អត្ថបទគួរយល់ដឹង! អាជ្ញាធរជាតិអប្សរាជូនដំណឹង រាល់ការថតក្នុងគោលបំណងមិនបម្រើឱ្យអាជីវកម្ម ក្នុងរមណីយដ្ឋានអង្គរ តម្រូវឱ្យដាក់ពាក្យស្នើសុំ តែមិនត្រូវបង់ប្រាក់
សីហា
-

អាជ្ញាធរជាតិអប្សរា ជូនដំណឹងដល់សាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ទាំងអស់ពីគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរា បាន្យដឹងថា ក្នុងគោលដៅបង្កភាពងាយស្រួលជូនដល់សាធារណជន ជាភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ទាំងអស់ អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬ រូបភាពសន្លឹក នៅក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម៖

ក. រាល់ការថតក្នុងគោលបំណងបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ និងត្រូវបង់ប្រាក់ ដែលរួមមាន ដូចជា៖

១-ការថតភាពយន្តខ្នាតធំ-តូចគ្រប់ប្រភេទ។

២-ការថតវីដេអូ និងរូបភាពសន្លឹក ដើម្បីផលិតចម្រៀងកាយវិការ, កម្មវិធីកម្សាន្ត, វីដេអូឯកសារ, ស្បតពាណិជ្ជកម្ម, សៀវភៅមគ្គុទ្ទេសក៍, ការបោះពុម្ពកាតាឡុក និងទស្សនាវដ្តី ជាដើម សម្រាប់ ការផ្សព្វផ្សាយ ទាំងលក្ខណៈក្នុងស្រុក និងអន្តរជាតិ។ និង

៣-ការថតវីដេអូ និងរូបភាពសន្លឹក ដោយឧបករណ៍ដូន។

ខ. រាល់ការថតក្នុងគោលបំណងមិនបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ តែមិនត្រូវបង់ប្រាក់ ដែលមានដូចជា ការថតរបស់អង្គភាពសារព័ត៌មានផ្លូវការ ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណង ផ្សព្វផ្សាយ។

គ. រាល់ការថតទាំងឡាយណាដែលមិនមានចែងក្នុងចំណុច (ក) និង (ខ) ខាងលើ មិនតម្រូវឱ្យដាក់ពាក្យ ស្នើសុំ និងមិនចាំបាច់ត្រូវបង់ប្រាក់ ដោយរាប់បញ្ចូលទាំងការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គម (Facebook, Youtube, Tiktok…) ដោយទូរសព្ទដៃ ឬម៉ាស៊ីនថតផ្ទាល់ខ្លួននានា និងការថតរូបក្នុងសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ឬសម្លៀកបំពាក់ប្រពៃណីជាតិ ឬអន្តរជាតិ សម្រាប់ការចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន៕