រឿងពិតរបស់ប្រទេសម៉ិកស៊ិកូ កោះ La Isla De Las Muñecas ដែលគេតែងតែហៅថាកោះខ្មោច ?
ប្រសិនបើអ្នកកំពុងស្វែងរកកន្លែងដ៏ល្អដើម្បីទៅលេង យើងចង់ប្រាប់ថាអត្ថបទនេះនឹងមិនសក្តិសមចំពោះអ្នកទេ។ តែប្រសិនបើអ្នកកំពុងស្វែងរកកន្លែងដែលមានប្រវត្តិដំណាលជាយូរលង់ទាក់ទងទៅនឹងការលងបន្លាច ភ័យរន្ធត់ ព្រឺរោម! នេះជាអ្វីដែលអ្នកកំពុងស្វែងរកហើយ។
យើងសូមផ្តល់ណែនាំកោះ La Isla De Las Muñecasដែលត្រូវបានគេស្គាល់ថាជាកោះតុក្កតាឬ កោះខ្មោចនៅម៉ិកស៊ិកូ។កន្លែងនេះពោរពេញដោយតុក្កតាចាស់ដែលគេចងព្យួររណេងរណោងសឹងគ្រប់ទីកន្លែងមិនថានៅតាមដើមឈើ ឬក្នុងផ្ទះនោះទេ។ ដូចនេះវាបានបង្កើតទៅជាទស្សនីយ៍ភាពគួរអោយភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នាក្រៃលែង។ ប្រភពដើមនៃរឿងរ៉ាវដ៏ភ័យរន្ធត់នៃកោះនេះបានកើតឡើងនាទសវត្សឆ្នាំ 1950 នៅពេលបុរសម្នាក់ឈ្មោះ Don Julin Santana បានសម្រេចចិត្តចាកចេញពីប្រពន្ធនិងកូនៗ របស់គាត់មករស់នៅលើកោះនេះតែម្នាក់ឯង។ ថ្ងៃមួយ Don បានប្រទះឃើញសពក្មេងស្រីអណ្តែតមកតាមខ្សែទឹកមកទើក្បែរមាត់កោះដោយចៃដន្យ។ គាត់បាននិយាយថាទោះបីជានាងបានស្លាប់ទៅហើយមែន ប៉ុន្តែវិញ្ញាណរបស់ក្មេងស្រីនេះនៅតែវឹលវល់ស្ថិតនៅលើកោះមិនព្រមទៅណាឡើយ។ បន្ទាប់មកគាត់បានចាប់ផ្តើមធ្វើរឿងប្លែកៗ ហើយបានយកតុក្កតាក្មេងស្រីមកចង ព្យួរនៅតាមលើដើមឈើ។ ហើយចំនួននេះចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូចដែលគេបានឃើញថាមានតុក្កតាចាស់ៗស្អេកស្កះពេញព្រៃមើលហើយគួរអោយព្រឺក្បាល។ គាត់បានធ្វើការពន្យលថា គាត់ដូចជាមានទំនាក់ទំនងល្អជាមួយវិញ្ញាណរបស់ក្មេងស្រីនោះណាស់។ ការចងតុក្កតាគឺជាការផ្តល់អោយវិញ្ញាណរបស់នាងស្ងប់សុខនិងមិនឯការនៅលើកោះមួយនេះ លោកចងវានៅតាមដើមឈើគឺគ្រាន់តែជាការបង្កើនសោភ័ណភាព និងដូចជាការគោរពវិញ្ញាណរបស់នាងតែប៉ុណ្ណោះ។ ជាធម្មតាមនុស្សម្នាក់ដែលរស់នៅតែម្នាក់ឯង ក៏មិនមានពេលសម្អាតឬជួសជុលតុក្កតាដែលចងព្យួរនេះទាំងអស់បានទេ។ វាគង់តែត្រូវទឹក ត្រូវខ្យល់ដែលធ្វើអោយវាមានការប្រែប្រួលសភាពដើមជាមិនខាន។ កន្លងមកទៀតរាប់សិបឆ្នាំក៏មានអ្នកផ្សេងទៀតដែលបានមកដល់កោះនេះ ពួកគេបានជួបរឿងភ័យរន្ធត់ដោយសារតែតុក្កតាអស់នេះមើលទៅមានសភាពចាស់ រញ៉េរញ៉ៃ ដូចគេយកទារកទៅចងព្យួរបេះបិទ។ ដោយសារតែកន្លងហួសទៅយូរពេកទើបតុក្កតាទាំងនោះខ្លះត្រូវបានខូចទ្រង់ទ្រាយ ខ្លះបាត់ភ្នែក ខ្លះឆែបច្រមុះមាត់ ជ្រុះសក់មួយចំហៀងជាដើម ។ គួរបញ្ជាក់ថា 50ឆ្នាំក្រោយ Don ក៏បានលាចាកលោកដោយមូលហេតុលង់ទឹកដែរ។ ហើយកាន់តែគួរឱ្យភ្ញាក់ផ្អើលទៀតនោះគឺសពរបស់គាត់ត្រូវបានគេរកឃើញនៅកន្លែងតែមួយដែលគាត់បានឃើញសពក្មេងស្រីម្នាក់នោះ។ នេះហើយជាមូលហេតុដែលធ្វើអោយរឿងរ៉ាវនេះបានក្លាយជារឿងព្រេងដែលបាននិយាយតៗគ្នានិងត្រូវបានគេហៅកោះនុះថាជា កោះខ្មោច និងមិនសូវមានអ្នកទៅក្បែរយ៉ាងដូច្នេះ។ ប្រភព៖ thetruthkh
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។