ក្រុមហ៊ុនផាសអាប់(PassApp) ទារប្រាក់អ្នករត់កង់បី និងតាក់ស៊ី នៅក្រុងព្រះសីហនុ
Sokli
-

អ្នករត់កង់បី និងតាក់ស៊ី ដែលប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុន ផាសអាប់ ( PassApp ) នៅក្នុងក្រុងព្រះសីហនុជាច្រើនបានលើកឡើងថា ក្នុងពេលដែលស្ថានភាពពិបាករកលុយ បែរជាក្រុមហ៊ុនផាសអាប់ ជំរិតទារលុយរបស់ពួកគេរាប់សិបម៉ឺនរៀល តាមរយៈការដាក់កំហុសមកលើអ្នកបើកបរ ។

បើតាមអ្នករត់តាក់ស៊ីម្នាក់នៅក្នុងក្រុងព្រះសីហនុ ដោយប្រើរថយន្តម៉ាកព្រុស និងបានភ្ជាប់កម្មវិធីហៅមធ្យោបាយធ្វើដំណើររបស់ផាសអាប់ បាននិយាយឱ្យដឹងថា គាត់បានភ្ជាប់កម្មវិធីរបស់ផាសអាប់សម្រាប់ឱ្យភ្ញវហៅតាមរយៈអេបនេះ ។ ក្នុងរយៈប្រមាណជាង១០ថ្ងៃប៉ុណ្ណោះ ស្រាប់តែក្រុមហ៊ុនផាសអាប់បានបិទកម្មវិធីរបស់គាត់ដោយតម្រូវឱ្យគាត់បង់ប្រាក់ចំនួន៩០ម៉ឺនរៀលដើម្បីបើកឱ្យភ្ញៀវអាចកក់ហៅតាក់ស៊ីជិះបាន ។

ប្រភពដដែលបានបន្តថា នៅក្នុងពេលបច្ចុប្បន្ននេះ បើសិនជាយើងមិនភ្ជាប់កម្មវិធី អេបនានារបស់ក្រុមហ៊ុនកក់តាក់ស៊ីទេ យើងមិនងាយរកភ្ញៀវបានទេ ពីព្រោះថាសម័យនេះ ភ្ញៀវគាត់បានបង្កើតអេបដើម្បីហៅអ្នករត់តាក់ស៊ីឬកង់បីដើម្បីជិះ ដូច្នេះយើងក៏បានភ្ជាប់ជាមួយក្រុមហ៊ុនផាសអាប់ ប៉ុន្តែទើបតែប៉ុន្មានថ្ងៃបែរជាក្រុមហ៊ុនផាសអាប់ប្រចាំខេត្តព្រះសីហនុតម្រូវឱ្យពួកយើងបង់លុយ៩០ម៉ឺនរៀល ហើយថាពួកយើងមានកំហុស តែយើងមិនដឹងថានោះជាកំហុសអ្វីទេ ។

អ្នកបើកបរកង់បីមួយរូបសុំមិនបញ្ចេញឈ្មោះ ដើម្បីសុវត្ថិភាពក៏បានលើកឡើងថា រូបគាត់ក៏ត្រូវបានក្រុមហ៊ុនផាសអាប់ប្រចាំខេត្តព្រះសីហនុ បិទកម្មវិធីមិនឱ្យភ្ញៀវហៅចូលដូចគ្នាដែរ ហើយក្រុមហ៊ុនផាសអាប់ក៏បានតម្រូវឱ្យគាត់បង់លុយ៩០ម៉ឺនរៀលដែរ ដើម្បីអាចឱ្យភ្ញៀវហៅចូលវិញបាន។

លោកបាននិយាយថា ការបង់លុយរបស់ក្រុមហ៊ុនផាសអាប់គឺគេមិនតម្រូវឱ្យយកលុយទៅបង់ផ្ទាល់ទេ គឺឱ្យវេរតាមភ្នាក់ងារវេរលុយទៅលេខទូរសព្ទមួយដោយមិនដឹងជាលេខរបស់តំណាងក្រុមហ៊ុនផាសអាប់ក្នុងក្រុងព្រះសីហនុឬក៏ក្រុមហ៊ុនផាសអាប់ធំនោះទេ ។ ហើយចំនួនទឹកប្រាក់៩០ម៉ឺនរៀលនេះ គឺវាច្រើនណាស់សម្រាប់ពួកគាត់ តែដើម្បីអាចរកស៊ីបានគឺត្រូវភ្ជាប់កម្មវិធីដើម្បីឱ្យភ្ញៀវហៅចូលវិញបាន ។ ចំនួនទឹកប្រាក់នេះ គាត់ត្រូវសន្សំទំរាំតែបានដើម្បីវេរទៅបង់ឱ្យក្រុមហ៊ុន ឬក៏អាចខ្ចីបងប្អូនមកបង់ឱ្យក្រុមហ៊ុនសិន រួចហើយក៏រកលុយសងបងប្អូនវិញ ។

ពួកគាត់បានលើកឡើងដូចគ្នាដែរថា ពួកគាត់បានអនុវត្តន៍ទៅតាមកិច្ចសន្យារបស់ក្រុមហ៊ុន ប៉ុន្តែយើងក៏មិនដឹងថាតើកំហុសណាមួយដែលក្រុមហ៊ុនបិទយើង ហើយតម្រូវឱ្យបង់លុយ៩០ម៉ឺនរៀលនេះទេ ។ ក្រុមហ៊ុនថា ចំនួន៩០ម៉ឺនរៀលគឺជាកំហុសលើកទី១ បើមានលើកក្រោយទៀត ទឹកប្រាក់ដែលផាកពិន័យធ្ងន់ធ្ងរជាងនេះ និងអាចប្រឈមបិទជារៀងរហូត ។

បើងាកមកមើលអ្នករត់កង់បីដែលភ្ជាប់ផាសអាប់នៅក្នុងរាជធានីភ្នំពេញ បាននិយាយ តាមពិតពួកគេក៏ធ្លាប់មានកំហុស ហើយក្រុមហ៊ុនបិទដូចគ្នា ។ ប៉ុន្តែពេលទៅបើកវិញ គេមិនតម្រូវឱ្យបង់លុយឡើយ គឺគ្រាន់តែអប់រំណែនាំនិងពន្យល់បន្ថែមប៉ុណ្ណោះ តែបើសិនជាបង់ដល់៩០ម៉ឺនរៀលអីនោះ វាពិបាកណាស់គឺរកមិនបានឡើយ ។

អ្នករត់កង់បី និងតាក់ស៊ីជាច្រើនបានលើកថា កាលពីសេដ្ឋកិច្ចនៅល្អប្រសើរ មានអ្នកដំណើរចេញដើរលេងច្រើន ហើយគេក៏កក់មធ្យោបាយធ្វើដំណើរតាមអេបច្រើន និងអាចរកលុយបានគួរសម ។ ប៉ុន្តែមកដល់ឥឡូវមួយថ្ងៃរកបានត្រឹមតែ៣ម៉ឺនរៀល ថ្ងៃខ្លះបាន៥ម៉ឺនរៀល ពេលខ្លះរកតែ២ម៉ឺនសឹងមិនបានផង គឺពិបាកជាងមុនឆ្ងាយ ប៉ុន្តែនៅពេលយើងមានកំហុសអ្វីមួយស្រាប់តែក្រុមហ៊ុនទារឡើង៩០ម៉ឺនរៀលដែលស្មើនឹងយើងរកមួយខែទៅហើយ ។ ពួកគាត់ស្នើឱ្យក្រុមហ៊ុនផាសអាប់ពិចារណាក្នុងផាកពិន័យដ៏ធ្ងន់ធ្ងរនេះក្នុងពេលសេដ្ឋកិច្ចកំពុងតែពិបាកបែបនេះ ។