គួរប្រុងប្រយ័ត្នប្រុសៗ ! Karaoke យីហោ ម៉ាន់នី នៅផ្លូវ២០០៤ លក់ស្រាបៀរមួយកេស២០$ តែផឹកមិនទាន់អស់កន្លះកេសផង គិតលុយអស់ជាង៥០មុឺនរៀល
-

(ភ្នំពេញ)៖ នៅម៉ោង១១យប់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៨ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយដល់ប្រជាពលរដ្ឋជាច្រើន នៅតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពី Karaoke យីហោ ម៉ាន់នី KTV មួយកន្លែងក្បែនោះ បានប្រើល្បិចឲ្យភ្ញៀវចូលផឹកសុី ដោយប្រាប់ថាតម្លៃធូថ្លៃ តែពេលគិតលុយ បែជាថ្លៃកប់ពពក ។

បើតាមសម្ដីយុវជន៣នាក់ ដែលជាអ្នកចូលផឹកសុីក្នុងហាង យីហោ ម៉ាន់នីKTVខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលមានរឿងនេះ គឺ ពួកគាត់បានធ្វើដំណើរតាមផ្លូវ២០០៤នេះ ដោយគ្មានបំណងចង់ចូលផឹកសុីនោះទេ តែពេលពួកគាត់ជិះឌុបគ្នាមកដល់មុខហាងខាងលើ ក៏ត្រូវបានគេកាក់ម៉ូតូអោយឈប់ និងឲ្យចូលក្នុងហាងខារាអូខេ ដោយនិយាយប្រាប់តំលៃផឹកសុីធូរធ្លៃពេក ដោយមួយឈុត ស្រាបៀរគិតតែ២០ដុល្លារតែប៉ុណ្ណោះ និងហ្វ្រីមុខម្ហូប៤មុខទៀត ។ រួចពួកគាត់ក៏ចូលផឹកសុីនៅទីនោះទៅ ដោយពួកគាត់មិនបានហៅរបស់ហូបថែម រឺក៏នារីមកអង្គុយក្បែរដែរ ។
យុវជនទាំង៣នាក់ខាងលើបានបន្តថា ដោយពួកគាត់កំពុងតែអង្គុយផឹក ឃើញមានម្ហូបគេលើកដាក់ឲ្យជាហូហែរទាំងមិនបានហៅ រួចពួកគាត់មានការសង្ស័យ ក៏ឲ្យគិតលុយ ត្រឹមស្រាបៀរកន្លះកេស ។ ដល់ពេលយកបុងមកមើល ស្រាប់តែអស់៥៨មុឺនរៀល វាលើពីអ្វីដែលបានប្រាប់មុននិងចូលផឹកសុីនោះ ។ ទើបធ្វើឲ្យពួកគេកើតទុកមិនសុខចិត្ត មានការតវ៉ាគ្នាទៅវិញទៅមក រហូតម្ចាស់ហាងបានយកម៉ូតូមួយគ្រឿងរបស់យុវជនទាំង៣នាក់ខាងលើ ទៅទុកក្នុងហាងតែម្ដង ។ បន្ទាប់មកក៏មានការឆោឡោឡើងដល់សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចឃាត់អ្នកមើលការម្នាក់ និងយុវជនទាំង៣នាក់ខាងលើទៅកាន់ប៉ុស្តិ៍នគរបាល កាកាប១ ដើម្បីធ្វើការសួរនាំ ។
ក្រោយពីមានការសួរនាំពីសមត្ថកិច្ចមូលដ្ឋានរួចហើយនោះ ភាគីខាងខារាអូខេ យីហោ ម៉ាន់នីKTVខាងលើ សុំយកលុយពីយុវជនទាំង៣នាក់ខាងលើ ត្រឹមតែ២០$ ដើម្បីបញ្ចប់រឿងនៅក្នុងប៉ុស្ដិ៍តែម្ដង ។
សូមបញ្ចាក់ថា រឿងខារាអូខេនៅតាមផ្លូវ២០០៤តែងតែកោភ្ញៀវនេះ គឺកើតមានឡើងស្ទើរតែរាល់ថ្ងៃផងដែរ ហើយក៏ធ្លាប់មានរឿងផ្ទុះហឹង្សាដាក់ភ្ញៀវផងដែរ ដូចនេះសូមបងប្អូនដែលមានបំណងចូលខារាអូខេម្តុំនេះសូមពិចារណាសិនមុននិងចូល ហើយក៏សូមឲ្យអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ ជួយមានវិធានការរៀបចំសណ្ដាប់ធ្នាប់ទីកន្លែងនេះឲ្យបានល្អផង ដើម្បីអនុវត្ត​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ ៕
ដោយៈ ភារ៉ា