ពិតជាអស្ចារ្យមែន! ក្រៅពីព្រះចន្ទ ឥឡូវឥណ្ឌា បានបញ្ជូនយានមួយទៀតទៅកាន់ភពព្រះអាទិត្យ
Sokli
-

ឥណ្ឌា ៖ ដូចដែលយើងបានដឹងហើយថា កាលពីពេលថ្មីៗនេះឥណ្ឌាបានបាញ់បង្ហោះយានឈ្មោះ Chandrayaan-3 ទៅកាន់ភពព្រះចន្ចដោយជោគជ័យ។

ពេលនេះ យានមួយទៀតរបស់ឥណ្ឌា ដែលមានឈ្មោះថា ADITYA -L1 ជាឈ្មោះរបស់អាទិទេពហិណ្ឌូមួយអង្គតំណាងឲ្យព្រះអាទិត្យ ត្រូវបានបាញ់បង្ហោះចេញពីស្រុីហារីកូតា ជាកោះមួយស្ថិតក្នុងដែនទឹកឈូងសមុទ្របឹងហ្គាល់ កាលពីថ្ងៃទី២ កញ្ញា នៅវេលាម៉ោង១១និង៥០នាទីម៉ោងក្នុងស្រុក។

យាននោះហោះហើរសំដៅទីកាន់ចំណុច LAGRANGE 1 ចម្ងាយប្រមាណជា១,៥លានគីឡូម៉ែត្រពីផែនដី។ ត្រង់ចំណុចនោះអាចឲ្យយាន ADITYA -L1 ស្ថិតក្នុងតារាវិថីដែលអាចពិនិត្យបណ្ដាសកម្មភាពរបស់ព្រះអាទិត្យនិងឥទ្ធិពលរបស់ព្រះអាទិត្យ មកលើឧតុនិយមអវកាស ក្នុងពេលជាក់ស្ដែង ដោយចំណាយប្រេងឥន្ធនៈតិច។

យាននោះបំពាក់ដោយឧបករណ៍វិទ្យាសាស្ត្រ៧ ក្នុងនោះឧបករណ៍៤ និងត្រូវតម្រង់ទៅព្រះអាទិត្យដោយផ្ទាល់ ចំណែកឧបករណ៍ដទៃៗទៀតនឹងសិក្សាលើលំអងធូលីខ្យល់ព្រះអាទិត្យនិងដែនម៉ាញ៉េទិក។

ទិសដៅសំខាន់នៃបេសកកម្មរបស់យាននេះ រួមមានការសិក្សាបរិកាសខ្ពស់នៃព្រះអាទិត្យ និងបាតុភូតព្រះអាទិត្យផ្សេងៗ។ បណ្ដាព័ត៌មានដែលប្រមូលបានដោយយាននេះ នឹងអាចឲ្យគេស្វែងយល់ឧតុនិយមអវកាស ពិសេសរលកម៉ាញ៉េទិកដែលឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យ៕