តាសក់សភ្នំត្បែង បង្ហោះសារបកស្រាយ ក្រោយត្រូវគេចោទប្រកាន់ជាច្រើនរឿងជាពិសេសរឿង លួចម៉ូតូគេជិះទៅភ្នំត្បែង...
Heang
-

ជឿជាក់ថាមានប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយទៅលើរឿងរ៉ាវរបស់ តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាគឺអ្នកនាង មាស សុខសោភា ជាមួយនិង អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្វារវង្ស ហៅ លោកតាសក់សភ្នំត្បែង ដែលទើបតែផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ។ 

យ៉ាងណាមិញអ្វីដែលគួរឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតនោះគឺនៅមុននេះបន្តិច តាសក់សភ្នំត្បែង បានបង្ហោះសារបកស្រាយយ៉ាងវែងអន្លាយនៅលើបណ្តាញសង្គមពីបទចោទប្រកាន់នាៗពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដោយលោកបានលើកឡើងដូច្នេះថា ៖ « ដៃស្តាំរបស់ខ្ញុំ ត្រូវបាត់បង់ទាំងស្រុងដោយសារតែសង្រ្គាមនៅក្នុងសមរភូមិស្វាយចេកក្នុងអំឡុងឆ្នាំ១៩៨៩ ព្រោះតែការពារជាតិ ការពារទឹកដី ការពារជនប្រុសស្រីទាំងឡាយឱ្យរួចចាកផុតពីការភិតភ័យកន្លងមក។ 

រឿងរបស់ខ្ញុំអស់ពីលុយម្ភៃបីម៉ឺន ឥឡូវខ្ញុំត្រូវគេចោទប្រកាន់ថាជាចោរលួចយកម៉ូតូគេរត់ទៅភ្នំត្បែង គេចោទយើងថារកសុីគ្រឿងញៀន មិនត្រឹមតែប៉ុណ្ណោះ ពួកគេបែរជួលមនុស្សមកសម្តែងដើម្បីទំលាក់កំហុសមកលើរូបយើងដោយគ្មានក្តីពិចារណា យើងចង់ដឹងណាស់ថា តើនៅលើលោកនេះ មានជនពិកាដៃស្តាំណាដែលអាចបើកម៉ូតូដៃឆ្វេងបានទេ? ហ្គែម៉ូតូនៅខាងស្តាំ ហើយខ្ញុំត្រូវពិកាដៃស្តាំទាំងស្រុង តើមានជនពិកាដៃស្តាំណា ដែលអាចបើកម៉ូតូដៃឆ្វេងបាន តើមានជនពិកាដៃស្តាំណាដែលអាចលេងហ្គីតាដៃមួយចំហៀងបានទេ? តើយកដៃណាចាប់ខ្ទង់ ដៃណាកេះហ្គីតា? ហេតុអីលោកទាំងឡាយ នាំគ្នាមកចោទប្រកាន់ទំលាក់កំហុសមកលើយើងបែបនេះទៅវិញ? យើងមិនបានរត់គេចខ្លួនទៅណាទេ យើងរង់ចាំអ្នកច្បាប់ចេញដីកាកោះហៅទៅបំភ្លឺគ្រប់ពេល។ ខ្ញុំមិនបានរត់គេចពីសច្ចធម៌នោះទេ? 

សង្ឃឹមថា អស់លោកអ្នកមានបុណ្យគ្រប់រូបតាមបណ្តាស្ថាប័នរដ្ឋ ដែលមានតួរនាទីដឹកនាំផ្លូវលោក មេត្តាជួយស្រាវជ្រាវ រកការពិត រកយុត្តិធម៌ដល់រូបខ្ញុំផងទៅចុះ។ ម្នាក់ៗនាំគ្នាយករូបថតយើងតាំងពីអតីតកាលមុនពេលបួស មកធ្វើជាបច្ចុប្បន្នភាពដើម្បីបំពុលសង្គម មិនត្រឹមតែប៉ុណ្ណោះចោទយើងថាជាគ្រូអាគមន៌ យើងសូមជំរាបទៅលោកទាំងឡាយថា ការបដិបត្តិធម៌របស់យើងក្នុងពេលកំពុងបួស គឺយើងយកតែការសមាធិជាគោល ក្នុងការឈ្វេងយល់ធម៌ប៉ុណ្ណោះ មិនបានរៀនវិជ្ជាតិរច្ឆានណា ដែលនាំឱ្យប៉ះពាល់ដល់សតិបញ្ញារបស់មនុស្សឡើយ។ យើងមិនចង់និយាយអ្វីច្រើនទេ បើខ្ញុំនៅតែប្រព្រឹតអំពើល្អ មានគុណធម៌ ដូច្នេះសច្ចធម៌នៅតែជាអាវុធការពារយើងជានិច្ច» ៕