រកឃើញច្បាស់ហើយ ទឹក​ក្នុង​ព្រែក​ទេរខេត្តក្រចេះ​«​ពុល​» មិនមែន​ដោយសារ​ថ្នាំ​សម្លាប់​ស្មៅ​ទេ គឺមកពីសារធាតុ​គីមី​សម្រាប់​លាង​សម្អាត​រ៉ែ​មាស
-

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បានអោយ​ដឹង​ថា ករណី​ពុល​ស្លាប់​មនុស្ស​ជាង​១០​នាក់ និង​រាប់រយ​នាក់​ផ្សេង​ទៀត​ពុល​ខ្លាំង ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ មាន​ទាំង​ក្មេង​ទាំង​ចាស់ នៅ​ស្រុក​ចិត្ត​បូ​រី ខេត្តក្រចេះ នោះ គឺ​ដោយសារ​ពុល​នឹង​សារធាតុ​គីមី​សម្រាប់​លាង​សម្អាត​រ៉ែ​មាស មិនមែន​ថ្នាំ​កសិកម្ម​បាញ់​សម្លាប់​ស្មៅ​ទេ ។

លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​បន្ត​ថា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​និង​កំពុង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី ដើម្បី​ត្រួតពិនិត្យ និង​មាន​វិធានការ ផង​ដែរ ។ ហើយ​ក្រសួង បាន​បញ្ជូន​ក្រុម​បេស​កម្ម​ចម្រុះ មាន​វិទ្យាស្ថាន​ស្តងដារ នៃ​មន្ទីរពិសោធន៍​របស់​ក្រសួង រួម​ជាមួយ​អគ្គនាយកដ្ឋាន​ទឹក​ស្អាត ដែល​ចុះ​ទៅ​ជាមួយ​មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ ហើយ​ក្រសួង​បាន​យក​ទឹក មាន​ប្រភព​នៅ​ជិត​ៗ​ព្រែក​ទេរ យក​ច្រើន​កន្លែង​មក​វិភាគ តាំងពី​ដើម​ទី រហូត​ដល់​ចុង​ទី ដើម្បី​មើល​ថា វា​មាន​ជាតិពុល​របៀប​ម៉េច ?
ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បន្ត​ទៀត​ថា ថ្ងៃ​ដំបូង​ដែល​ធ្វើការ​វិភាគ បង្ហាញ​អោយ​ឃើញ​ថា ក្រៅពី​ប្រជាជន​ដែល​ពុល​ស្រា​ក្នុង​ខេត្តក្រចេះ គឺ​មាន​ប្រជាជន​ពុល ដោយសារ​ទឹក ហើយ​មាន​ប្រជាជន​ដែល​យក​ទឹក​ព្រែក​ទេរ​នឹង មក​ធ្វើ​នំអន្សម​លក់ អ្នកទិញ​ក៏​ពុល​ដែរ ។ ដូច្នឹង ហេតុ​អ្វី​បានជា​វា​ពុល ? ក្រសួង​បាន​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ឃើញ​ក​ម្រឹត​នៅ​ក្នុង​ទឹក មាន​ជាតិ​សារធាតុ​«​ក្រូម​» (Chromium) ។ គីមី​ក្រូម​នឹង​គឺ​ប៉ះពាល់​ដល់​គ្រឿងក្នុង​របស់​មនុស្ស​យើង​ច្រើន​ណាស់ នេះ​ជា​ការ​ស្រាវជ្រាវ​លើក​ទី​១ ហើយ​ទី​២ ឃើញ​មាន​សារធាតុ​គីមី​ពុល​«​ហ្សា​នី​ត​» ទៀត ។
លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បញ្ចា​ក់ថា ពី​ដំបូង​មានការ​សន្និដ្ឋាន​ថា មានការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​ស្មៅ ពី​សំណាក់​ប្រជា​កសិករ ពី​ផ្នែក​ខាងលើ នៃ​ព្រែក​ទេរ​មក ប៉ុន្តែ​ថ្នាំ​សម្លាប់​ស្មៅ​នេះ វា​មិន​មាន​សារធាតុ​គីមី​ពុល​«​ហ្សា​នី​ត​»​ទេ ។ ក្រសួង​ក៏​ស្រាវជ្រាវ​បន្ត​ទៅ​ទៀត​ថា តើ​សារធាតុ​គីមី​ពុល​«​ហ្សា​នី​ត​»​គេ​យក​មក​ធ្វើ​អី ?
លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បន្ថែម​ថា គីមី​ពុល​«​ហ្សា​នី​ត​» គេ​ប្រើ​សម្រាប់​លាង​មាស​ពី​អាច​ម៌​ដី​នៃ​រ៉ែ ។ ចឹ​ង​រ៉ៃ​នោះ​នៅឯណា ? ក្រុម​បេស​កម្ម​ចម្រុះ​បាន​ស្រាវជ្រាវ​ឡើង​រហូត​ទៅ​ដល់​ខេត្តមណ្ឌលគិរី ព្រោះ​ព្រែក​ទេរ មាន​ប្រភព​មក​ពី​មណ្ឌលគិរី ជា​លទ្ធផល​ទៅ​ដល់​កន្លែង​អាជីវកម្ម​មាស​ទាំងនោះ ទាំង​មានច្បាប់​អនុញ្ញាត និង​គ្មាន​ច្បាប់ រក​ឃើញ​ធុង​សារធាតុ​គីមី​ពុល​«​ហ្សា​នី​ត​» នៅ​ទីនោះ​ទៀត ។
លោក​ទេស​រដ្ឋមន្ត្រី ប្រាប់​ថា ពួក​នេះ​(ម្ចាស់​​អាជីវកម្ម​រ៉ែ​មាស​)​ប្រើ​ហើយ អត់​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព អី​ទេ ដល់​ពេល​មាន​ភ្លៀង ទឹក​វា​ហូរ​ដល់​ព្រែក ។ អំឡុង​ពេល​ចុះ​តាមដាន មន្ត្រី​របស់​ក្រសួង​បាន​រក​ឃើញ អ្នក​ជីក​រ៉ែ​មាស ដែល​កំពុង​ធ្វើ​អាជីវកម្ម នៅ​តាង​ដឹង​ស្ទឹង​ព្រែក​ទេរ​នោះ ហើយ​មាន​ប្រើប្រាស់​សារធាតុ​គីមី​សម្រាប់​លាង​សម្អាត​មាស ដែល​មាន​ភាព​ពុល​ខ្លាំង ។
លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏​បាន​បញ្ជាក់​ផង​ដែល​ថា រាជរដ្ឋាភិបាល​នឹង​មាន​វិធានការ​លើ​អាជីវកម្ម​រ៉ែ​ទាំងនោះ នាង​ពេល​ខាង​មុខ​នេះ ពិសេស​អាជីវកម្ម​គ្មាន​ច្បាប់​តែ​ម្តង ដែល​ប្រើ​សារធាតុ​គីមី​ពុល​«​ហ្សា​នី​ត​» ស្រេច​ចិត្ត ហើយ​មិនដឹង​សុំ​នាំ​ចូល​បាន ពី​ច្រក​ណា​មក​ទេ ។
សូម​បញ្ជាក់​ថា គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​ប្រជាពលរដ្ឋ​ដែល​ស្លាប់​ដោយ​សង្ស័យ​ពុល នៅ​ខេត្តក្រចេះ បាន​កើន​ដល់​១៤​នាក់​ហើយ ក្នុង​នោះ​មាន​ស្រី​៩​នាក់ និង​ជន​រង​គ្រោះ​ចំនួន​ជាង​២០០​នាក់​ទៀត​កំពុងធ្វើការ​សង្គ្រោះ និង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ និង​មន្ទីរពេទ្យ​កាល់់​ម៉ែ​ត រាជធានី​ភ្នំពេញ ។
ហេតុការណ៍​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ស្រែ​ន​ន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​ប្រជាពលរដ្ឋ​រង​គ្រោះ​មាន​រោគ​សញ្ញា​ដូច​ជា ឈឺពោះ​, ក្អួតចង្អោរ​, ឈី​ក​, អស់កម្លាំង​, ទន់ដៃទន់ជើង​, វិលមុខ និង​ថប់ដង្ហើម រហូត​បណ្តាល​ឲ្យ​ស្លាប់ និង​ជន​រង​គ្រោះជា​ច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរពេទ្យ​កាល់់​ម៉ែ​ត ។ ដោយឡែក នៅ​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃ​ទី​១០ ឧសភា ២០១៨ ជន​រង​គ្រោះ​ដែល​ពុល បាន​កើនឡើង​ជាង​៣០​នាក់ បាន​កើតឡើង​នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខណៈ​ដែល​ពី​ដំបូង បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​១៤​នាក់ រង​នូវ​អាកា​រៈ​ក្អូ​ត​ចង្អោរ ៕ ប្រភពៈ Heng Ly