សាលក្រមផ្ដន្ទាទោសប្តីប្រពន្ធពីរនាក់ ដាក់ពន្ធនាគារក្នុងម្នាក់កំណត់១០ឆ្នាំ ក្រោយរៀបគំរោងសម្លាប់អតីតសង្សាររបស់ប្រពន្ធ
Sokli
-

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសទៅលើជនជាប់ចោទពីរនាក់ប្តីប្រពន្ធ ដាក់ពន្ធនាគារក្នុងម្នាក់កំណត់១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងអំពើសម្លាប់កាត់ក្បាលជាងចាក់សាក់ ព្រោះតែភ្លើងប្រចណ្ឌ។

ជនជាប់ចោទទាំង២នាក់ខាងលើ ម្នាក់ជាប្តីមានឈ្មោះ ពេជ្រ ជីវ័ន្ត អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិស្ពានជ្រៃ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង និងម្នាក់ទៀតជាប្រពន្ធមានឈ្មោះ ដា យ៉ា អាយុ២៨ឆ្នាំ មុខរបរជាកម្មករសំណង់ដូចគ្នា ស្នាក់នៅចល័តតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ ។

សាលក្រមបានប្រកាសជាសាធារណៈដោយលោក ហុក ពៅ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ចំពោះមុខជនជាប់ចោទ និងមេធាវីការពារក្តី។ ហើយសាលក្រមបានទុកសិទ្ធិឲ្យប្តឹងទាស់ ឬប្តឹងឧទ្ធេណ៍តាមច្បាប់កំណត់ បើសិនជាមិនសុខចិត្តចំពោះការកាត់ក្តីនេះ។

គួររម្លឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុចក្បែរទីតាំងលាងរថយន្តមួយកន្លែង ជិតច្រកចូលផ្សារទំនើបជីបម៉ុង ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជនរងគ្រោះត្រូវបានជនដៃដល់កាប់ចំកំភួនជើងខាងស្តាំ និងកាប់ដាច់ក្បាល បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តឫស្សីសាញ់ ដើម្បីស្រាវជ្រាវស្វែងរកក្រុមគ្រួសារ និងសាច់ញាតិទៅទទួលយក ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុ សមត្ថកិច្ចគ្រប់ជំនាញបានដុតដៃដុតជើងបើកការស៊ើបអង្កេត និងស្រាវជ្រាវអស់រយៈពេលជាងមួយខែ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ដែលកិច្ចប្រតិបត្តិការនោះ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌលោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ពេលចាប់ខ្លួន ជនសង្ស័យឈ្មោះ ពេជ្រ ជីវ័ន្ត បានសារភាពថា «ខ្លួន និងប្រពន្ធពិតជាបានរួមគំនិតគ្នាកាប់សម្លាប់ជនរងគ្រោះដាច់ក្បាលពិតប្រាកដមែន ដោយសារតែភ្លើងប្រចណ្ឌ ព្រោះប្រពន្ធខ្លួនមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយគ្នា ទើបខ្លួនបានរៀបគម្រាងឱ្យប្រពន្ធអន្ទងហៅជនរងគ្រោះមកជួប ដើម្បីសម្លាប់តែម្ដង»។

ជនជាប់ចោទបានសារភាពទៀតថា «ជនរងគ្រោះមានឈ្មោះ យ៉ាន់ រី ហៅ ខ្មៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរជាជាងចាក់សាក់ មានទីលំនៅភូមិណូយអូរ ឃុំង៉ាន់យឿន ស្រុកហុងយ៉ឹន ខេត្តបាក់លាវ (កម្ពុជាក្រោម) ប្រទេសវៀតណាម»។

គួរបញ្ជាក់ថា ជនរងគ្រោះធ្លាប់ជាអតីតសង្សារជាមួយជនសង្ស័យឈ្មោះ ដា យ៉ា ប៉ុន្តែក្រោយមក ពួកគេក៏បែកបាក់គ្នា ហើយជនសង្ស័យឈ្មោះ ដា យ៉ា ក៏ទៅទំនាក់ទំនងស្នេហាស្រឡាញ់ឈ្មោះ ពេជ្រ ជីវ័ន្ត ធ្វើជាប្តី។ ក្នុងខណៈពួកគេទាំង២នាក់បានចាប់ដៃគ្នាក្លាយទៅជាប្តីប្រពន្ធយ៉ាងណាក្តី ប៉ុន្តែអតីតកាលរវាងជនរងគ្រោះ និងជនសង្ស័យធ្លាប់ជាសង្សារចាស់ នៅតែលបលួចស្កាត់ជួបគ្នាម្តងម្កាល និងញឹកញាប់ ជាហេតុធ្វើឲ្យជនសង្ស័យជាប្តីកើតក្តីប្រចណ្ឌ ទើបរៀបគំរោងសម្លាប់អតីតសង្សាររបស់ប្រពន្ធចោលតែម្តងទៅ ដើម្បីកុំឲ្យដំប៉ៅទ្រូងតទៅទៀត៕