រឿងពិតរបស់ខ្ញុំនៅខេត្ត តាកែវ ....
ស្រីទូចជានារីម្នាក់រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ នាងមានវ័យ ១៩ឆ្នាំជាកូនទី៦ ក្នុងចំណោមបងប្អូន៩នាក់ ឪពុកម្តាយរបស់នាង ស្លាប់អស់ហើយ។ នាងរស់នៅក្រោមបន្ទុកបង ជួយការងារស្រែចម្ការគាត់ និងត្រូវបងលើកឱ្យមានប្តី អាយុបងនាង៥ឆ្នាំ ដោយបានរៀបការ កាលពីឆ្នាំ២០១២ ។
លុះរៀបការហើយបាន៧ថ្ងៃ ស្រីទូចក៏នាំប្តីប្រពន្ធ ចេញទៅស៊ីឈ្នួលរើសផ្លែចន្ទីឱ្យគេ នៅខេត្តរតនគិរី។ ពួកនាងបិទទ្វារផ្ទះចោល ដោយផ្ទះនោះ ឪពុកម្តាយក្មេក ចែកឱ្យរស់នៅតែ២នាក់ប្តី។ លុះទៅស៊ីឈ្នួលគេបានជិត ១ខែ ក៏វិលត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំបោសសម្អាតផ្ទះ ព្រោះទៅចោលយូរពេក ក្នុងផ្ទះសុទ្ធតែធូលី។ ពេលដេកយប់ទី១ មិនទាន់មានអីកើតឡើងទេ លុះឈានដល់យប់ទី២ នាងក៏បានយល់សប្តិឃើញស្រីម្នាក់ រាងខ្ពស់ស្រឡះ សម្បុរសណ្តែកបាយ បានមកសុំផ្ទះនាងជ្រកកោន នាងក៏ព្រមឱ្យនៅ។ លុះដល់យប់ទី៣ នាងមិនយល់សប្តិដូចមុនទេ បែរជាឃើញស្រីដដែលនោះ បណ្តើរកូន តូចៗ២នាក់ ឡើងមកលើផ្ទះ រួចដេញនាងតែម្តង ប៉ុន្តែនាងមិនព្រមចុះចេញទេ ស្រីនោះក៏ចេញទៅវិញបាត់ទៅ។ ស្រីទូចនាងមិនបាននិយាយរឿងនេះប្រាប់អ្នកណាទេ ដោយស្មានថាស្រីបណ្តើរកូននោះ ជាមនុស្សឆ្កួតវង្វេង ក៏ចេះតែហីៗទៅ។ លុះយប់ក្រោយមកទៀត នាងដេកមើលទូរទស្សន៍ រហូតដល់ម៉ោង ១១យប់ ក៏ស្រាប់តែឃើញស្រីបណ្តើរកូននោះមកដល់ម្ដងទៀត ដោយបានលើកដៃចង្អុលមុខ និងដេញនាងឱ្យចេញពីផ្ទះ ព្រោះគេត្រូវការនាំកូនចៅគេមករស់នៅលើផ្ទះនេះ។ ស្រីនោះសម្លក់សម្លឹងនាងយូរៗទៅ ស្រាប់តែភ្នែកឡើងក្រហមត្លែ មុខក្រហេតក្រហត ដែលមើលឃើញតែនាងម្នាក់ប៉ុណ្ណោះ ចំណែកឯប្តីនៅជុំគ្នាដែរ តែមើលមិនឃើញ ស្តាប់មិនឮសម្តីស្រីនោះនិយាយទេ។ ដោយសារតែនាងមិនព្រមចេញបែបនេះ ស្ត្រីចម្លែកនោះ នៅតែមកដេញនាងទាំងភ្នែកស្រស់បែបនេះរយៈពេល ១ខែពេញឯណោះ។ ដោយនាងដឹងថាជាខ្មោចដែលមកតាមលងរំខានរាល់យប់បែបនេះ នាងក៏បានព្យាយាមនិយាយរៀបរាប់ប្រាប់ប្ដី ប៉ុន្តែទោះជានាងខំនិយាយយ៉ាងណាក៏គេមិនជឿដែរ នឹងតបមកថានាងចេះតែស្រមើស្រម៉ៃប៉ុណ្ណោះ។ នៅយប់ចុងក្រោយ ស្ត្រីចម្លែកនោះក៏មកសារជាថ្មីទៀត ថែមទាំងបានទះកំផ្លៀងនាងមួយដៃឡើងជាំថ្ពាល់ នាងក៏ប្រាប់ប្ដីនិងឪពុកម្តាយក្មេក ទើបពួកគាត់ជឿថា ពិតជាខ្មោចស្រីពោះធំម្នាក់ ដែលចង-ក សម្លាប់ខ្លួននៅក្រោយផ្ទះនោះ មកលងដណ្តើមផ្ទះនៅតែម្តង។ វេលាយប់មកដល់ពួកគាត់ក៏បានចាត់កូនក្មួយ អោយមកដេកកំដរនាង ១០នាក់ឯណោះ ដោយចាប់អំពូលភ្លើងអាគុយ ភ្លឺពេញមួយយប់…. ប៉ុន្តែខ្មោចស្រីនោះនៅតែមកដេញតែនាងម្នាក់ឯងដដែល… ធ្វើឱ្យអ្នកមកដេកកំដរ មានការភ័យខ្លាចលែងហ៊ានមកដេកទៀត។ ឥឡូវនាងនិងប្តី លែងហ៊ាននៅផ្ទះនេះទៀតហើយ បានប្រគល់ជូនឪពុកម្តាយក្មេកវិញ ហើយប្រាប់ថាសុខចិត្តនាំគ្នាទៅដេកក្រោមសំយាបផ្ទះបងប្អូនក៏បានដែរ ឱ្យតែបានសុខ ព្រោះខ្មោចនោះ ធ្លាប់ទាំងច្របាច់ក ទះកំផ្លៀងនាងទៀតផង រហូតដល់នាងភ័យខ្លាចខ្លាំង ទើបលែងហ៊ាននៅ។ បន្ទាប់ពីខ្មោចចេះតែមកលងបន្លាចរាល់យប់បែបនេះ ពួកគេបានចេញមករស់នៅជ្រកកោនជាមួយម្តាយក្មេកជាបណ្តោះអាសន្នសិន ដោយទុកផ្ទះនោះចោល និងត្រៀមរកគ្រូមន្តអាគម ខ្លាំងពូកែ ឱ្យមកបណ្តេញខ្មោចស្រីបណ្តើរកូននោះចេញទើបបានសុខ។ ក្រោយពីនាងចេញទៅបាត់ខ្មោចស្រីចងកនោះ តែងតែលងបន្លាចក្មេងឃ្វាលគោ ដែលមកឃ្វាលគោក្បែរៗផ្ទះនោះ ធ្វើអោយគេខ្លាចគ្រប់ៗគ្នា មិនមាននរណាហ៊ានមកជិតផ្ទះនោះទៀតទេ ទោះជាពេលថ្ងៃក៏ដោយ។ នាងក៏បាននិមន្តព្រះសង្ឃមកសូត្រមន្តដេញខ្មោចនោះដែរ ឃើញថារាងអន់បន្តិច លុះព្រះសង្ឃនិមន្តទៅវិញបាត់ គឺនៅតែលងដដែល ជួនកាល លងសង្កត់នាងទូច ទាំងថ្ងៃត្រង់ក៏មាន។ ខ្មោចចង្រៃនោះពិតជាធ្វើបាបនាងណាស់ មិនត្រឹមតែដេញនាងចេញពីផ្ទះទេ តែខ្មោចនោះថែមទាំងបានធ្វើនាងឱ្យឈឺទៀតផង ជួនកាលវាចួលសណ្ឋិត ក្នុងខ្លួននាង ហើយពេលខ្មោចចូលម្តងៗ នាងទូច តែងតែរវើរវាយ យំស្រែក ប្រកាច់ប្រកិន ពីរបីនាក់ចាប់មិនឈ្នះ គឺខ្មោចចង់យកជីវិតនាងតែម្តង ដោយសារតែនាងនិយាយថាមិនខ្លាចខ្មោច។ ដូច្នេះហើយទើបចាស់ៗតែងតែប្រាប់ថា កុំអោយទុកផ្ទះចោលយូរដោយគ្មានមនុស្សនៅចាំ ហើយក្នុងផ្ទះត្រូវតែមានរៀបជំនាងផ្ទះ មុខផ្ទះមានដាក់ព្រះភូមិដើម្បីថែរក្សាកាពារផ្ទះ មិនដូច្នោះទេច្បាស់ជាខ្មោចព្រាយបិសាចចូលមករស់នៅ នាំបង្កហេតុចង្រៃផ្សេងៗជាមិនខាន។ ប្រភព៖ ខ្ទើយ ពន្លឺ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។