវ៉ាងើបរត់ប្រាសក្រញ៉ាំ ខណៈស្ទាវម្នាក់ទៀតជាអ្នកឌុប បានព្យាយាមលើកម៉ូតូ បើករត់គេចសឹងមិនចង់ទាន់។ តែចាត់ទុកជាសំណាងហើយ ដែលភ្លាមៗនោះ អ្នកលក់ស្រឡាំងកាំង និងក៏មិននឹកស្មានថាពួកវាឆក់សាំង ពុំនោះទេ អាចនឹងរត់ចោលម៉ូតូ ឬ ទក់សាច់នៅនឹងកន្លែងហើយ ទោះមានគ្នីគ្នាជិះម៉ូតូ១គ្រឿងទៀត ចាំបិទគូទក៏ដោយ ព្រោះថា ភ្លាមៗនោះ ប្រជាពលរដ្ឋបានរត់មកព្រោងព្រាតច្រើនគួរសម។

ជាក់ស្តែង បើតាមម្ចាស់ផ្ទះដែលមានគណនីហ្វេសប៊ុកឈ្មោះ ប្រាក់សារឹម លក់គ្រឿងទឹកភ្លើងនិងសំភារៈជាង បានប្រាប់ឲ្យដឹងថា «បើខ្ញុំមើលមុខវា គិតថាគ្នាជិះមកប៉ះរបស់យើងដួលទេ អាណិតវាគិតថា ចង់ជួយលើកទេ តែអាអាវសវាក្រោករត់ ទើបដឹងថាចោរ តែនៅតែគ្មានបំណងចាប់វាយវាទេ នៅតែអាណិត គ្រាន់បង្អើលវាអោយភ័យទៅចុះ»៕