អស់ពីកាហ្វេថ្មពិលផលិតនៅវៀតណាម ចំនែកនៅកម្ពុជាយើងវិញ រកឃើញសារធាតុគីមី ៧តោន សម្រាប់ផលិតកាហ្វេ នៅសង្កាត់ព្រែកព្នៅ
កម្លាំងសមត្ថកិច្ចចម្រុះនៅថ្ងៃសុក្រទី២៧មេសាម្សិលមិញ បានចុះបង្ក្រាបទីតាំងផលិតកាហ្វេគ្មានច្បាប់មួយកន្លែងក្នុងខណ្ឌព្រែកព្នៅ ជ្រកក្រោមស្លាក “ដាយថាញ់” ដោយរឹបអូសបានសារធាតុរួមផ្សំប្រមាណជា៧តោន។ តាមការសន្និដ្ឋានបឋម កាហ្វេដែលផលិតនៅទីនោះមានលាយសារធាតុគីមីធ្ងន់ធ្ងរ។ ហើយពេលនេះអាជ្ញាធរកំពុងធ្វើការពិសោធន៍។
នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងផលិតកាហ្វេក្នុងខណ្ឌព្រែកព្នៅ សមត្ថកិច្ចចម្រុះរកឃើញសារធាតុផលិតកាហ្វេប្រមាណជាង៧តោនដោយរួមមាន៖ ពោតឆៅ សណ្តែកសៀងលីង ផ្លែប៊ឺ ខ្ទិះដូង រួមនឹងសារធាតុផ្សំមួយចំនួនទៀត។ ក្រៅពីសារធាតុផលិតកាហ្វេ អាជ្ញាធររកឃើញ ឧបករណ៍ផលិតរួមមាន ៖ ម៉ាស៊ីនលីងកាហ្វេ ម៉ាស៊ីនកិនកាហ្វេ ម៉ាស៊ីនវេចខ្ទប់ និងសំបកវេចខ្ទប់ជាដើម។ ចំណែកមនុស្សពីរនាក់ដែលអាជ្ញាធរឃាត់នៅក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាបនោះកំពុងស្ថិតនៅក្នុងដំណាក់ការស៊ើបសួរ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចអះអាងថា ការចុះទៅបង្ក្រាបទីតាំងផលិតកាហ្វេជ្រកក្រោមស្លាក «ដាយថាញ់ » ដោយសារតែយកកាហ្វេទៅបោះឲ្យម៉ូយតែពេលយប់។ នេះបើតាមការអះអាងរបស់ លោក មាជ សុផាណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ បើតាមមន្រ្តីដដែល នៅមានទីតាំងផលិតកាហ្វេផ្សេងទៀតដែលអាជ្ញាធរគ្រោងនឹងបើកប្រតិបត្តិការបង្ក្រាប។ ជាការកត់សម្គាល់ ប្រតិបត្តិការបង្ក្រាបទីតាំងផលិតកាហ្វេពីសំណាក់អាជ្ញាធរខ្មែរនៅពេលនេះ ធ្វើឡើងក្រោយកើតមានករណីបង្ក្រាបការផលិតកាហ្វេក្លែងក្លាយលាយសារធាតុថ្មពិលចាស់ៗនៅប្រទេសវៀតណាម។ គួរជម្រាបជូនថា ក្រៅពីកាហ្វេ លោក មាជ សុផាណា បានអះអាងថា សមត្ថកិច្ចចម្រុះបានចុះទៅបង្ក្រាបទីតាំងផលិតគ្រឿងបរិភោគក្លែងក្លាយផ្សេងទៀត បានចំនួន១០ករណី រាប់ចាប់តាំងពីដើមខែមករា មកដល់ជិតដំណាច់ខែមេសានេះ។ ភាគច្រើននៃទំនិញទាំងនោះគឺគ្រឿងទេសបន្ថែមមុខម្ហូប។ សាធារណៈមតិមួយចំនួនបានរិះគន់ថា ដោយសារតែការដាក់ទោសទណ្ឌនៅមានកម្រិតធូរស្រាល ទើបបានជាករណីផលិតផលិតផលក្លែងក្លាយទាំងនេះ នៅតែកើតមានម្ដងហើយម្ដងទៀត។ ជាការឆ្លើយតប លោក មាជ សុផាណា ពន្យល់ថា ការដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្ត មិនមែនចេះតែអនុវត្តទៅតាមការនឹកឃើញឡើយ ពោលគឺត្រូវមើលលើស្ថានភាពជាក់ស្ដែង។ ក៏ប៉ុន្តែលោកជំរុញឲ្យមានការធ្វើច្បាប់ដើម្បីកម្រិតទោសដល់អ្នកប្រព្រឹត្តអំពើខុសច្បាប់អស់ទាំងនេះបន្ថែមផងដែរ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។