ថៃ ៖ សារព័ត៌មានថៃ Khaosod ចុះផ្សាយ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានរាយការណ៍ថា ឈានមកដល់ថ្ងៃនេះ ស្ថានភាពនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា នៅតែស្ថិតក្នុងភាពតានតឹង ជាពិសេស នៅចំណុចចស្រុកភពប្រា ខេត្តតាក ដោយសារតែមានការផ្ទុះ អាវុធ រវាងក្រុមកងទ័ពរំដោះជនជាតិ Karen ហៅកាត់ថា KNLA ជាមួយនឹងទាហានភូមា ដែលនាំឱ្យអ្នកភូមិ រាប់រយនាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែង និងតម្រូវអោយភាគីខាងថៃត្រូវតែឃ្លាំមើលជាប់ជានិច្ច២៤ម៉ោង ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កា.ប់អធិបតេយ្យភាពរបស់ខ្លួន។

លោកវរសេនីយ៍ឯក Natthakorn Rueantip មេបញ្ជាការកងពល Rajamanoon Task Force បានបង្ហាញពីស្ថានភាពនៅតាមព្រំដែនក្នុងខេត្តតាកថា រាប់ចាប់ពីពេលព្រឹករហូតដល់ល្ងាច កាលពីថ្ងៃច័ន្ទ ទី២ មិថុនា ម្សិលមិញ ក្រុមកងទ័ពរំដោះជនជាតិ Karen ហៅកាត់ថា KNLA បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីទម្លាក់គ្រា.ប់បែកពេញមួយថ្ងៃនៅលើបន្ទាយកងទ័ពThibabo របស់កងទព័ភូមា ដែលគ្រប់គ្រងដោយរបបសឹកយោធាមីយ៉ាន់ម៉ា ។ បន្ទាយមួយនេះ ស្ថិតក្នុងភូមិ Thibabo ឃុំ Sugari ស្រុក Myawaddy រដ្ឋ Karen ក្នុងទឹកដីមីយ៉ាន់ម៉ា ហើយដែលវាមានចម្ងាយប្រហែល១គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ ពោល គឺវានៅទល់មុខគ្នានឹងភូមិ Muen Ruechai ឃុំភពប្រា ស្រុកភពប្រា ខេត្តតាក ហើយដើម្បីបញ្ជៀសពីគ្រោះថ្នាក់ដោយប្រការណាមួយនោះ ប្រជាពលរដ្ឋថៃនៅក្នុងភូមិ Muen Ruechai ប្រមាណជាង៥០៧នាក់ បាន់រត់ភៀសខ្លួនមកកាន់ជំរុំសុវត្ថិភាពបណ្តោះអាសន្នចំនួន៣កន្លែង នៅក្នុងស្រុក Mae Sot ខេត្ត Tak។

ក្រុមកងទ័ពរំដោះជនជាតិ Karen ហៅកាត់ថា KNLA មានបំណងវា.យប្រហាររុញច្រានបណ្តេញក្រុមយោធាភូមាឱ្យអស់ចេញពីទឹកដីនៃរដ្ឋ Karen ព្រោះថា បច្ចុប្បន្ននេះ នៅសល់តែមូលដ្ឋានយោធារបស់ទព័ភូមាចំនួន ៤ ប៉ុណ្ណោះនៅក្នុងស្រុក Sukari ,ស្រុក Myawaddy ទល់មុខស្រុក Phop Phra និងស្រុក Umphang ខេត្តTak។
ឆ្លើយតបនឹងស្ថានភាពក្តៅនៅជាប់នឹងច្រមុះបែបនេះ លោកវរសេនីយ៍ឯក Natthakorn Rueantip អះអាងថា លោកបានដាក់ចេញ នូវបទបញ្ជារដាច់ណាត់ ដោយតម្រូវឱ្យបង្កើនកម្លាំងល្បាតទូទាំងតំបន់ និងបាននាំយកសព្វាវុធគាំទ្រដល់មកទីតាំងសមរភូមិមុខរួចរាល់អស់ហើយ ដើម្បីត្រៀមវាយបកឆ្លើយតប ក្នុងករណីមានការឈ្លានពានណាមួយមកលើអធិបតេយ្យភាពរបស់ថៃ ពីសំណាក់កងកម្លាំងប្រដាប់អាវុធបរទេស និងដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋពេញមួយថ្ងៃ ២៤ម៉ោងលើ២៤ម៉ោង ៕