ប្រទះឃើញ ឡានព្រូស១គ្រឿង ត្រូវជនមិនស្គាល់មុខបើកយកទៅប្លុងចោល ផ្អើលដល់អ្នកភូមិទាំងព្រឹក
Sokli
-

ភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាព្រូសអត់ស្លាកលេខ១គ្រឿង ត្រូវបានជនមិនស្គាល់មុខបើកយកទៅប្លុងចោល ហើយអ្នកភូមិក៏បានរាយការណ៍ជូនកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ឲ្យចុះទៅពិនិត្យមើលនិងនាំយកទៅរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់និងមូលហេតុដែលយករថយន្តប្លុងចោលបែបនេះ។

ជនមិនស្គាល់មុខបានបើកយករថយន្តនោះទៅប្លុងចោលនៅតាមផ្លូវលំកែងផ្លូវជាតិលេខ៣ ភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបានអ្នកភូមិរាយការណ៍ជូននគរបាលឲ្យទៅពិនិត្យមើលនិងនាំយកទៅរក្សាទុកកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។

តាមប្រភពពីអ្នកភូមិបានប្រាប់ថា រថយន្តមួយគ្រឿងខាងលើនោះម៉ាកតូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៥ ពណ៍ក្រហមអត់មានស្លាកលេខនោះទេ ហើយពួកគាត់ពុំបានដឹងថានរណាជាអ្នកបើកយកទៅប្លុងចោលត្រង់ចំណុចខាងលើនោះ និងតាំងពីពេលណានោះឡើយ។ ដោយឡែកពួកគាត់ប្រទះឃើញនៅវេលាម៉ោង៨យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ហើយនៅពេលប្រទះឃើញភ្លាមៗនោះ ពួកគាត់ពុំបានចាប់អារម្មណ៍ថា ជារថយន្តដែលត្រូវជនមិនស្គាល់មុខយកទៅប្លុងចោលបែបនេះឡើយ។

ប្រភពដដែលបានបន្តទៀតថា នៅខណៈនោះពួកគាត់នឹកស្មានថា វាជារថយន្តរបស់អ្នកដំណើរទៅឈប់នៅទីនោះជាធម្មតាប៉ុណ្ណោះ ទើបពុំបាននាំគ្នាតាមដានឬឃ្លាំមើលអ្វីទេ ហើយក៏ចូលដេករៀងៗខ្លួន។ លុះដល់វេលាម៉ោង៨ព្រឹកថ្ងៃទី៣ ខែសីហា នៅតែពុំឃើញមានម្ចាស់ទៅយកចេញទៀត ទើបពួកគាត់រាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី២ឲ្យចុះទៅពិនិត្យមើលនិងនាំយកទៅរក្សាទុកនៅប៉ុស្តិ៍ ។

នគរបាលបាននិយាយថា ក្រោយពីទទួលបានដំណឹងពីអ្នកភូមិខាងលើថាប្រទះឃើញរថយន្ត១គ្រឿងត្រូវជនមិនស្គាល់មុខយកទៅប្លុងចោលបែបនេះ កម្លាំនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅពិនិត្យមើលរថយន្តនិងពិនិត្យជុំវិញទីតាំងនោះភ្លាមៗ រួចបាននាំយករថយន្តខាងលើទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់និងមូលហេតុដែលយករថយន្តប្លុងចោលបែបនេះ ៕