ភ្នំពេញ ៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ដែលរត់ចេញពីផ្ទះ ហើយសរសេរបណ្តាំនោះ ពេលនេះត្រូវនគរបាលរកឃើញវិញហើយ នេះយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឱ្យដឹង នៅវេលាថ្ងៃត្រង់ថ្ងៃ១២ខែមីនា ឆ្នាំ២០២៥ ។សូមបញ្ជាក់ថា ក្មេងស្រីម្នាក់អាយុ១២ឆ្នាំ ដែលរត់ចេញពីផ្ទះរស់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

សូមរំឭកថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១និង១២នាទីរសៀល ក្មេងស្រីម្នាក់ឈ្មោះ រុណ ចន្ទរស្មី អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៨C2 វិទ្យាល័យបាក់ទូក បានរត់ចេញពីផ្ទះ ធ្វើឲ្យអាណាព្យាបាលព្រួយបារម្ភ និងរាយការណ៍ទៅនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ដើម្បីឲ្យជួយស្រាវជ្រាវយកកូនត្រឡប់មកផ្ទះវិញ ។

តាមការបញ្ជាក់អះអាងរបស់អ្នកស្រី សេក ស៊ុនណារី អាយុ៧២ឆ្នាំ ដែលជាជីដូនថា មូលហេតុដែលចៅស្រីគាត់ចេញពីផ្ទះ ដោយសារខឹងម្ដាយស្ដីបន្ទោសថាអត់ដែលចូលសាលារៀន និងបានបន្សល់ទុកសំបុត្រ១សន្លឹកមានខ្លឹមសារថា «ម៉ែមិនបាច់ដើររកខ្ញុំទេ ខ្ញុំចេញពីផ្ទះហើយ ខ្ញុំហត់ពេកហើយ» ។

មន្ត្រីនគរបាលឱ្យដឹងថា សមត្ថកិច្ចបានទៅដល់វិទ្យាល័យបាក់ទូក ជួបនឹងអ្នកគ្រូប្រចាំថ្នាក់និងបានបញ្ជាក់ថា សិស្សឈ្មោះ រុណ ចន្ទរស្មី មិនដែលចូលរៀនទេ អវត្តមានជាញឹកញាប់ ទើបគាត់ផ្តល់ព័ត៌មានប្រាប់អាណាព្យាបាល ។ ទោះបីជាបែបណា នៅម៉ោងប្រហែល១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញក្មេងស្រីខាងលើនៅផ្ទះមិត្តភក្តិ ហើយបាននាំទៅប្រគល់ឲ្យឪពុកម្ដាយវិញហើយ ៕ ប្រភព៖ Reth Mony
