មនុស្សមួយគ្រួសារមានគ្នា៦នាក់ ត្រូវបានពុលផ្សិត ពេលនេះកំពុងតែ...
-

ព្រះវិហារ៖ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ មនុស្សមួយគ្រួសារ មានសមាជិក៦នាក់ បានរងនូវការពុលក្អូតចង្អោរពេញផ្ទះ ដោយសារតែពួកគាត់បានយកផ្សិតដែលរកបានពីក្នុងព្រៃមកចំអិនធ្វើម្ហូបរួចក៏ពិសា ស្រាប់តពុលទាំងគ្រួសារតែម្តង ហេតុការណ៍នេះបានកើតឡើងនៅចំណុច ភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមសម្តីរបស់លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា គ្រួសាររករងគ្រោះ ខាងលើ បានយកផ្សិតដែលរកបានពីក្នុងព្រៃមកចំអិនធ្វើម្ហូបហូប ក្រោយពីបរិភោគរួច ស្រាប់តែមានអាការៈវិលមុខ និងក្អូតចង្អោរតែម្តង។
លោកបានបន្តទៀតថា បន្ទាប់ពីមានអាការៈក្អួតចង្អោរហើយ ក៏បានយកគាត់ទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ហើយខណៈពេលនេះ ពួកគាត់ក៏បានធូរស្រាលបន្តិចហើយ។ ក្រោយពេលធូរស្រាលបានបន្តិច សមាជិកគ្រួសារបានប្រាប់ឲ្យដឹងថា ពួកគាត់មិនបានហូបអ្វីក្រៅពីផ្សិតនេះឡើយ ហើយផ្សិតដែលពួកគាត់ហូបនោះឈ្មោះថាផ្សិតកីង្គក់។ យោងតាមករណីនេះហើយ ទើបមន្ទីរជំនាញធ្វើការសន្និដ្ឋានថា ពួកគាត់គឺពុលផ្សិតពិតប្រាកដមែន៕
ដោយ៖​ និស្ស័យ