លោកTrump៖ រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាភ្លាមៗស្តីពីបទឈប់បាញ់ ក្រោយជួបលោកPutin តាមទូរស័ព្ទ...
Heang
-

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ១៩ ឧសភា ថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចាភ្លាមៗ ឆ្ពោះទៅរកបទឈប់បាញ់ និងការបញ្ចប់សង្រ្គាមមានរយៈពេលបីឆ្នាំដែលការលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីលោកបានជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

ក្នុងការប្រកាសនៅលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា លោកបានបញ្ជូនបន្តផែនការសម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏ដូចជាមេដឹកនាំនៃសហភាពអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់ ក្នុងការហៅទូរស័ព្ទជាក្រុមបន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយលោក Putin។

លោក Trump បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចាភ្លាមៗ ឆ្ពោះទៅរកបទឈប់បាញ់ ហើយសំខាន់ជាងនេះទៅទៀត គឺការបញ្ចប់សង្រ្គាម ។ក្រោយមកនៅឯសេតវិមាន លោកបានបន្ថែម លោកគិតថាវឌ្ឍនភាពខ្លះកំពុងត្រូវបានបង្កើតឡើងហើយ។

បន្ទាប់ពីបាននិយាយទៅកាន់លោក Trump លោក Putin បាននិយាយថាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមគឺ ស្ថិតនៅលើផ្លូវត្រឹមត្រូវ ហើយថាទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអ៊ុយក្រែនលើកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ។

លោក Putin បានប្រាប់អ្នកសារព័ត៌មាននៅជិតរមណីយដ្ឋានសមុទ្រខ្មៅ Sochi ថា ពួកលោកបានយល់ព្រមជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកថា រុស្ស៊ីនឹងស្នើ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីអ៊ុយក្រែនលើអនុស្សរណៈស្តីពីលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត៕ BAYON Radio News