រថយន្តបាឡែនបុកម៉ូតូស្មាក់ពីក្រោយរបួសធ្ងន់២នាក់ និងបន្តបុកបង្គោលភ្លើងកណ្ដាលទ្រូងផ្លូវបាក់អស់មួយដើម ដោយរថយន្តក្រឡាប់ជាច្រើនត្រឡប់
-

ភ្នំពេញ៖ រថយន្ដកាមរីបាឡែនមួយគ្រឿង បានធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ហើយមិនប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលជិះគ្នា២នាក់ចំពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរ ហើយរថយន្តបង្កបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងកណ្ដាលទ្រូងផ្លូវបាក់អស់១ដើម ហើយរថយន្ដបង្កបានក្រឡាប់ជាច្រើនជុំ តែអ្នកបើកបរមិនរងរបួស ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខផ្ទះសំណាក់ជ្រៃកោង​ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោរធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2X-4594 ជិះដោយបុរសម្នាក់ ក្រោយពីបង្កហេតុគេចខ្លួនបាត់។ ចំណែកម៉ូតូរងគ្រោះម៉ាក ស្មាក់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1P-8224 ជិះដោយបុរសពីរនាក់បានរងរបួសធ្ងន់​ និងត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរ។
បើតាមសម្ដីសន្ដិសុខដែលនៅក្បែរកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រថយន្តបង្កបានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុកម៉ូតូដែលជិះដោយបុរស២នាក់បណ្ដាលឲ្យរងរបួសធ្ងន់ ហើយរេចង្កូតមកបុកបង្គោលភ្លើងបំភ្លឺផ្លូវនៅកណ្ដាលផ្លូវបាក់អស់១ដើម ឯរថយន្តវិញ វិលជាច្រើនត្រឡប់រងរការខូចខាតយ៉ាងដំណំតែម្ដង តែអ្នកបើកបរមិនរងរបួសឡើយ ហើយភ្លាមៗក៏ចុះគេចខ្លួនបាត់ស្រមោលផងដែរ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កនិងម៉ូតទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ភារ៉ា