រាជធានីភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ បានបង្ហាញមុខក្រុមជនសង្ស័យ២នាក់ ដែលប្រើដាវកែច្នៃភ្ជង់ជនរងគ្រោះប្លន់យកម៉ូតូអ្នកដឹកម្ហូបអាហារ នៅចំណុចផ្តុំដើមប្រេងខ្យល់ ស្ថិតនៅ កាំកូស៊ីធី ផ្លូវលេខ១០០៣ ក្រុមទី៩ ភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៩និង០៥នាទី មានករណីអំពើប្លន់យកម៉ូតូ ត្រង់ចំណុចម្ដុំ ដើមប្រេងខ្យល់ ស្ថិតនៅកាំកូស៊ីធី ផ្លូវលេខ១០០៣ ក្រុមទី៩ ភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បង្កឡើងដោយជនសង្ស័យចំនួន២នាក់ មានឈ្មោះ ជី សុបញ្ញារិទ្ធ និងឈ្មោះ រ៉ាយ រ៉ាវុធ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ក្នុង គោលបំណងចេញធ្វើសកម្មភាពលួច ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ឃើញជនរងគ្រោះឈប់ម៉ូតូឈរនោមតែម្នាក់ឯង ដោយមានសភាពស្ងប់ស្ងាត់ ជនសង្ស័យទាំង២នាក់ ក៏បានឈប់ម៉ូតូក្បែរកន្លែងកើតហេតុ រួចឱ្យជនសង្ស័យឈ្មោះ រ៉ាយ រ៉ាវុធ ជិះម៉ូតូទៅមុនចំណែកឯជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ យកដាវកែច្នៃដែលលាក់ទុកក្នុងកែបម៉ូតូកាន់ដើរទៅភ្ជង់ក ជនរងគ្រោះឈ្មោះ សាក់ ពិសី គំរាមប្លន់យកម៉ូតូ។ ដោយមានការភ័យខ្លាចជនរងគ្រោះក៏បានរត់គេចខ្លួនចេញ ភ្លាមនោះជនសង្ស័យក៏បានយកម៉ូតូជនរងគ្រោះជិះគេចខ្លួន ពេលនោះជនរងគ្រោះក៏បានរត់ដេញតាមពីក្រោយ និងស្រែកថាចោរៗ ផ្អើលឆោឡោ ពេលអ្នកធ្វើដំណើរតាមផ្លូវឃើញក៏ជួយដេញតាមតែដេញមិនទាន់ ជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។
វត្ថុតាងដកហូតម៉ូតូ១គ្រឿង ម៉ាក ធូដេ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1AC-7327 ។ ជនរងគ្រោះឈ្មោះ សាក់ ពិសី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ១៦E២ ផ្លូវបេតុង ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ម៉ូតូដែលជនសង្ស័យប្លន់យកទៅនោះម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1IN-8015។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងបានស្នើសុំការសហការពីជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវក្នុងរយៈពេល៤ថ្ងៃ សមត្ថកិច្ចបានកំណត់អត្តញ្ញាណជនស្ស័យបាន និងឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានត្រង់ចំណុច ផ្លូវលេខ១០០៣ ក្រុមទី៩ ភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣និង៣០នាទី ព្រមទាំងដកហូតម៉ូតូ១គ្រឿង ម៉ាក ធូដេ ពណ៌បៃតង។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ បន្ទាប់ពីធ្វើសកម្មភាពបានសម្រេច រូបគេបានយកម៉ូតូទៅលក់ ឱ្យបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដែលឈរនៅលើចិញ្ចើមផ្លូវម្តុំផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន៧០០ដុល្លា ហើយបានយកមកចែកឱ្យជនសង្ស័យឈ្មោះ រ៉ាយ រ៉ាវុធ ចំនួន៣០០ដុល្លារ នាំគ្នាស៊ីចាយ និងប្រើប្រាស់គ្រឿងញៀនអស់។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យទាំង២នាក់ខាងលើ គឺជាមុខសញ្ញាសកម្ម និងមិនរាងចាលកន្លងមកជនសង្ស័យឈ្មោះ ធី សុ បញ្ញារិទ្ធ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ចាប់ឃាត់ខ្លួនបានពាក់ព័ន្ធធ្វើសកម្មភាពលួចម៉ូតូ ប្រព្រឹត្តនៅសង្កាត់ទួលសង្កែទី១ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីបង្គាប់ឱ្យឃុំខ្លួន លេខ៤៨៣០ “ខ”ដ.ឃ. ដ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ “លួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តត្រង់ចំណុចក្រោមជណ្តើរបន្ទប់ជួល ស្ថិតនៅ ផ្លូវលំ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បង្គាប់ឱ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ ទី១(ម១)។
តាមចម្លើយរបស់ជនសង្ស័យទាំង២នាក់ ជនសង្ស័យ ឈ្មោះ ធី សុបញ្ញារិទ្ធ ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូចំនួន២លើក ជាប់ពន្ធនាគារចំនួន១លើក រីឯជនសង្ស័យឈ្មោះ រ៉ាយ រ៉ាវុធ ធ្លាប់ធ្វើសកម្មភាពលួច និងជាប់ពន្ធនាគារចំនួន១លើក។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងដកហូតម៉ូតូ១គ្រឿង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំបំភ្លឺ និងកសាងសំណុំរឿងពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕