ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោក ឌួង ឆាយ ត្រូវបានបក្សប្រឆាំងនៅក្រៅប្រទេសវាយប្រហារ ក្រោយហេតុផលថា លោក ឌួង ឆាយ ជាលក់ជាតិ លក់សញ្ជាតិតាម Online ក្រោយពីលេចឮដំណឹងបែបនេះ ស្រាប់តែលោក បានចេញមុខបំភ្លឺបែបនេះថា “សូមជម្រាបសួរពីចម្ងាយណាពូមីងបងប្អូនបងប្អូនជាទីគោរពស្រលាញ់ទាំងអស់គ្នា។ ចំពោះការ Post នៅលើបណ្ដាញសង្គម Facebook របស់ខ្ញុំបាទកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបានសរសេរថា “មានអ្នកវិនិយោគចង់ចូលសញ្ជាតិខ្មែរអាចទាក់ទងមកខ្ញុំបាទបានណា 015 688 668 [….]” គឺមិនមែនមានន័យដូច ដែលមនុស្សរបស់បក្សប្រឆាំងបានលើកឡើងដោយពន្លាត់ន័យចោទប្រកាន់មកលើរូបខ្ញុំបាទថាលក់ជាតិ លក់សញ្ជាតិតាម Online អ្វីនោះឡើយ។
ខ្ញុំជាអ្នកជំនួញមិនមែនជាអ្នករត់ការទេ។ ខ្ញុំតែងតែគិតពីប្រយោជន៍សង្គមជាតិ អូសទាញអ្នកវិនិយោគមកប្រទេសយើង ដើម្បីបណ្តាក់ទុក បង្កើតការងារ និងបង្កើតប្រាក់ចំណូលជូនប្រជាជាតិ និងប្រជាជន មិនមែនដូចក្រុមប្រឆាំងរស់នៅស្រុកក្រៅសុខស្រួលហើយនៅមកធ្វើទុក្ខបុកម្នេញមិនអោយប្រទេសជាតិដ៏កំសត់មួយនេះបានសុខ បានសន្តិភាព មានសេចក្តីសុខពេញលេញនោះទេ។នៅលើការ Post របស់ខ្ញុំគឺបញ្ជាក់យ៉ាងច្បាស់ថា “មានអ្នកវិនិយោគចង់ចូលសញ្ជាតិខ្មែរអាចទាក់ទងមកខ្ញុំបាទបាន [….]” សូមអានម្តងហើយម្ដងទៀត! សូមអានឲ្យច្បាស់ អានឲ្យយល់ពីអត្ថន័យពិត នៃចេតនាសុចរិតរបស់ខ្ញុំ។
កុំឈរតែលើជ្រុងនៃគំនិតទុច្ចរិត និងអវិជ្ជមាន ហើយនិយាយបំភាន់សាធារណមតិ និងវាយប្រហារមកលើរូបខ្ញុំបែបនេះ។ ខ្លឹមសារដែលខ្ញុំបាន Post គឺមានអត្ថន័យជាការជម្រាបជូនជាដំណឹង ជាការចង្អុលបង្ហាញឲ្យអ្នកវិនិយោគបរទេស និងបងប្អូនដែលមានសាច់ញាតិ មិត្តភក្ដិ ឬ មានដៃគូសហការជំនួញនៅក្រៅប្រទេស ដែលជាវិនិយោគគិនបរទេស ហើយមានបំណងមកវិនិយោគនៅប្រទេសកម្ពុជាអាចទាក់ទងមកខ្ញុំបាន ខ្ញុំនឹងណែនាំគាត់ឲ្យទៅជួបអ្នកជំនាញក្នុងការប្រឹក្សាយោបល់ផ្នែកច្បាប់ និងពន្យល់អំពីបែបបទស្នើសុំសញ្ជាតិ ដោយអនុឡោមតាមច្បាប់ស្ដីពីសញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែង នៅប្រទេសអភិវឌ្ឍមួយចំនួនដូចជា: សហរដ្ឋអាមេរិក សហភាពអុឺរ៉ុប ព័រទុយហ្គាល់ ប្រជុំកោះការាបៀន អូស្រ្តាលី ញូហ្សឺលែន សហព័ន្ធអារ៉ាប់រួម …។
ល។ សុទ្ធសឹងតែផ្ដល់សញ្ជាតិតាមរយៈការវិនិយោគ ឬ តាមរយៈគុណសម្បត្តិពិសេស ដែលជាប្រយោជន៍ដល់ប្រទេសជាតិរបស់ពួកគេ រីឯប្រទេសកម្ពជាយើងក៏មានលក្ខខណ្ឌច្បាប់ឲ្យវិនិយោគិនបរទេសអាចដាក់ពាក្យសុំចូលសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្មបានដែរ ខ្ញុំ Post ឲ្យពូមីងបងប្អូននាំវិនិយោគិនបរទេសមកទាក់ទងខ្ញុំ ដើម្បីខ្ញុំជម្រាប និងបង្ហាញផ្លូវពួកគាត់បែបហ្នឹង តើខុសដែរឬលោកក្រៅស្រុក? កុំបារាំងដាក់ខ្ញុំពេក! លោកឯងគ្មានតម្លៃអោយខ្ញុំសសេរឈ្មោះលោកឯងផង។
ជាចុងក្រោយ ខ្ញុំសូមចិត្តពូមីងបងប្អូនមេត្តាយោគយល់អធ្យាស្រ័យចំពោះរូបខ្ញុំបាទ ដោយខ្ញុំសុំឲ្យពូមីងបងប្អូនមេត្តាកុំស្ដាប់ពួកជនប្រឆាំងអគតិបំពុលសង្គមនារដូវកាលជិតបោះឆ្នោតនេះ។ សូមពូមីងចូលមើលច្បាប់ស្តីពីសញ្ជាតិហើយពិចារណាតាមការគួរ។ នេះជាប្រទេសរបស់ព្រះ ករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ រាល់ការចូលសញ្ជាតិគឺឡាយព្រះហស្ដប្រោសប្រទានពីព្រះករុណាជីវិតតម្កល់លើត្បូងដ៏ខ្ពង់ខ្ពស់ជាទីគោរពបំផុតនៃយើងទាំងអស់គ្នា។ បន្ទាប់ពីបានបកស្រាយនៅទីនេះខ្ញុំនឹងលុបការបង្ហោះចាស់ចោលកុំអោយបន្តមានការយល់ច្រលំបន្តទៀត។ សូមអរគុណ”៕









