អាជ្ញាធរខេត្តព្រះវិហារបានសម្រេចជម្លៀសពលរដ្ឋចេញពីភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅទីកន្លែងសុវត្ថិភាព នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីស្ថានការណ៍ព្រំដែនកំពុងកើនកម្ដៅ។

ពលរដ្ឋដែលត្រូវជម្រៀសមានចំនួន៧៥គ្រួសារ មានចំនួន២៤១នាក់ (ស្រី ១២១នាក់) ទៅស្នាក់នៅចំណុចទីធ្លាមណ្ឌលសុវត្ថិភាពតាកឹង ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការគាំទ្រសម្ភារៈ និងអាហារពីកាកបាទក្រហមកម្ពុជា និងមន្ទីរសង្គមកិច្ចខេត្តផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថានៅកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា នេះ មានហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជាកើតឡើងនៅនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមក្រសួងការពារជាតិ គឺ កងទ័ពថៃ ជាអ្នករឮបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្ដាលឲ្យយោធិន សួន រោន បាត់បង់ជីវិត។
