កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន អិន ស៊ី អិច បានដឹកនាំគណៈប្រតិភូ យកថវិកាចំនួនសរុប ២៥០,០០០,០០០រៀល បរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកា ២៥០,០០០,០០០រៀលនេះ គឺជាចំនួនទឹកប្រាក់សរុបដែលក្រុមហ៊ុនទទួលបាន បន្ទាប់ពីការដាក់ដំណើរការយុទ្ធនាកាកៀរគរថវិកា ២៥,០០០រៀលក្នុងម៉ូតូគ្រឿង ពីការលក់ម៉ូតូហុងដារយៈពេល២៥ថ្ងៃ នៅ២៥ខេត្តរាជធានីក្រុងនៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសគម្រប់ខួបលើកទី25ឆ្នាំ ក្រុមហ៊ុន NCX បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដ៏យូរអង្វែងជួយដល់សង្គមតាមរយៈយុទ្ធនាការបរិច្ចាគថវិកា ២៥,០០០រៀល ក្នុងមួយគ្រឿងពីការលក់ម៉ូតូហុងដាឌ្រីមស៊េរីថ្មី ក្នុងរយៈពេល២៥ថ្ងៃ ទូទាំងរាជធានី-ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា គ្រប់តំណាងចែកចាយម៉ូតូហុងដាទាំងអស់។ គំនិតផ្តួចផ្តើមនេះនឹងជួយផ្តល់ថវិកាដល់ការព្យាបាលកុមារកម្ពុជា ដោយធានាថាពួកគេទទួលបានការថែទាំដែលពួកគេសមនឹងទទួលបាន។
លោកបេនកៀស្រ៊ីថានាកន ប្រធានក្រុមហ៊ុន អិនស៊ីអិច បានលើកឡើងថា ក្រុមហ៊ុនពិតជាអរគុណយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាដែលតែងតែផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុនហើយបានបន្តដំណើរជាមួយខ្លួនអស់រយៈពេល២៥ឆ្នាំមកនេះ ហើយចក្ខុវិស័យរបស់ក្រុមហ៊ុន អិន ស៊ី អិច គឺនៅតែជាក្រុមហ៊ុនដែលផ្តល់មធ្យោបាយធ្វើដំណើរឈានមុខគេបង្អស់ និងក្លាយជាអាជីវកម្មដែលប្រជាជនកម្ពុជាពិតជាចង់បាន។
ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន : NCXHONDA.COM