(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានត្រៀមគ្រែជាង៣០០គ្រែ ត្រូវនឹង ២អគារ បន្ទាប់ពីនៅកម្ពុជាយើងរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron)។

នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងថា «បន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងបានរៀបចំគ្រែជាង ៣០០គ្រែ ត្រូវនឹង២អគារ និងបានដាក់នូវឧបរណ៍សម្ភារៈរួចជាស្រេចផងដែរ»។
លោកបានបន្តថា មកទល់នឹងពេលនេះ នៅកម្ពុជាយើងមិនទាន់មានអ្នកជំងឺកូវីដ១៩ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ តែទោះជាយ៉ាងណា គឺយើងត្រូវត្រៀមលក្ខណៈជាស្រេចនេះ ហើយបើក្នុងករណីមានអ្នកជំងឺច្រើន
យើងក៏មានគ្រែថ្មីៗរាប់ពាន់ ក៏ដូចជាសម្ភារគ្រប់គ្រាន់ សម្រាប់សង្គ្រោះជានិច្ច»។

មកទល់នឹងពេលនេះ ករណីផ្ទុះរាលដាលជំងឺកូវីដ១៩ បានផ្ទុះឡើងវិញនៅតាមបណ្តាប្រទេស រួមទាំងប្រទេសជិតខាងផងដែរ។
ដោយហេតុដូច្នេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ តាមរយៈលិខិតរបស់ក្រសួងសុខាភិបាល បានប្រាប់ឲ្យនាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធ បានជំរុញឱ្យមានការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥ ។

លិខិតរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដោយរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមក, ដូចនេះដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្មី ក្រសួងសុខាភិបាល សូមណែនាំដល់នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង រាល់៦ខែម្តងតាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩ ជាពិសេសសូមលើកទឹកចិត្តមកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី សម្រាប់ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះជាដើម ដូចខាងក្រោម៖
១៖ ផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព។
២៖ ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋាន៕



