ជិះម៉ូតូប្រដេញគ្នា ជ្រុលទៅបុករថយន្តកំពុងបើកឆ្លងផ្លូវរបួសធ្ងន់ស្រាល៣នាក់
-

ភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូឌុបគ្នាប្រដេញជាមួយម៉ូតូ២គ្រឿងទៀតក្នុងល្បឿនលឿនខណះមកដល់ចំណុចស្តុបក្រហមមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តដែលឆ្លងផ្លូវបណ្តាលអោយរងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះមុន្នីវង់ កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹកកេងកង២ ខណ្ឌចំការមន ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន ពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ2AJ 4009 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង់ ក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចស្តុបដោយសារអតិភាពភ្លើងខៀវទើបបត់ឆ្វេងបំណងទៅផ្លូវលេខ៣៦០ ស្រាប់តែមានម៉ូតូ៣គ្រឿងធ្វើដំណើរពីទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវព្រះមុន្នីវង់ក្នុងល្បឿនលឿនប្រដេញគ្នាដោយម៉ូតូ២គ្រឿងគេចផុងហើយម៉ូតូខាងក្រោយគេម៉ាកឃ្លីក ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CC-9020 ជិះគ្នាបីនាក់ក៏ជ្រុលបុកពីចំហៀងរថយន្តពេញទំហឹងបណ្តាលអោយអ្នកបើកបរបោលក្បាលនិងកញ្ចក់រថយន្តរងរបួសធ្ងន់ចំណែកអ្នកខាងក្រោយពីរនាក់ទៀតរបួសស្រាល ដោយឡែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដោះស្រាយពេលក្រោយ៕
ដោយៈ ភារ៉ា