រថយន្ដព្រូសពន្លះរថយន្ដឡិចសុីសឈប់ស្ងៀមពីក្រោយបណ្ដាលឲ្យរងការខូចខាតទាំងសងខាង
ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធ បានបើករថយន្ដតូយ៉ូតាព្រូសក្នុងល្បឿនលឿន ហើយរេចង្កូតទៅបុករថយន្ដឡិចសុីសRX300ដែលឈប់ចតស្ងៀមនៅចញ្ចើមផ្លូវពីក្រោយ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។
ហេតុការណ៍គ្រោះថ្នាក់ចរារណ៍ខាងលើនេះ បានបង្កឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្បែរស្ទុបណានជិន តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ7មករា រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គឺរថយន្តលុចសុីសRX300 ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2L-4400 បានចតចោលលើចំណីផ្លូវកម្ពុជាក្រោម (ទីតាំងកើតហេតុ) បន្ទាប់មកស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-7208 បើកបរដោយបុរសម្នាក់ រួមជាមួយស្ត្រីម្នាក់ទៀតជាប្រពន្ធ បានធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករថយន្តលុចសុីសRX300ដែលចតលើចំណីផ្លូវ ចំប្រឆិតពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តលុចសុីសដាច់កាឡែកង់ក្រោយផ្នែកខាងឆ្វេងយ៉ាងដំណំ រីឯរថយន្តបង្កបានផ្លោងទៅខាងមុខប្រហែល៣០ម៉ែត្រទើបអស់ល្បឿន ហើយរថយន្តក៏រងការខូចខាតពីមុខ ផ្នែកខាងស្ដាំយ៉ាងដំណំផងដែរ សំណាងហើយមិនបង្កឲ្យមនុស្សរងរបួស ។ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងហេតុ និងបានជួយសម្រួលចរាចរណ៍ រួមទាំងឲ្យភាគីរថយន្តបង្ក សម្រួលជាមួយរថយន្តរងគ្រោះ ។ ចុងក្រោយ ភាគីរថយន្តបង្កម៉ាកតូយ៉ូតាព្រូស ព្រមចេញថ្លៃខូចខាតទាំងស្រុងទៅលើរថយន្តរងគ្រោះម៉ាកលុចសុីសRX300 ដើម្បីបញ្ចប់រឿងនៅនិងកន្លែង ៕ ដោយៈ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។