សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម
-

នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជា អធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណា ម្នាក់ចោល” ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបាន បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះការចូលរួមចំណែកពីសំណាក់សប្បុរសជនជាតិ អន្តរជាតិ បានធ្វើឱ្យកាកបាទក្រហមកម្ពុជាមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការដោះស្រាយសេចក្តីត្រូវការជាក់ស្តែងរបស់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះបំផុតនៅតាមសហគមន៍។ ជាក់ស្តែងក្នុងឆ្នាំ២០១៧ មកដល់ខែមេសាឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រ ២០១១-២០២០ របស់ខ្លួនផ្តោតលើវិស័យស្នូលទាំង៤ គឺគ្រប់គ្រងគ្រោះមហន្តរាយ អប់រំ ថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់តម្លៃមនុស្សធម៌ និងអភិវឌ្ឍស្ថាប័ន ហើយដែលសមិទ្ធផល សំខាន់ៗសម្រេចបានរួមមាន៖ ប្រជាពលរដ្ឋតាមជនបទដាច់ស្រយាលជាង១ម៉ឺនគ្រួសារទទួលបានអណ្តូងទឹកស្អាត៤៣៣ និងស្រះទឹកសហគមន៍ ចំនួន៧។ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺចាស់ឥតទីពឹង កុមារកំព្រា កុមារខ្សោយសតិបញ្ញា ស្រ្តីមេម៉ាយ អ្នកពិការ អ្នករស់នៅជាមួយមេរោគអេដស៍ អ្នកមានជម្ងឺរាំរ៉ៃ ជាង១០ម៉ឺនគ្រួសារ ទទួលបានការជួយឧបត្ថម្ភ ជាស្បៀង សំភារៈ និងថវិកា។ បុគ្គលិកក្នុងវិស័យឯកជន ១០,៣២៩នាក់ និងអ្នកស្ម័គ្រចិត្ត ៥១៦នាក់ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈសង្គ្រោះបឋមនិងបានផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ រាប់ពាន់នាក់។ សិស្ស និស្សិត មន្ត្រីរាជការ ប្រជាពលរដ្ឋប្រជាពលរដ្ឋប្រមាណ៧ម៉ឺននាក់ បានទទួល ចំណេះដឹង ស្តីពីច្បាប់ចរាចរណ៍ ផ្លូវគោក។ យុវជនកាកបាទក្រហមជាង២ម៉ឺននាក់ ទូទាំងប្រទេស តែងតែចូលរួមក្នុងសកម្មភាព មិត្តអប់រំមិត្ត សំអាតបរិស្ថាន ដាំដើមឈើ និងបរិច្ចាកឈាម ជាដើម។ ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ជាង១ម៉ឺនគ្រួសារ បានទទួលសារគន្លឹះអប់រំពីគ្រោះថ្នាក់ដោយសារ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងពេលដែលប្រជាពលរដ្ឋ ២៩៤គ្រួសារ ទទួលបានប្រាក់កម្ចី ឥតការប្រាក់ ធ្វើជាដើមទុនប្រកបមុខ របរមានជីវភាពប្រសើរឡើង។ បងប្អូនជនជាតិ តែងតែបានទទួលនូវសារថែទាំអប់រំ សុខភាព ក្នុងឱកាសទិវាជាតិដើម្បីសុខភាព មាតា និងទារក ២១កុម្ភៈ ,ក្នុងឱកាសទិវាឆ្មបជាតិ ៥ឧសភា និងទិវាពិភពលោកប្រយុទ្ធជម្ងឺអេដស៍ ១ធ្នូ។ ក្រៅពីសមិទ្ធផលសំខាន់ៗខាងលើនេះកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាចាប់ពីឆ្នាំ ២០១២ មក ដោយក្នុងមួយឆ្នាំៗ ចំនួន មួយលានដុល្លារអាមេរិក និងបានជួយសាងសង់ និងជួសជុល លំនៅឋាន បានរាប់រយខ្នង ធ្វើបង្គន់អនាម័យ រាប់ពាន់បន្ទប់ ផ្តល់ស៊ីទែនទឹក និងធុងចម្រោះទឹក ជូនដល់ប្រជាពលរដ្ឋនៅតាម ខេត្តនានា និងបានជួយស្វែងរក គ្រួសារដែលបែកគ្នា ជាង៤០ឆ្នាំ ឱ្យបានជួបគ្នាឡើងវិញ បានជួយសាងសង់អគារ សិក្សា អគារស្នាក់នៅ នៅតាមអង្គការ សមាគម និងមណ្ឌលកុមារកំព្រាមួយចំនួន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីរីករាយ និងអបអរសាទរចំពោះទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម និងអរគុណដល់បណ្តាសប្បុរសជនទាំងអស់ដែលបានចូលរួមយ៉ាងច្រើនកុះករនៅពេលនេះ ។ សម្តចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីគុណូបការៈរបស់សម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចម៉ែ ដែលកន្លងមកព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេងក្នុងសកម្មភាព កាកបាទក្រហមកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់ កាកបាទក្រហមកម្ពុជាដែលបានធ្វើសកម្មភាពមនុស្សធម៌កន្លងមកក្នុងការជួយដល់ប្រជាពលរដ្ឋដែល រងគ្រោះបំផុត ដែលសកម្មភាពទាំងអស់នេះ គឺបានឆ្លើយតបទាន់ពេលវេលាសម្រាប់ការជួយសង្គ្រោះ ពួកគាត់ ឲ្យទទួលបានភាពល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ដែលបានចំណាយនូវថវិកាទ្រព្យធនផ្ទាល់ខ្លួន ចូលរួម ចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដើម្បីបំរើលើវិស័មនុស្សធម៌។ តាមរយៈប្រធានបទឆ្នាំនេះ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណា ម្នាក់ចោល” គឺពិតជាមានន័យគ្រប់គ្រាន់សម្រាប់សកម្មភាពរួមរបស់ កាកបាទក្រហមកម្ពុជាដែលបាននឹងកំពុងធ្វើសកម្មភាពរាល់ថ្ងៃនេះគឺកាកបាទក្រហមកម្ពុជាមិនទុកឲ្យនណាស្លាប់នោះទេ។ ក្នុងឱកាសនៃព្រះរាជាពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងយាងចូល៦៦ព្រះវស្សានៅពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូណ៌ ព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្រ្តទូទាំងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្វាយព្រះពរសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ និងចៅទួតរបស់ព្រះអង្គ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស និងភ្ញៀវជាតិ អន្តរជាតិ និងសប្បុរសជនទាំងអស់ សូមជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister