គ្រាន់តែបារម្ភពីសុខទុក្ខកសិករខ្មែរ ត្រូវរដ្ឋមន្ត្រីចាត់ទុកជាជនអគតិ ?
គ្រាន់តែលឺដំណឹងថា មានក្រុមហ៊ុនវៀតណាម មានគម្រោងចង់មកវិនិយោគដាំបន្លែ ផ្លែឈើនៅប្រទេសយើង ខ្ញុំធ្លាក់ខ្លួនឈឺរត់មកពេទ្យនៅថៃតែម្ដង ។ ហេតុអីបានភ័យព្រួយ ? ព្រួយព្រោះបន្លែផ្លែឈើវៀតណាម ជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់សហគមអ៊ឺរ៉ុបថាជាបន្លែផ្លែឈើដែលមានផ្ទុកសារធាតុគីមីបង្ករគ្រោះថ្នាក់ដល់សុខភាពច្រើន ។ ចំណែករដ្ឋាភិបាលវៀតណាមក៏ទទួលស្គាល់ថា បន្លែផ្លែឈើដាំនៅក្នុងប្រទេសវៀតណាមមានសារធាតុគីមីច្រើនដែរ រហូតដល់ថ្នាក់វៀតណាមបង្ខំចិត្តនាំបន្លែ ផ្លែឈើពីប្រទេសចិន និង ប្រទេសថៃ ទៅប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន ។
វៀតណាមដាំបន្លែ ផ្លែឈើ នៅក្នុងប្រទេសខ្លួនដែលមានច្បាប់តឹងរឹងផង នៅសំបូរសារធាតុគីមីច្រើន ចុះបើមកដាំនៅកម្ពុជា តើនឹងមានអ្វីកើតឡើង ? តើក្រសួងកសិកម្មអាចគ្រប់គ្រងអំពីការប្រើថ្នាំគីមីលើសចំណុះបានទេ បើបន្លែ ផ្លែឈើ ត្រីសាច់ នាំចូលមានផ្ទុកគីមី គ្រប់គ្រងមិនបានផង ? ចំពោះក្ដីបារម្ភរបស់ពលរដ្ឋដូចជាគ្មានអ្វីខុសឆ្គងទេ ហេតុដូចម្ដេចក៏រដ្ឋមន្ត្រី ក្រសួងកសិកម្ម ចាត់ទុកអ្នកដែលបារម្ភអំពីសុខភាពពលរដ្ឋ បារម្ភអំពីវាសនាកសិករខ្មែរជាជនអគតិទៅវិញ ? ឬមួយគម្រោងទឹកប្រាក់ ១០០០ លាន ដុល្លារ ធ្វើអោយឯកឧត្ដមមើលមិនឃើញពីក្ដីបារម្ភរបស់ពលរដ្ឋ ? ម្យ៉ាងវិញទៀត បើពលរដ្ឋគ្រប់គ្នាមានចំណេះដឹងខ្ពង់ខ្ពស់ មិនមែនសុខចិត្តនៅជារាស្ត្រ ជាកសិករសាមញ្ញទេ ប្រហែលជាឡើងធ្វើរដ្ឋមន្ត្រីជំនួសឯកឧត្ដមបាត់ទៅហើយ ។ ប្រភពៈ Pheng Vannak News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។