អបអរសាទរ! អស់រយៈពេលមួយឆ្នាំហើយ ដេ​ន​នី ក្វាន់ ត្រូវផ្អាកពីសិល្បៈ តែពេលនេះក្រសួង​សម្រេច​លើកលែង​ការ​ដាក់​ពិន័យនេះ..
សីហា
-

ភ្នំពេញ​ ៖ ​តារា​សម្តែង​រូប​ស្រស់​កញ្ញា ដេ​ន​នី ក្វាន់ បើ​គិត​មកទល់ពេលនេះ​គឺមាន​រយៈពេល​១​ឆ្នាំ​ហើយ​ ដែល​ត្រូវ​រង​ការ​ពិន័យ​ផ្អាក​សិល្បៈ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​លើ​កំហុសឆ្គង​នៃ​ការ​ស្លៀកពាក់​សិច​ស៊ី​ខើច​លើ​ខើច​ក្រោម​កាលពី​គ្រាកន្លងមក។ ប៉ុន្តែ​បន្ទាប់ពី​ការ​ដាក់​ពិន័យ​គឺ​តារា​ស្រី​រូបនេះ​ បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ពី​ការ​ស្លៀកពាក់​សិច​ស៊ី​មក​ស្លៀកពាក់​បែប​នារី​ស្រគត់ស្រគំ​ជាមួយ​ការបង្ហាញ​សកម្មភាព​មនុស្សធម៌​ដែល​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​លើក​សរសើរ​ច​រិ​ត​របស់​នាង។

ជាក់ស្តែង​បើតាម​ប្រភពពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៨​នេះ​នៅ​សាលប្រជុំ​នៃ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​:​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ​ បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​លោក​ចំរើន វ៉ាន់​ថា អនុប្រធាន​លេខាធិការដ្ឋាន​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ​ភឿង ស​កុ​ណា​ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​:​ដើម្បី​ពិនិត្យ​សម្រេច​លើកលែង​ការដាក់ពិន័យ​ចំពោះ​តារា​សម្តែង​កញ្ញា ដេ​ន​នី ក្វាន់។
ប្រភព​ដដែល​នោះ​ក៏បាន​បញ្ជាក់ទៀតថា ​កិច្ចប្រជុំ​ខាងលើនេះ​ក៏​ដើម្បី​ពិនិត្យ​សម្រេច​លើក​សរសើរ​ដល់​សិល្បករ​-​សិល្បការិនី​ដែល​តែង​ប្រកាន់​ឥរិយាបថ​ស្របតាម​ក្រមសីលធម៌​នៃ​អ្នក​សិល្ប​:​និង​ដែលមាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​សិល្ប​:​ផង​ដែរ។ ដោយឡែក​ចាប់អារម្មណ៍​មកលើ​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ ឯ​ណោះ​វិញ​នាង​ក៏បាន​ប្រកាស​ទទួលយក​លើក​ការសម្រេច​របស់​ក្រសួង​ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​នោះ។
កញ្ញា ដេ​ន​នី ក្វាន់ បាន​លើកឡើងថា លទ្ធផល​យ៉ាងណា​នាង​ខ្ញុំ​ព្រម​ទទួល​យ៉ាង​ពេញចិត្ត​….!​ទោះ​អោយ​សិទ្ធិ​នាង​ខ្ញុំ​ចូល​សិល្បៈ​វិញ​ឬ​មិនអោយ​ក៏​ស្រប​តាម​គឺ​អត់​ប្រកែក​ទេ​។​អស់​រយៈពេល​មួយឆ្នាំ​ហើយ​ដែល​ខ្ញុំ​ផ្អាក​ពី​សិល្បៈ​ ចុះបើ​ឥឡូវ​ខ្ញុំ​មានឱកាស​ចូល​សិល្បៈ​វិញ​តើ​អ្នក​ទាំងអស់គ្នា​នៅ​គាំទ្រ​ខ្ញុំ​ដែរ​ទេ​?៕​