ឧបនាយករដ្ឋមន្ត្រីថៃបាននិយាយថា លោកនៅតែមានក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតពីគំនរបាក់បែកនៃអគារដែលបានដួលរលំអំឡុងពេលរញ្ជួយដីកាលពីថ្ងៃសុក្រកន្លងទៅនេះ ប៉ុន្តែលោកបាននិយាយថារហូតមកដល់យប់ថ្ងៃអាទិត្យទៅហើយនៅឡើយមិនទាន់រកឃើញមនុស្សរស់បានបន្ថែមទៀត។




លោក Anutin Charnvirakul បានចុះទៅពិនិត្យមើលការដ្ឋានក្រុមការងារជួយសង្រ្គោះដើម្បីពិនិត្យមើលពីវឌ្ឍនភាពការងារបន្ថែម ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់ឧបករណ៍គ្រឿងចក្រធុនធ្ងន់ដើម្បីទាញបំណែកកំទេចកំទីដែលបាក់កប់កម្មករនៅក្នុងសំណង់មួយនេះដែលស្ថិតនៅជិតផ្សារ Chatuchak ដ៏ពេញនិយមរបស់ទីក្រុងដែរ។



គ្រោះរញ្ជួយដីកម្រិត៧.៧ រ៉ិចទ័រ បានវាយប្រហារនៅវេលារសៀលថ្ងៃសុក្រ ដោយចំណុចកណ្តាលរញ្ជួយជិតទីក្រុង Mandalay របស់ប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យអគារជាច្រើនខ្នងដួលរលំ និងបានសម្លាប់មនុស្សអស់ជាង១៦០០នាក់ហើយ។ លោក Anutin ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃផងបានមានប្រសាសន៍ថា "ខ្ញុំមិនអាចនិយាយពីអារម្មណ៍ពិតប្រាកដរបស់ខ្ញុំបានទេនៅពេលនេះ ប៉ុន្តែយើងកំពុងធ្វើការងារយ៉ាងស្វិតស្វាញប្រជែងជាមួយនឹងពេលវេលា ដើម្បីទាញមនុស្សដែលកប់នៅខាងក្រោមអគារនេះឲ្យបានឆាប់ដែរ ដោយក្រុមការងារប្តេជ្ញាចិត្តដូចគ្នាគឺត្រូវតែប្រឹងប្រែងដើម្បីស្វែងរកមនុស្សនៅមានជីវិតឲ្យអស់លទ្ធភាព។


លោកបានថ្លែងថា៖ «ទោះបីថ្ងៃអាទិត្យនេះយើងមិនបានស្វែងរកឃើញអ្នកនៅរស់រានមានជីវិតមែនទេ» ប៉ុន្តែយើងនៅមិនទាន់អស់សង្ឃឹមនៅឡើយទេ គ្រាន់តែបើពេលាកាន់តែរំកិលទៅមុខ ទោះមនុស្សនៅរស់ ក៏អានស្លាប់បានដែរ ប្រសិនបើយើងរកពួកគេមិនឃើញទាន់ពេលនោះ។

មកដល់ពេលនេះសពមនុស្សជាកម្មករ១១នាក់ ត្រូវទាញចេញពីសំណង់អគារបាក់ស្រុត State Audit ហើយមនុស្សសរុបស្លាប់ក្រោមអគារនេះកើនដល់១៨នាក់ បាត់ខ្លួន៧៧នាក់ ដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ ហើយមកដល់ពេលនេះនៅកន្លែងកើតហេតុផ្ទាល់គឺមានក្រុមជួយសង្រ្គោះដែលបញ្ជូនមកពីសហរដ្ឋអាមេរិក និង ប្រទេសមួយចំនួនជាមួយទៀតជាមួយនឹងសម្ភារៈទំនើបៗ សុនខហិតក្លិនពិសេស K9 និង សុនខយន្តជាដើមដើម្បីជួយស្វែងរកដល់រដ្ឋាភិបាលថៃផងដែរ៕