កោះកុង៖ មន្រ្តីសាខា ក.ប.ប ខេត្តកោះកុង ចុះពិនិត្យ និងបានរកឃើញពពុះសណ្តែកជិត២០គីឡូក្រោម ដែលដាក់លក់នៅផ្សារដងទង់ ក្នុងក្រុងខេរមភូមិន្ទ ខេត្តកោះកុង ដោយសំណាកធ្វើតេស្តបង្ហាញថា សារធាតុបូរ៉ាក់ បង្កឱ្យមានផលប៉ះពាល់ដល់សុខភាព។
តាមប្រភពព័ត៌មាននៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ លោក សាំង សេងឃី ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង បានឱ្យដឹងថា មន្រ្តីជំនាញមកពីរាជធានីភ្នំពេញ និងមន្រ្តីពាណិជ្ជកម្មខេត្ត ចុះពិនិត្យគុណភាពសុវត្ថិភាពទំនិញតាមតូបលក់ដូរក្នុងផ្សារដងទង់ចំនួន១៥កន្លែង ក្នុងនោះគឺបានរកឃើញពពុះសណ្តែកជិត២០គីឡូក្រាមផ្ទុកសារធាតុបូរ៉ាក់ ដែលជាសារធាតុហាមឃាត់។

លោក បន្តទៀតថា ការចុះពិនិត្យគុណភាពចំណីអាហារលើផលិតផលប្រភេទពពុះសណ្តែកនេះ ធ្វើឡើងក្រោមមានស្រ្តីម្នាក់រស់នៅក្នុងខេត្តកោះកុង បង្ហាញសារសម្តែងក្តីបារម្ភពីសុវត្ថិភាពចំណីអាហារកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ អំឡុងពេលគាត់យកពពុះសណ្តែកដែលទិញពីផ្សារត្រាំបម្រុងធ្វើម្ហូបសែនក្បាលទឹក ដោយមើលឃើញពីស្ថានភាពពពុះសណ្តែកនោះហាក់សង្ស័យថាជាកៅស៊ូ។
បើតាមមន្រ្តីជំនាញ ពពុះសណ្កែកពីបណ្តាតូបលក់ដូរចំនួន១៥កន្លែងក្នុងផ្សារដងទង់ គឺរកឃើញថា ពិតជាមានសារធាតុបូរ៉ាក់ វាបង្កឱ្យកើតមានបញ្ហាជំងឺក្រពះពោះវៀន តំរង់នោម ក្អូត ចង្អោរ និងវិលមុខ។ ចំពោះកុមារ បើបរិភោគអាហារបែបដែលមានសារធាតុហាមឃាត់នេះ អាចនឹងបង្កគ្រោះថ្នាក់រហូតដល់ស្លាប់។

ដើម្បីចូលរួមទប់ស្កាត់ទំនិញគ្មានគុណភាព លោកប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង ក៏អំពាវនាវដល់ក្រុមអាជីវករទាំងអស់មេត្តាទិញទំនិញណាដែលមានប្រភពទីតាំងច្បាស់លាស់ មានស្លាកសម្គាល់ និងថ្ងៃខែកំណត់ប្រើប្រាស់ត្រឹមត្រូវ។ ពិសេសនោះ គឺរាល់ពេលផលិតផលណាគប្បីត្រូវមានវិក្កិយបត្រ ករណីផលិតផលមានបញ្ហាងាយស្រួលកំណត់មុខសញ្ញាការនាំចូលទំនិញ។ ពពុះសណ្តែកទំងន់ជិត២០គីឡូក្រាមមានផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវបានមន្រ្តីជំនាញដកហូតយកទៅរក្សាទុកជាភស្តុតាង ដើម្បីបំផ្លាញចោល និងធ្វើកិច្ចសន្យាបញ្ឈប់តាំងលក់ផលិតផលមានផ្ទុកសារធាតុគីមីនេះបន្ត។


មន្រ្តី ក.ប.ប ខេត្តកោះកុង ធ្លាប់យកសំណាកពពុះសណ្តែកដែលសង្ស័យថាជាកៅស៊ូទៅធ្វើតេស្តឡាប៊ូនៅរាជធានីភ្នំពេញ ជាលទ្ធផលមិនមានការសារធាតុកៅស៊ូនោះទេ គឺមានតែសារធាតុបូរ៉ាក់ប៉ុណ្ណោះ។
ក្រុមអាជីវករលក់ដូរក្នុងផ្សារដងទង់ ត្អូញត្អែរប្រាប់មន្រ្តីជំនាញថា ពួកគាត់ពុំអាចដឹងអស់ទេថា ទំនិញណាមានផ្ទុកសារធាតុហាមឃាត់ ព្រោះមិនមានជំនាញ ឬឧបករណ៍សម្រាប់វាស់តេស្តគុណភាព។ ម៉្យាងទៀត ពពុះសណ្តែកខាងលើ ពួកគាត់ទិញលក់បន្តពីឈ្នួញកណ្តាលប៉ុណ្ណោះមិនបានផលិតផលដោយខ្លួនឯងទេ។ តំណាងអាជីវករ គាំទ្រចំណាត់ការពិនិត្យគុណភាពសុវត្ថិភាពចំណីអាហារ ប៉ុន្តែស្នើសុំមន្រ្តីជំនាញចុះពិនិត្យតាមឃ្លាំងទំនិញធំៗ ឬទីតាំងផលិតផល ដោយសារតែពួកគាត់ក៏ជារងគ្រោះដូចពលរដ្ឋដ៏ទៃដែរ៕