ដឹងមូលហេតុពិត ករណីក្មេងប្រុស០៣នាក់ វង្វេងស្មារតីនៅខេត្តព្រះសីហនុ​ មិនមែនមកពីត្រូវថ្នាំឆ្កួត Flakka (Zombie)ទេ ..
សីហា
-

លោក​ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​បានអោយដឹងនៅព្រឹកនេះថា​ នៅថ្ងៃទី២៧​ ខែ​ មេសា​ ឆ្នាំ​ ២០១៨​ វេលាម៉ោង១១:៣០នាទី កម្លាំងការិ.ជំនាញផែនប្រឆាំងបទល្មើស បានទទួលព៌ត៌មានថា: មានក្មេងប្រុសចំនួន៣នាក់ បានស្រែកឡូឡារង្វេងស្មារតី បន្ទាប់ពី​​ត្រូវបានបុរស​ម្នាក់ឲ្យទឹកក្រូចផឹក ហើយកំពុងសំរាកនៅ មន្ទីរពេទ្យបង្អែកខេត្ត ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង​ព្រះសីហនុ បានធ្វើការសាកសួរជនសង្ស័យ (អ្នកដែលឲ្យទឹកក្រូចក្មេងផឹក)​​ ឈ្មោះ វ៉ាន់ វុត្ថា ភេទ ប្រុស អាយុ ១៧ ​ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នឹង ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​​ មុខរបរធ្វើការនៅក្លឹប​បុរស​ ក្នុងក្រុង-ខេត្តព្រះសីហនុ បានសារភាពថា នៅយប់ថ្ងៃទី២៦​ ចូលថ្ងៃទី២៧ ខែមេសា វេលាម៉ោងប្រហែលជា ១២ ជាងរំលងអាធ្រាត រូបគេបានយកសំរាមទៅបោះចោលនៅក្រៅក្លឹប នៅពេលគេត្រឡប់មកពីបោះសំរាមចោលក៍ប្រទះឃើញដបពណ៌មាស​មួយដប ដំបូងគេស្មានតែគ្រាប់កាំភ្លើង ពេលនោះរូបគេក៏បានរើសយកមកទើបដឹងថាមិនមែនជាគ្រាប់កាំភ្លើងទេ រូបគេក៏បានក្រឡុកមើល នឹងចាក់មើលឃើញមានទឹកពណ៌ស្វាយ ហើយដបវាពណ៌មាស ហើយរូបគេក៏មានការសង្ស័យថាជាថ្នាំគ្រវី ភ្លាមនោះក៏ចាក់ចូលក្នុងដបទឹកសុទ្ធសំរាប់ទុកសាកខ្លួនឯង ។​ លុះដល់ម៉ោង ០៥:០០នាទី ទាបភ្លឺ រូបគេក៏ជិះម៉ូតូមកផ្ទះ នឹងយកដបទឹកនោះមកជាមួយ ពេលមកដល់ផ្ទះរូបគេដេកបានប្រហែល ជា ៤ម៉ោងក៏ក្រោកឡើងទៅរកអីញាំ ទិញបារីជក់ នឹងទិញទឹកភេសជ្ជះម៉ាក WURK មួយកំប៉ុង ពេលនោះរូបគេក៏លាយទឹកពណ៌ស្វាយដែលគេរើសបាននោះចូលទៅក្នុងទឹកWURK រួចផឹកបានបន្តិច ក៏មានក្មេងៗ ប្រហែលជា ៣ នាក់ដើរ​មកជិត​រូបគេ នឹងបានសុំទឹកក្រូចនោះផឹក ហើយរូបគេក៏បានអោយពួកក្មេងៗនោះផឹក ។
ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងឃាត់ខ្លួនបណ្តោះអាសន្នបន្តតាមនីតិវិធី​​ ចំណែកក្មេងប្រុសរងគ្រោះទាំង៣នាក់ បានធូស្បើយវិញហើយ ត្រូវបានឪពុកម្តាយយកទៅលំនៅដានរៀងៗខ្លួនវិញ ។
ពាក់ព័ន្ធ​នឹងករណី​នេះ​ នៅយប់ថ្ងៃទី​ ២៨​ ខែ​ មេសា​ ឆ្នាំ​ ២០១៨​ សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ ដោយមានការដឹកនាំផ្ទាល់ពីព្រះរាជអាជ្ញារងមួយរូបបានឆ្មក់ចូលត្រួតពិនិត្យឆែកឆេរក្លិប​ បុរស​ មួយកន្លែងនៅក្រុងព្រះសីហនុ​ ដើម្បីស្រាវជ្រាវរកគ្រឿងញៀន​ ។​ ប៉ុន្តែបន្ទាប់ពីត្រួតពិនិត្យនិងធ្វើតេស្តទឹកនោមបុគ្គលិក​ និង​ ភ្ញៀវ​ដែលកំពុងកំសាន្តក្នុងក្លិបគឺមិនបានរកឃើញសារធាតុញៀនទេ​ ។​
ទោះជាយ៉ាងនេះក្ដី​ សមត្ថកិច្ច​ ស្នងការដ្ឋាននរបាលខេត្តព្រះសីហនុ​ នឹងបន្តស្រាវជ្រាវករណីនេះបន្ថែមទៀតដើម្បីរក្សាសុវត្ថិភាពពលរដ្ឋ​ ។ ប្រភព៖ ផែង វណ្ណៈ