ប្រាសាទបន្ទាយស្រីស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ នៃទិសខាងជើងភាគខាងកើតនៃក្រុងសៀមរាប ហើយមានទីតាំងក្នុងទីក្រុងបុរាណឈ្មោះ ឥស្វរបុរ(អិុ ស្វាក់ រ៉ាក់ បុ រ៉ាក់) ប៉ុន្តែឥឡូវតំបន់នេះត្រូវបានក្លាយទៅជាស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ។ ប្រាសាទនេះត្រូវបានអ្នកស្រុកនៃសម័យក្រោយហៅ ឈ្មោះថា ប្រាសាទបន្ទាយស្រី ដោយសំអាងលើចម្លាក់រូបចម្លាក់ទេពអប្សរនៅជញ្ជាំងនៃប្រាង្គសំខាន់ទាំងបីរបស់ប្រាសាទនេះដែលមានសម្រស់ដ៏ល្អស្អាតប្រៀបបីដូចស្រី សួគ៌ពិតៗចុះមកកសាងប្រាសាទនេះ ។ ប្រាសាទបន្ទាយស្រី ចេញមកពីពាក្យ ៣ផ្គុំចូលគ្នា ក្នុងនោះ មានពាក្យ “ប្រាសាទ” មានន័យថា ជាវិហារសម្រាប់អាទិទេពគង់នៅ “បន្ទាយ” មានន័យថាទីកន្លែងសម្រាប់ប្រជាជនរស់នៅ តែបច្ចុប្បន្នពាក្យនេះត្រូវបានសំគាល់ថាជាមូលដ្ឋានរបស់កងព័ទទៅវិញ “រីឯពាក្យ ស្រី ឬស្រីុ” មានន័យថា “សិរីសួស្តី” ឬសោភណ្ឌភាព ។ ដូច្នេះ “ប្រាសាទបន្ទាយស្រី” មានន័យថា “ជាទីកកន្លែងសម្រាប់មនុស្សរស់នៅដើម្បី គោរពបូជាដល់ព្រះអាទិទេព ដើម្បីទទួលបាននូវសុខសិរីសួស្តី” ។ ប៉ុន្តែយោងតាមសិលាចារឹក ឈ្មោះពិតរបស់ប្រាសាទនេះគឺ ត្រីភុវនមហេស្វរៈ(ត្រី ភុ វៈ នៈ មៈ ហេស ស្វាក់ រៈ) “ត្រី” មានន័យថាបី “ភុវន” មានន័យថា “ភូមិស្ថាន” និងពាក្យ “មហេស្វរៈ” មានន័យថា “អង្គព្រះឥសូរក្នុងទម្រង់សិវលិង្គ” ដូច្នេះប្រាសាទ “ត្រីភុវនមហេស្វរៈ” មានន័យថា “ប្រាសាទដែលមានព្រះមហេស្វរៈគ្រប់គ្រងស្ថានទាំងបី ហើយ ជាទីកន្លែងសម្រាប់ឧទ្ទិសចំពោះព្រះឥសូរ” ។ ប្រាសាទនេះត្រូវបានគេកសាងក្នុងឆ្នាំ ៩៦៧ នៃគ្រិស្តសក-រាជ ដោយព្រះរាជគ្រូ យជ្ញវរហ (យៈ+ ញៈ +វៈ +រៈ +ហៈ) ឬ (យ៉ាញ់ ញ៉ាក់ វាក់ រាក់ ហាក់) និងប្អូនប្រុសរបស់គាត់ ឈ្មោះវិស្ណុកុមារជាអ្នកជួយការបន្ថែម ។ ព្រះរាជគ្រូជាទីប្រឹក្សាជាន់ខ្ពស់របស់ព្រះមហាក្សត្រព្រះបាទ រាជេន្រ្ទវម្ម៌ទី ២ (រា ជេន ទ្រាក់ វាក់ រៈ ម៉ាន់)(ឆ្នាំ៩៤៥-៩៦៨) បន្ទាប់មកក្លាយជាព្រះរាជគ្រូរបស់ព្រះបាទជយវម្ម៌ទី ៥ (ឆ្នាំ៩៦៨-១០០១)ដែលព្រះអង្គត្រូវជាបុត្ររបស់ព្រះបាទរាជេន្រ្ទវម្ម៌ទី ២ ។ (លោក ហែម សោភ័ន្ត ទំព័រ ៧៥ អាណាចក្រអង្គរ) ។