ក្តិបចោរ ចូលម៉ាស្សាហើយ យកកូនកាំបិតចាក់នារីម៉ាស្សា ប្លន់យកទូរស័ព្ទដៃអាយហ្វូន៦ មួយគ្រឿង រត់គេចមិនរួច តែទីបំផុត..
ភ្នំពេញ ៖ ជនសង្ស័យវ័យក្មេងម្នាក់ បន្ទាប់ពីប្រើល្បិចចូលម៉ាស្សា យកកូនកាំបិតចាក់នារីម៉ាស្សាបណ្តាលឲ្យរងរបួស ប្លន់យកទូរស័ព្ទដៃអាយហ្វូន៦ មួយគ្រឿង រតគេចមិនរួច ប៉ូលីសបង្ក្រាបក្របួចជាប់ភ្លាមៗ។
ករណីនេះកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងហាងម៉ាស្សា យុីហោ លី ថីហ្វុង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ចាប ជីវ៉ា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាន ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះឈ្មោះ សៀន ឆេងហ៊ាន់ ភេទស្រី អាយុ២១ឆ្នាំ មុខរបរ នារីម៉ាស្សា ស្នាក់នៅក្នុងហាងកន្លែងកើតហេតុ ។ តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យជិះម៉ូតូនិចមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CD-1056 ទៅផ្ទះម៉ាស្សាខាងលើ ដោយយល់ព្រមព្រៀងគ្នា ទាំងជនសង្ស័យ ទាំងនារីរងគ្រោះ នាំគ្នាចូលបន្ទប់ បានមួយសន្ធុះក្រោយមក ស្រាប់តែជនសង្ស័យដកហូតកូនកាំបិត ដែលលាក់ទុកតាមខ្លួនស្រាប់ មកចាក់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសដៃ ថ្ពាល់ ប្លន់យកទូរស័ព្ទដៃ ម៉ាកអាយហ្វូន៦ មួយគ្រឿង ផ្អើលអ្នកនៅក្នុងផ្ទះ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅអន្តរាគមន៍ បង្ក្រាបចាប់ខ្លួនបានភ្លាមៗ ។ ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណុឌចាត់ការបន្តទៅតាមនីតិវិធី ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។