ឃើញម្តាយបង្កើត បង្កាត់ភ្លើងស្នេហ៍ជាបុរសមានប្រពន្ធកូនហើយ នៅនឹងមុខ ក៏ផ្ទុះកំហឹងយកសាំងមកដុតអ្នកទាំងពីរ បណ្តាលឲ្យ...
-

ស្វាយរៀង៖ កូនប្រុសបង្កើតខឹងម្តាយបង្កាត់ឡើងស្នេហ៍ជាមួយបុរសចំណាស់មានប្រពន្ធកូនហើយ ក៏ផ្ទុះកំហឹងយកសាំងមកដុតអ្នកទាំងពីរ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២០ និង ១០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ ពេជ្រ ឆុន ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ និងឈ្មោះ ពេជ្រ សាន់ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករ រងរបួសស្រាល អ្នកទាំងពីរ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងជាមួយគ្នា។
ប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ឈ្មោះ ពេជ្រ ឆុន បានប្រាប់ថា ខ្លួនបានទៅដេកនៅផ្ទះ ឈ្មោះពេជ្រ សាន់ ហើយឈ្មោះ តូច សាវឿន ហៅទិត្យ អាយុ២៥ឆ្នាំ​ ត្រូវជាកូនបង្កើតរបស់ ពេជ្រ សាន់ និងជាអ្នកចាក់សាំងដុតភ្លើង មកលើខ្លួននិងម្តាយរបស់គេ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការ ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ ពិទូ