ក្រុមរថយន្តធុនធំជាច្រើនគ្រឿង បានឈប់ចតបិទផ្លូវជាតិលេខ៥ ដោយសារក្រុមហ៊ុនចំណតឡើងថ្លៃ៤ដង
Sokli
-

ខេត្តបន្ទាយមានជ័យ ៖ ក្រុមរថយន្តធុនធំជាច្រើនគ្រឿង បានឈប់ចតបិទផ្លូវជាតិលេខ៥ បង្កការស្ទះចរាចរណ៍អស់ជិត៣ម៉ោង ដោយចោទថាភាស៊ីចំណតរថយន្តយកថ្លៃជាងមុន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចប៉ុស្តិ៍ទារភាស៊ី ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

តំណាងក្រុមរថយន្តធុនធំទាំងនេះបានប្រាប់ថា មូលហេតុដែលពួកគាត់យករថយន្តមកចតបិទផ្លូវបណ្តាលឱ្យស្ទះចរាចរណ៍នេះដើម្បីតវ៉ា នឹងក្រុមហ៊ុនវិនិយោគចំណតរថយន្តក្រុងប៉ោយប៉ែត បានទារភាស៊ីថ្លៃជាងមុនចំនួន២ម៉ឺនរៀល ដែលកាលពីមុនយកតម្លៃតែ៥ពាន់រៀល ។ ដោយសារតែការឡើងថ្លៃចំណតនេះ ទើបពួកគេនាំគ្នាយករថយន្តបិទផ្លូវតវ៉ា និងសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំក្រសួងជំនាញ និងខេត្ត-ស្រុកជួយសម្របសម្រួលពីតម្លៃដើមឡើងវិញ ។

ពួកគាត់បានបញ្ជាក់បន្ថែមថា រយៈពេលកន្លងមកកាលពីក្រុមហ៊ុនវិនិយោគចំណតរថយន្តចាស់ គឺរថយន្ត១គ្រឿងត្រូវបង់ភាស៊ីតែ៥ពាន់រៀល ។ នៅពេលក្រុមហ៊ុនវិនិយោគចំណតរថយន្តថ្មីមកបន្ត បានកំណត់រថយន្ត១គ្រឿង បង់ភាស៊ីតម្លៃ២ម៉ឺនរៀល បែបចង់ស្តារដើមទេដឹង ? ចំពោះការតវ៉ាពេលនេះ គឺសុំឱ្យយកតម្លៃបង់ភាស៊ីដូចដើមវិញ ។

រីឯតំណាងក្រុមហ៊ុនចំណតរថយន្តបានចេញមកបញ្ជាក់ថា នេះជាការអនុវត្តតាមវិក្កយបត្រ ដែលចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់តម្លៃឱ្យក្រុមហ៊ុនវិនិយោគចំណតរថយន្តយកភាស៊ីពីរថយន្ត១គ្រឿង ២ម៉ឺនរៀល គឺដោយសារបញ្ហានេះហើយ ត្រូវបានក្រុមអ្នករថយន្តធុនធំបានយករថយន្តរបស់ខ្លួនទៅឈប់បិទផ្លូវធ្វើការតវ៉ា ។

ទាក់ទងនឹងបញ្ហានេះ លោក គាត ហ៊ុល ដែលជាអភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រោយពីទទួលព័ត៌មានពីការបិទផ្លូវរបស់ក្រុមអ្នកបើករថយន្តធុនធំបានយករថយន្តបិទផ្លូវតវ៉ា ជាការសម្របសម្រួលរបស់អាជ្ញាធរក្រុងនិងមន្ត្រីជំនាញសុំឱ្យក្រុមហ៊ុនវិនិយោគទារភាស៊ីចំណតរថយន្តឱ្យយកតម្លៃដូចដើមវិញ ដោយក្នុង១គ្រឿងចំនួន៥ពាន់រៀល តែពេលនេះសុំឱ្យក្រុមហ៊ុនវិនិយោគពិភាក្សាគ្នាសិននិងជូនដំណឹងនៅពេលក្រោយ ៕