សុំសរសើរ! កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឃាត់ខ្លួនពាក់ព័ន្ធករណីកាច់កម៉ូតូនឹងជួញដូរថ្នាំញៀន ក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះ
ភ្នំពេញ៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋជុំវិញករណីចោរកាច់កម៉ូតូ កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលស្ទឹងមានជ័យទី៣ បានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ កាលពីវេលាម៉ោង១៥ និង ៣០ នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
លោកអនុសេនីយ៍ឯក ឯម ភារី នាយប៉ុស្ដិ៍នរដ្ឋបាលស្ទឹងមានជ័យ៣ បានអោយដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ , ទី២ឈ្មោះ ធឿន សុខហេង ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នឹងទី៣ឈ្មោះ អ៊ឹម ថន ហៅ ពៅ ភេទប្រុស អាយុ៣៨ ឆ្នាំមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ ម៉ង សាម៉ុច ភេទប្រុស អាយុ២២ ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ លោកនាយប៉ុស្តិបានបន្ដថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ដែលពាក់ស្លាកលេខភ្នំពេញ1BV-0589 ពីផ្ទះជួលភូមិត្រពាំងថ្លឹង ទៅលេងផ្ទះបងប្អូនជីដូនមួយនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ រួចក៏ទុកម៉ូតូពីមុខបន្ទប់ហើយបាននាំគ្នាចូលក្នុងបន្ទប់បាត់អស់ មួយសន្ទុះក៏ចេញមកវិញមើលម៉ូតូ ស្រាប់តែឃើញជនសង្ស័យទាំង៣នាក់លួចកាច់កម៉ូតូរបស់ខ្លួនជិះរត់គេចខ្លួនបាត់ភ្លាមៗ ហើយម្ចាស់ម៉ូតូក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិរដ្ឋបាលស្ទឹងមានជ័យទី៣ ។ លោកបានបញ្ជាក់ថាក្នុងថ្ងៃដដែរនោះនគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរនឹងប្រើប្រាស់ថ្នាំញៀន ។ ក្រោយពេលសមត្ថកិច្ចធ្វើការសាកសួររួចកម្លាំងសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៤នាក់ទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិធីច្បាប់ ៕ ដោយៈ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។