ពិតជាអស្ចារ្យណាស់! រកឃើញដើមគគីយក្សមួយដើមកប់ក្នុងដីនៅវិហារសួគ៌ សង្ស័យអាយុកាលមិនក្រោម ១ ពាន់ឆ្នាំ
កណ្តាល៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅរណ្តៅដីមួយកន្លែង ក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយពលរដ្ឋក្នុងភូមិ បានជីកដីត្រពាំងស្រាប់តែប៉ះចំដើមគគីមួយដើមមានទំហំប៉ុនរថយន្ត និងមានប្រវែង ជិត៣០ម៉ែត្រ។ លោក ភាស់ សុភាក់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ ឱ្យដឹងថា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ ម្ចាស់ដីបានជួលគ្រឿងចក្រមួយគ្រឿង ដើម្បីជីកដីធ្វើជាស្រះទឹក ស្រាប់តែប៉ះចំវត្ថុរឹង បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង លុះកាយរហូតដល់ជម្រៅ៤ម៉ែត្រ ទើបដឹងច្បាប់ថាវត្ថុរឹងនេះ ជាដើមគគីមួយដើម។
លោក ភាស់ សុភាក់ បានបន្តថា បើតាមចាស់ព្រឹទ្ធាចារ្យ នៅក្នុងភូមិថាដើមគគីនេះ មានអាយុមិនក្រោម១០០០ឆ្នាំ នោះទេ។ ជាមួយគ្នាប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានសន្និដ្ឋានស្រដៀងគ្នាថា ដើមគគីយក្សមួយដើមនេះ ប្រហែលជាអាចត្រូវបានទឹកជំនន់ហូរនាំយកទីល នៅក្នុងតំបន់ឃុំវិហារសួគ៌នេះ ជាច្រើនទសវត្សមកហើយ ព្រោះនៅទីនេះជិតផ្ទះប្រជាពលរដ្ឋមិនដែលបានដឹងថា មានដើមគគីដ៏ធំនេះ កប់ក្នុងដីនោះទេ ហើយតំបន់នេះក៏មិនដែលមានដើមគគីដុះដែរ។ រហូតមកដល់ពេលនេះ មិនទាន់មានក្រុមជំនាញណាមួយ មកត្រួតពិនិត្យដើមគគី ដើម្បីវាយតម្លៃពី អាយុកាលប៉ុន្មានឆ្នាំ និងមានប្រភពមកពីតំបន់ណានោះទេ នេះគ្រាន់ជាការសន្និដ្ឋាន របស់ប្រជាពលរដ្ឋ នៅក្នុងមូលខាងលើតែប៉ុណ្ណោះ។ ទីតាំងក្នុងតំបន់ព្រះវិហារសួគ៌ ជាតំបន់ប្រវត្តិសាស្ត្រ និងតំបន់ដ៏ពិសិដ្ឋសម្រាប់អ្នកគោរពជំនឿសាសនា ព្រមទាំងជាសក្ការៈបូជាបែបព្រះពុទ្ធសាសនាផងដែរ ហើយកន្លែងនេះ បានបង្កប់នូវអបិយជំនឿយ៉ាងច្រើនដែលបានបន្សល់ ទុកតាំងពីបុរាណកាលរហូតដល់សព្វថ្ងៃនេះផងដែរ។ ទទឹមនឹងនេះប្រជាពលរដ្ឋ សូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច សូមដឹកនាំកម្លាំងជំនាញ មកពិនិត្យលើដើមគគីយក្សនេះ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។