ក្រោយបបួលគ្នាបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ យុវជន៣នាក់ជួបគ្រោះអកុសល
Sokli
-

ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជន៦នាក់ទើបតែរាប់អានគ្នាថ្មីថ្មោង ហើយក៏បបួលគ្នាជិះម៉ូតូដើរលេង ខណៈពេលនោះពួកគេក៏ប្រទះឃើញរថយន្តសាម៉ុយសង្គ្រោះបន្ទាន់មួយគ្រឿង ដែលកំពុងតែជាប់ស្ទះចរាចរណ៍ ឃើញបែបនោះពួកគេក៏បបួលគ្នាបើកផ្លូវឲ្យរថយន្តសាម៉ុយធ្វើដំណើរ ប៉ុន្តែជាអកុសលក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខច្រកចូលរោងចក្រផលិតទឹកស្អាតនិរោធ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីប្អូនប្រុសម្នាក់ ក្នុងចំណោមយុវជនទាំង៦នាក់ បានប្រាប់ឲ្យដឹងថា «ពួកគេទាំង៦នាក់រាប់អានគ្នាទើបតែបាន២ម៉ោងប៉ុណ្ណោះ ក៏បបួលគ្នាជិះម៉ូតូដើរលេង ដោយជិះ២គ្រឿង គ្នា៦នាក់ បម្រុងធ្វើដំណើរទៅកាន់ទីតាំងក្លិបកម្សាន្តមួយកន្លែង»។

ប្រភពដដែលបន្តថា «លុះពេលចេញដំណើរមកដល់ចំណុចមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក៏ប្រទះឃើញរថយន្តសាម៉ុយ (រថយន្តសង្គ្រោះបន្ទាន់) កំពុងតែជាប់ស្ទះចរាចរណ៍។ ពេលឃើញដូច្នេះ ពួកគេមានចិត្តចង់ជួយ ក៏បបួលគ្នាជិះម៉ូតូបើកផ្លូវឱ្យរថយន្តសាមុយនោះបានធ្វើដំណើរទៅសង្គ្រោះអ្នករងគ្រោះ ដោយធ្វើដំណើរពីមន្ទីរពេទ្យ ឡើងដល់ផ្លូវជាតិលេខ១»។

ហើយប្អូនប្រុសម្នាក់ក្នុងចំណោមយុវជនទាំង៦នាក់ បានប្រាប់ទៀតថា «លុះធ្វើដំណើរមកដល់ច្បារអំពៅ ពួកគេគិតថា ចង់បកក្រោយទៅវិញ ស្រាប់តែឃើញផ្លូវស្ទះពេក ពួកគេក៏បន្តនាំគ្នាបើកផ្លូវរហូតដល់ចំណុចកើតហេតុ»។

យុវជនខាងលើបន្តទៀតថា «គ្រានោះ ដោយសារតែល្បឿនកំពុងតែលឿនផង ណាមួយមិនបានប្រុងប្រយ័ត្នទៀត ក៏បានគេចរថយន្ត១គ្រឿងនៅខាងមុខ ស្រាប់តែស្រឡាំងកាំង ព្រោះតែម៉ូតូជិះជិតបុកខឿនផ្លូវ ក៏ទាញចង្កូតទៅខាងឆ្វេងបញ្ជ្រាសទិស បណ្តាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus 570 ពណ៌ស មានស្លាកលេខ កម្ពុជាLY- SOKHA ធ្វើឲ្យម៉ូតូផ្លោងទៅថ្នល់ បណ្ដាលឱ្យរបួសធ្ងន់២នាក់ និងស្លាប់ម្នាក់តែម្តង ព្រមទាំងខូចខាតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មានស្លាកលេខ ព្រៃវែង 1O-9436»។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនាំគ្នាជួយទូរស័ព្ទហៅរថយន្តសាមុយ ដើម្បីសង្គ្រោះយុវជនទាំង៣នាក់ ប៉ុន្តែជាអកុសលយុវជនម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ ចំណែក២នាក់ទៀត ក៏ត្រូវរថយន្តសាមុយបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា។

បន្ទាប់ពីទទួលដំណឹងខាងលើនេះភ្លាម សមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ចជំនាញខាងចរាចរណ៍ បានចុះមកធ្វើការវាស់វែង រួចយកយានយន្តខូចខាតទាំងសងខាងទៅរក្សាទុកនៅការិយាល័យចរាចណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕