CRVបើកបុករះរុឺម៉កម៉ូតូ រួមទាំងម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៧នាក់នៅជាប់មន្ទីពេទ្យកាល់ម៉ែត្រ
ណារ៉ា
-

ភ្នំពេញ ៖ រថយន្តម៉ាកCRVមួយគ្រឿង បានបើកបុករះរុឺម៉កម៉ូតូ រួមទាំងម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៧នាក់ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ នៅវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ80 ជាប់និងរបងមន្ទីពេទ្យកាល់ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

‎ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរុឺម៉កម៉ូតូ(តុក តុក)បានដឹកអ្នកដំណើរឡើងពេញរុឺម៉ក មានទាំងក្មេង មានទាំងចាស់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៨០ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-6066 ដែលបើកបរដោយបុរសម្នាក់បានធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនយ៉ាងលឿន ហើយក៏បានរេចង្កូតមកឆ្វេងដៃ បុករុឺម៉កម៉ូតូ(តុកតុក)ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរុឺម៉កម៉ូតូក្រឡាប់ចាក់មនុស្សចោលពេញផ្លូវ រងរបួសធ្ងន់ស្រាលទាំងអស់៧នាក់ ចំណែករថយន្តបង្កនៅមិនទាន់អស់ល្បឿន បានជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាស់គ្នា ដោយមានម៉ូតូម៉ាកCBR និងម៉ូតូMove បណ្ដាលឲ្យគៀបជាប់និងផើងផ្ការងការខូចខាត និងរងរបួសតិចតួច ។
‎ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះខាងរុឺម៉កម៉ូតូ៧នាក់ខាងលើ ត្រូវបានប្រជាពលរដ្ឋដឹកបញ្ចូនចូលមន្ទីពេទ្យកាល់ម៉ែត្រដោយមិនដឹងថារបួសធ្ងន់ប៉ុន្មាននាក់ ស្រាលប៉ុន្មាននាក់នោះទេ ។ចំណែកម្ចាស់រថយន្តបង្ក បានព្យាយាមចុះពីលើរថយន្ត គេចខ្លួនបាត់ស្រមោល ។ រីឯម៉ូតូCBR និងម៉ូតូMove ដែលត្រូវរថយន្តបង្កបុករងការខូចខាតតិចតួចខាងលើនោះ បានយកម៉ូតូជិះចេញពីកន្លែងកើតហេតុទៅបាត់ ដោយមិនចង់នៅមានរឿងវែងឆ្ងាយឡើយ ។
‎ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែង យករថយន្តបង្ក និងរុឺម៉កម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យ នៃស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំភាគីទាំង២ ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕