កម្មការីនីរោងចក្រកាត់ដេរម្នាក់ ត្រូវអាជ្ញាធរកោះហៅទៅសាកសួរ បន្ទាប់ពីបង្ហោះសារដៀមដាមថ្នាក់ដឹកនាំ
ព្រះសីហនុៈ អាជ្ញាធរឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ បានកោះហៅស្ត្រីសកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ទៅសួរចម្លើយកាលពីថ្ងៃទី ២ ឧសភា បន្ទាប់ពីនាងបានសរសេរបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនដែលសារនោះត្រូវបានមន្ត្រីអាជ្ញាធរចាត់ទុកថា បាននិយាយដៀមដាមឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ប៉ុន្តែសង្គមស៊ីវិលថាចំណាត់ការនេះជាការរំលោភសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ស្ត្រីអតីតសកម្មជនដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកសរសេររិះគន់នេះមានឈ្មោះផ្លូវការ សៅ ឧសភា ហើយជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «សភា មយូរ៉ា» ដែលនាងបានសរសេរបង្ហោះកាលពីថ្ងៃទី ១ ឧសភាថា៖ «ស្រុកខ្ញុំសម្បូរអាជោធូរថ្លៃ អាជោ ចង្រៃព្រៃផ្សៃគ្មាន ២ លក់អស់រុក្ខជាតិព្រមទាំងធរណី ចង្រៃគ្មាន ២ ព្រោះឯកចក្ខុ»។ នាង សៅ ឧសភា អាយុ ២២ ឆ្នាំជាកម្មការីនីរោងចក្រកាត់ដេរមួយនៅខេត្តព្រះសីហនុ និងត្រូវបានគេមើលឃើញថានាងជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលអាជ្ញាធរឃុំអូរឧកញ៉ាហេងបានកោះហៅទៅសួរនាំបានលើកឡើងថា អាជ្ញាធរពិតជាបានកោះហៅនាងទៅសួរចម្លើយពិតមែន ព្រមទាំងបង្គាប់ឲ្យនាងចុះហត្ថលេខាលើកិច្ចសន្យាបញ្ឈប់រិះគន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយខណៈនោះនាងបានយល់ព្រមចុះហត្ថលេខា និងផ្ដិតមេដៃឈប់សរសេររិះគន់រដ្ឋាភិបាល។ នាងបន្តថាអាជ្ញាធរចេញដីកាកោះហៅនាងចូលបំភ្លឺ និងសួរនាំនេះ គឺជាចំណាត់ការរំលោភសិទ្ធិបញ្ចេញមតិរបស់នាងយ៉ាងធ្ងន់ធ្ងរ និងខកចិត្តយ៉ាងខ្លាំង ហើយទង្វើនេះបានបង្ហាញពីការគំរាមកំហែងពលរដ្ឋខ្មែរទាំងឡាយណាដែលហ៊ានចេញមុខរិះគន់រដ្ឋាភិបាល។ នាងបញ្ជាក់ថានាងមិនបានសរសេររិះគន់អ្វីធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលនោះទេ គ្រាន់តែសរសេរក្នុងលក្ខណៈបញ្ចេញមតិជាសាធារណៈ ហើយក៏មិនបានប៉ះពាល់ដល់បុគ្គលណាម្នាក់ដែរ។ នាង សៅ ឧសភា បញ្ជាក់ថា៖ «ទង្វើអាជ្ញាធរនេះគឺប្រតិបត្តិផ្ទុយពីច្បាប់កំពូលរដ្ឋធម្មនុញ្ញរបស់ជាតិ ហើយខ្ញុំសូមស្នើឲ្យបញ្ឈប់ជាបន្ទាន់រាល់ទង្វើបំបាក់ស្មារតីរបស់យុវជនខ្មែរបែបនេះ។ លើសពីនេះមន្ត្រីមួយចំនួនដែលអសកម្មនឹងការងារក៏គួរតែបើកបេះដូង ទទួលយកការរិះគន់ក្នុងន័យស្ថាបនាដែរ»។ លោក កៅ ឡេង មេឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ បានបដិសេធការអត្ថាធិប្បាយជុំវិញការកោះហៅកម្មការិនីរោងចក្រកាត់ដេររូបនេះ ដោយលោកអះអាងថាលោកមិនអាចនិយាយបានទេ «បើចង់ដឹងរឿងនេះ លោកមកសាលាឃុំខ្ញុំ»។ ប៉ុន្ដែនាង សៅ ឧសភា បានប្រាប់ថា៖ «ពេលខ្ញុំទៅដល់សាលាឃុំ លោកមេឃុំសួរខ្ញុំថា មានបានផូស្ត (Post) អ្វីអត់? ខ្ញុំឆ្លើយថាខ្ញុំបានផូស្តតើ ហើយគាត់ថាម៉េចប្អូនឯងផូស្តជេរគេអ៊ីចឹង? ខ្ញុំថា ខ្ញុំមិនបានផូស្តជេរបុគ្គលណាម្នាក់ទេ ប៉ុន្ដែគាត់នៅតែទម្លាក់កំហុសមកលើខ្ញុំថា ខ្ញុំជេរគេ ទោះបីជាខ្ញុំពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ ប៉ុន្ដែខ្លឹមសារដែលខ្ញុំផូស្តនោះគឺចង់និយាយពីផ្លែចេកទុំស្អុយ រលួយ ជ្រុះ ឥតប្រយោជន៍ទោះបីជាលក់ឲ្យគេ ក៏វាគ្មានតម្លៃដែរ»។ លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ (Licadho) និយាយថាបច្ចុប្បន្នសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋត្រូវបានគេរឹតត្បិតច្រើនព្រោះគេសង្កេតឃើញថា កន្លងមកនេះរាល់អ្នកដែលនិយាយ ឬសរសេររិះគន់រដ្ឋាភិបាលត្រូវអាជ្ញាធរកោះហៅមកសួរនាំបំភ្លឺ ឬអាចឈានដល់ការឃាត់ខ្លួនជាដើម។ លោក អំ សំអាត បានបញ្ជាក់ថា៖ «ខ្ញុំសង្កេតឃើញថាសព្វថ្ងៃអាជ្ញាធរថ្នាក់ក្រោមជាតិនេះគឺគាត់មានការបារម្ភចំពោះការបញ្ចេញមតិរបស់ពលរដ្ឋ។ ខ្ញុំថាអាជ្ញាធរមិនគួរបារម្ភអ្វីដល់ថ្នាក់នេះទេ ព្រោះមតិភាគច្រើនក៏ជាពាក្យស្ថាបនា បើយើងដឹងថាខ្លួនយើងខុស យើងទទួលកែវាទៅ ប៉ុន្ដែក៏មានពាក្យរិះគន់មួយចំនួនតូច ដែលប៉ះពាល់ដល់បុគ្គលដែរ។ អ៊ីចឹងពលរដ្ឋយើងរិះគន់តែមតិណាដែលមានន័យស្ថាបនាទៅគឺវាទាំងអស់គ្នា»។ តាមលិខិតកោះហៅរបស់លោកមេឃុំអូរឧកញ៉ាហេងកាលពីថ្ងៃទី ២ ខែឧសភាបានបង្ហាញថា៖ «កោះហៅឈ្មោះ សៅ ឧសភា ប្រជាពលរដ្ឋភូមិ បត់គគីរ ដើម្បីឲ្យចូលខ្លួនមកដោះស្រាយរឿងបញ្ហាផ្ទាល់ខ្លួននៅថ្ងៃទី ២ ខែឧសភា នាវេលាម៉ោង ៣ រសៀល នៅសាលាឃុំអូរឧកញ៉ាហេង»។ ក្រោយពីសាកសួរចប់នោះ អាជ្ញាធរតម្រូវឲ្យនាងចុះកិច្ចសន្យានៅថ្ងៃដដែល ដោយក្នុងកិច្ចសន្យាបានបង្ហាញថា «បញ្ឈប់ការសរសេរក្នុងបណ្ដាញសង្គមរិះគន់រាល់ពាក្យដែលប៉ះពាល់ដល់រដ្ឋាភិបាល រាល់ពាក្យអសុរោះ ឬបរិហារ ដែលប្រាសចាកពីការស្ថាបនា និងថ្ងៃមុខនាងខ្ញុំបញ្ឈប់ប្រព្រឹត្តតទៅទៀតហើយ» រួមទាំងចុះហត្ថលេខា និងស្នាមមេដៃផងដែរ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។