ឧកញ៉ា ម៉ុង ឫទ្ធី ស្នើឱ្យរាជរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យគុណភាពការនាំចូលជីកសិកម្ម, ពូជសត្វ និងពូជឈើហូបផ្លែ មកកាន់ប្រទេសកម្ពុជា
Heang
-

(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា ​និងជាសេដ្ឋីក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងអង្គសមាជរដ្ឋសភា​ និងព្រឹទ្ធសភា បានថ្លែងស្នើដល់រាជរដ្ឋាភិបាល ពង្រឹងការត្រួតពិនិត្យគុណភាពជីកសិកម្មដែលនាំចូល, ពង្រឹងការនាំចូលពូជសត្វ និងពង្រឹងការនាំចូលពូជឈើហូបផ្លែផងដែរ ដើម្បីជៀសវាង កុំឱ្យកសិករយើងរងការខាតបង់។

ឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងថា ការធ្វើកសិកម្មសំខាន់ត្រូវការ ជី ពូជ ទឹក ដីដែលមានជីជាតិ ប៉ុន្តែបើសិនជាដីមិនល្អ យើងអាចកែប្រែដីនោះ ឱ្យមានជីជាតិបាន ដោយប្រើប្រាស់ជី។

ពាក់ព័ន្ធបញ្ហាជីកសិកម្មនេះ លោកឧកញ៉ាបានសំណូមពរដល់រាជរដ្ឋាភិបាល មេត្តាជួយត្រួតពិនិត្យគុណភាព ការនាំចូលជី ធ្វើយ៉ាងកុំឱ្យមានការនាំចូលជី ដែលគ្មានគុណភាព យកមកលក់ឱ្យកសិករ ធ្វើឱ្យពួកគាត់ប្រើប្រាស់ទទួលផលបានតិច តម្លៃផលិតខ្ពស់។

លោកឧកញ៉ាក៏បានស្នើឱ្យរាជរដ្ឋាភិបាល ពង្រឹងការត្រួតពិនិត្យការនាំចូលពូជសត្វ និងពូជឈើហូបផ្លៃ ពិសេសការនាំចូលពីប្រទេសជិតខាត ព្រោះថាពូជឈើហូបផ្លៃខ្លះ គេឈប់ប្រើទៅហើយ គេនាំចូលមកលក់ឱ្យកសិករយើង ដោយសារគេមិនចង់ឱ្យយើងទទួលបានទិន្នផលច្រើនទេ ដើម្បីគេអាចនាំចូលបន្លែផ្លែឈើរបស់គេមកលក់ឱ្យយើង។

លោកសង្កត់ធ្ងន់ថា «ពេលខ្លះបន្លែផ្លែឈើមានគីមីទៅទៀត យើងហូបហើយទៅដេកពេទ្យស្រុកគេក៏ថាបានដែរ។ អីចឹងយើងក៏ខិតខំពង្រឹងការផលិតពូជ ដោយខ្លួនឯង»។

ជាមួយគ្នានេះ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេស និងវិស័យកសិកម្ម តាំងពីគ្មានអ្វីហូប រហូតដល់អាចនាំចេញបាន ហើយពេលខ្លះផលិតបានច្រើន រហូតពិបាករកទីផ្សារនាំចេញថែមទៀត៕ ប្រភព ៖ Fresh News