ភ្នំពេញ៖ រូបភាព និងវីដេអូនារីម្នាក់ ដែលសម្លាប់សត្វព្រៃជាច្រើនប្រភេទ យកធ្វើជាម្ហូបហើយបង្ហោះតាម Youtube បាននាំឲ្យមានការចាប់អារម្មណ៍ និងរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គម Facebook និងទាមទារឲ្យមានចំណាត់ការទៅលើសកម្មភាពរបស់នារីវ័យក្មេងរូបនេះផងដែរ។ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានទទួលព័ត៌មាននេះអស់ហើយ ហើយក៏កំពុងប្រមូលព័ត៌មានបន្ថែមទៀតជុំវិញករណីនេះ។ បើតាមលោក សៅ សុភាព ករណីនេះ គឺរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានបញ្ជាឲ្យចាត់វិធានការបន្ទាន់តែម្តង។ គួរបញ្ញាក់ផងដែរថា គណនីឆែននែលយូធូប មួយដែលឈ្មោះ Natural Life TV តែងតែបង្ហាញនូវសកម្មភាពមនុស្សស្រីមួយរូបដែលស្លៀកពាក់សម្លៀកបំពាក់បែបសុិចស៊ី និងច្រើនធ្វើវីដេអូដោយសម្លាប់សត្វព្រៃ ចម្អិនជាម្ហូបអាហារ។ លោក សៅ សុភាព បានបញ្ជាក់យ៉ាងដូច្នេះ «ជាគោលការណ៍មកគឺឯកឧត្តមរដ្ឋមន្រ្តី គាត់បានបញ្ជាឲ្យចាត់វិធានការបន្ទាន់ហើយ។ យើងនឹងប្រមូលព័ត៌មាន ហើយយើងនឹងហៅគាត់មកអប់រំណែនាំ ហើយប្រសិនបើរកឃើញថា ការសម្លាប់សត្វនេះមានកម្រិតធ្ងន់ធ្ងរនឹងឈានទៅចាត់ការតាមច្បាប់របស់ក្រសួងថែមទៀតផង»។ មិនត្រឹមតែចាត់វិធានការចំពោះនារីរូបនេះនោះទេ ក្រសួងបរិស្ថាន ក៏នឹងស្នើទៅខាង Youtube ដើម្បីដកវីដេអូទាំងនេះចេញពី Youtube ថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក សៅ សុភាព។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបញ្ហានេះ? សូមទស្សនាវិដេអូខាងក្រោម៖