ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យកុមារអង្គរ បានមកទទួលស្វាគមន៍ អ្នកជិះកង់ លោក ទីវ តារារិទ្ធិ ដោយជិះកង់រួមគ្នា ចេញពីស្រះស្រង់ មកកាន់បរិវេណមន្ទីរពេទ្យកុមារអង្គរ។
មន្ទីរពេទ្យកុមារអង្គរ បានប្រកាស ជូនដំណឹងជាផ្លូវការថា បន្ទាប់ពីការធ្វើដំណើរជិះកង់អស់រយៈចម្ងាយ ៩ ៧៥០ គីឡូម៉ែត្រ ក្នុងប្រទេសអាស៊ានចំនួន ៦ប្រទេស ចំណាយពេលជិត ៣ខែកន្លងមក អ្នកជិះកង់ តារារិទ្ធិ បានរៃអង្គាសថវិកាសរុប ចំនួន ៥៦ ២៥៧ ដុល្លារអាមេរិក ($56,257) ជូនដល់មន្ទីរពេទ្យកុមារអង្គរ។
ថ្នាក់ដឹកនាំ បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ និងអ្នកគាំទ្រជាច្រើនរបស់តារារិទ្ធិ បានស្វាគមន៍យ៉ាងអធិកអធម នៅក្នុងបរិវេណមន្ទីរពេទ្យកុមារអង្គរ។ នៅក្នុងឱកាសដ៏អស្ចារ្យនេះដែរ ក៏មានការប្រគល់ពានលើកទឹកចិត្ត និងប្រកាសលទ្ធផល នៃការរៃអង្គាសថវិការបស់តារារិទ្ធិ។
មន្ទីរពេទ្យកុមារអង្គរ ក៏បានប្រកាស ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់អ្នកជិះកង់ផ្សងព្រេង តារារិទ្ធិ ចំពោះសមិទ្ធផលដ៏អស្ចារ្យ ការលះបង់កម្លាំងកាយចិត្ត ក្នុងការជិះកង់ផ្សងព្រេងម្នាក់ឯង ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ និងសូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន និងគាំទ្រសកម្មភាពមនុស្សធម៌នេះ។
គួររលឹកផងដែរថា មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ជាមន្ទីរពេទ្យដែលបានពិនិត្យព្យាបាលជំងឺដល់កុមារកម្ពុជា ដោយឥតគិតថ្លៃអស់ជាច្រើនឆ្នាំមកហើយ។
សប្បុរសជន អាចចូលរួមបរិច្ចាគថវិកា មកកាន់មន្ទីរពេទ្យកុមារអង្គរ តាមរយៈ៖
1. ធនាគារ អេប៊ីអេ (ABA Bank)៖ 000 320 555 (Angkor Hospital for Children)
2. ភ្នាក់ងារវេប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122
3. ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children)៕