សាហាវខ្លាំងណាស់... រន្ទះបាញ់ចំកណ្តាលចំផ្ទះប្រជាពលរដ្ឋ ព្រមទាំងបាញ់ចំសសរកន្លោង​កណ្តាលផ្ទះ បណ្តាលឲ្យ...
-

ពោធិ៍សាត់​៖​ កាលពីវេលាម៉ោង០៤​ និង២០នាទី​ល្ងាច​ ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០១៨​ស្ថិតក្នុង ភូមិដីក្រហម​ ឃុំអន្លង់រាប​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់ ភ្លៀងធ្លាក់មួយមេធំ លាយឡំខ្យល់បោកបក់ បង្កជារន្ទះបាញ់ចំផ្ទះប្រជាពលរដ្ឋមួយខ្នង ប៉ុន្តែសំណាងល្អដែរ ដែលមិនបណ្តាលឲ្យមាននរណាម្នាក់​ រងគ្រោះថ្នាក់នោះឡើយ។ ម្ចាស់ផ្ទះរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា​ ខៀវ សំអាន(ហៅ ឡឹង លីម) ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជនជាតិខ្មែរមុខរបរកសិករ​ បច្ចុប្បន្នរស់នៅផ្ទះកើតហេតុខាងលើ។

បើតាមសម្តីរបស់ម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងអង្គុយនៅក្រោមផ្ទះ ខណៈមេឃកំពុងធ្លាក់ភ្លៀង លាយឡំខ្យល់បក់បោកផងនោះ មួយសន្ទុះក្រោយមក ស្រាប់តែមានពន្លឺចាំងចំកណ្តាលផ្ទះ ព្រមទាំងមានសំលេងផាំង ភ្លាមនោះរូបគាត់ក៏បានរត់ទៅមើល​ ឃើញបាញ់ចំសសរកន្លោងពីខាងជើង សរសរចំហៀងខាងជើង និងដំបូលពីលើ​ បណ្តាលឲ្យបែកគ្បឿងអស់ចំនួន ៨០សន្លឹក​ ព្រមទាំងផ្ទូងផ្លានមួយចំនួន។ល។​
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបញ្ហាមួយនេះ៕
ដោយ៖ បុត្រ