រដ្ឋមន្ត្រីកសិកម្មជប៉ុន លោក Taku Eto បាននិយាយនៅថ្ងៃពុធនេះថា លោកបានដាក់លិខិតលាលែងពីតំណែងរួចហើយ ដោយសារការនិយាយមិនសមរម្យអំពីការទិញអង្ករ ដែលបានធ្វើឱ្យសាធារណជនខឹងសម្បា។

ទីភ្នាក់ងារព័ត៌មាន AP ចុះផ្សាយថា លោក Eto បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បានទទួលយកសំណើសុំលាលែងនេះហើយ។
លោក Eto បានរងការរិះគន់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីលោកបាននិយាយថា លោកមិនចាំបាច់ទិញអង្ករទេ ដោយសារអំណោយពីអ្នកគាំទ្ររបស់លោក ហើយលោកថែមទាំងអាចលក់អង្ករទាំងនោះបានទៀតផង។
ការលើកឡើងបែបនេះបានបង្កឱ្យមានការខឹងសម្បាជាសាធារណៈ ខណៈដែលពលរដ្ឋអ្នកប្រើប្រាស់កំពុងជួបការលំបាកដោយសារតែកង្វះអង្ករ និងតម្លៃអង្ករកើនឡើងខ្ពស់។
កំហុសរបស់លោក អេតូ និងការលាលែងពីតំណែងនេះអាចបង្កផលប៉ះពាល់បន្ថែមទៀតដល់រដ្ឋាភិបាលភាគតិចរបស់លោកនាយករដ្ឋមន្ត្រី Ishiba ដែលបច្ចុប្បន្ននេះកំពុងតស៊ូ និងកំពុងបាត់បង់ការគាំទ្រពីសាធារណជន៕ AP, Japantimes