លោក Liu Quoqing និងប្រពន្ធ Zhangជាជនជាតិចិន បានបាត់កូនប្រុសម្នាក់អាយុជាង ៤ឆ្នាំឈ្មោះ Liu Qiangqiang ដែលជារឿងរ៉ាវពិតកាលពីជាង ១០ឆ្នាំមុន ខណៈពួកគាត់កំពុងឈររង់ចាំរថភ្លើងក្នុងទីក្រុងដើម្បីទៅសួរសុខទុក្ខបងប្អូនសាច់ញាតិ។ ពេលពួកគាត់កំពុងទិញនំកញ្ចប់នៅស្ថានីយរថភ្លើង កូនរបស់គាត់ដើរវង្វេងបាត់សូន្យឈឹងរកពុំឃើញ។ ឪពុកម្ដាយចាប់ផ្ដើមយំផង ដើររកផងតែមិនឃើញសូម្បីស្រមោល ធ្វើឲ្យពួកគាត់ពិបាកចិត្ត ខឹងខ្លួនឯងដែលបណ្ដោយឲ្យបាត់កូនដោយសារតែការធ្វេសប្រហែសតែមួយប៉ប្រិចភ្នែក។ ពួកគាត់ដើររកគ្រប់ទីកន្លែង និងរង់ចាំនៅស្ថានីយពេញមួយថ្ងៃ រួចបន្តទៅរកនៅតាមខេត្តក្បែរខាងក្រុងទៀត ប៉ុន្តែរកមិនឃើញដដែល។ ដោយក្ដីបារម្ភចំពោះកូនជាច្រើនថ្ងៃ អាណិតកូនមិនដឹងជាស្លាប់ឬរស់ គាត់ប្រែជាមានអាការៈធុញថប់មួម៉ៅតប់ប្រមល់ដោយសារក្ដីកើតទុក្ខ។ ជាច្រើនខែកន្លងទៅ ជាសំណាងល្អ អ្នកស្រី Zhang សម្រាលបានកូនស្រីស្រស់ស្អាតម្នាក់ទៀត ប៉ុន្តែទោះបានកូនស្រីនេះ ក៏ពួកគាត់នៅតែមានអារម្មណ៍ថា គ្រួសារបាត់បង់សមាជិកម្នាក់ដដែលព្រោះគ្មានវត្តមានកូនប្រុស។
ពួកគេចិញ្ចឹមចិត្តបន្តស្វែងរក មិនដែលគិតចង់បោះបង់ ហើយសង្ឃឹមយ៉ាងមុតមាំថា នឹងរកឃើញនៅថ្ងៃណាមួយមិនខាន។ ពួកគាត់ស្វែងរកទាល់តែភ្លេចរកស៊ី និងប្រកបការងារផ្សេងៗ រហូតធ្វើឲ្យគ្រួសារធ្លាក់ខ្លួនក្រគ្មានចំណូល។ ពេលវេលាចេះតែកន្លងផុតទៅ ៥ឆ្នាំ អ្នកជិតខាងគេបានរើ និងជួសជុលផ្ទះថ្មីខ្ពស់ប្រសើរជាងមុន ប៉ុន្តែគ្រួសាររបស់ Liu រស់នៅក្នុងផ្ទះតូចចាស់ធ្លុះមុខ ធ្លុះក្រោយដដែល។ លើសពីនេះទៀត ការធ្វើដំណើរស្វែងរកកូនប្រុស បានធ្វើឲ្យពួកគេអស់ប្រាក់សន្សំស្ទើរគ្មានសល់។ ថ្ងៃមួយ នៅពេល Liu កំពុងជជែកលេងជាមួយអ្នកចុងភូមិខាងកើតមានអ្នកជិតខាងម្នាក់ឈ្មោះ សាន បានរត់សំដៅមករកគាត់ រួចនិយាយថា “ពូ Liu ខ្ញុំបានឃើញកូនប្រុសរបស់ពូហើយ។ គេកំពុងទៅរៀននៅសាលាបឋមសិក្សា Diyi ប្រហែលជាមានគេយកទៅចិញ្ចឹមហើយ តោះទៅមើលខ្លួនឯង”។ ក្រោយពីឮគេប្រាប់បែបនេះ លោក Liu មានអារម្មណ៍ត្រេកអរភ្លាម ប៉ុន្តែមិនទាន់ជឿទាំងស្រុងទេ ហើយបានសួរបញ្ជាក់ថា “ឯងច្រលំទេដឹង? រយៈពេលជាច្រើនឆ្នាំមកហើយ តើឯងនៅចំណាំកូនប្រុសពូបានទៀត”? លោក សាន តបវិញថា “ខ្ញុំពិតជានៅចាំកូននេះបាន ខ្ញុំធ្លាប់បីពរដោយដៃផ្ទាល់ពេលគេនៅក្មេង ខ្ញុំចាំថា កូននោះមានស្នាមដៅមួយលើដៃ។ ខ្ញុំចាំមិនខុសទេ។” លោក Liu មិនមានហេតុផលណាត្រូវសង្ស័យថា សុខៗ លោក សាន ឯណាទៅបង្កើតរឿងដ៏រសើបបែបនេះទេ។ ដូច្នេះគាត់សម្រេចចិត្តថា នឹងទៅទីក្រុងដើម្បីផ្ទៀងផ្ទាត់សិន មុនទៅប្រាប់ប្រពន្ធឲ្យដឹង។ នៅថ្ងៃបន្ទាប់ Liu បានក្រោកពីព្រលឹមទៅជិះរថភ្លើងម្នាក់ឯងទាំងអន្ទះអន្ទែងចង់ឃើញមុខកូនប្រុស។ ពេលទៅដល់ គាត់បានសួរគេឯងរកផ្លូវទៅកាន់សាលាបឋមសិក្សា Diyi ហើយបានរកឃើញដូចបំណង។ ពេលទៅដល់សាលា គាត់បានអង្គុយរង់ចាំកូននៅមុខច្រកទ្វារចូលស្ទើរពេញមួយថ្ងៃរហូតដល់ម៉ោងសិស្សចេញ។ នាពេលនោះ មានឪពុកម្ដាយជាច្រើនកំពុងរង់ចាំកូនចេញពីសាលារៀនដូចគ្នានៅខាងក្រៅរបង។ លោក Liu ក៏ស្ថិតក្នុងចំណោមពួកគេដែរ។ គាត់សង្ឃឹមថា ខ្លួននឹងបានឃើញកូនប្រុសដែលបាត់ខ្លួនជាច្រើនឆ្នាំនោះម្ដងទៀត។ ទីបំផុត កូនសិស្សទាំងអស់ក៏ដល់ម៉ោងចេញទៅផ្ទះពិតមែន។ លោក Liu បានសម្លឹងមើលសិស្សទាំងអស់យ៉ាងប្រុងប្រយ័ត្នដោយគ្មានចន្លោះអ្នកណាម្នាក់ឡើយទាំងក្ដីអន្ទះសាបើកភ្នែកធំៗ។ រំពេចនោះ កូនសិស្សម្នាក់ដែលមានមុខស្រដៀងនឹងកូនដែលបាត់ខ្លួនក៏ចេញមកមែនជាមួយសំលៀកបំពាក់ស្អាតបាតដើរទៅកាន់ជ្រុងម្ខាង ហើយលោក Liu ក៏មានចិត្តសប្បាយរីករាយពន់ពេករហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន និងទប់អារម្មណ៍ក៏មិនជាប់។ ដោយក្ដីចង់ឃើញកូនប្រុសខ្លាំង គាត់បានប្រញាប់ដើរឆ្ពោះទៅរកកូនប្រុសដើម្បីបានកាន់កូនដៃផ្ទាល់។ ប៉ុន្តែស្រាប់តែពេលនោះ មានតាចំណាស់ម្នាក់បានដើរមកកាត់មុខគាត់ និងទៅយកក្មេងប្រុសនោះបានមុន។ តាចាស់ដដែល បានជួយពាក់អាវធំឲ្យក្មេង ឲ្យកញ្ចប់អាហារខ្លះទៅគេ រួចនាំគេឡើងជិះរថយន្តជាមួយគ្នាបាត់ទៅ។ Liu ប្រែទឹកមុខជាស្រងាកចិត្តភ្លាម ប៉ុន្តែក្នុងចិត្តមិនចង់បាត់បង់កូនប្រុសខ្លួនទៀត គាត់ក៏ប្រញាប់ឡើងជិះតាក់ស៊ីឲ្យអ្នកបើកបរតាមរថយន្តកូនប្រុសនោះជិះយ៉ាងស្អិត។ ទីបំផុត គាត់បានតាមទៅដល់ផ្ទះបឹងហ្គាឡូដ៏ស្ដុកស្ដម្ភមួយ។ រថយន្តរបស់តាចាស់បានបើកចូលផ្ទះនោះ។ ក្រោយឃើញបែបនេះ Liu បានឲ្យតាក់ស៊ីបើកទ្វារដើរចេញ បម្រុងចូលផ្ទះបឹងហ្គាឡូដែរ ប៉ុន្តែត្រូវបានសន្តិសុខយាមផ្ទះម្នាក់រារាំងមិនឲ្យចូល។ គាត់បានរកឃើញថា ក្មេងប្រុសនោះពិតជាកូនដែលបាត់ខ្លួនទៅជាងប្រាំឆ្នាំនោះពិតមែន។ ដោយមិនដឹងរកវិធីណាចូលផ្ទះនោះបាន គាត់ក៏ត្រលប់ទៅភូមិកំណើតវិញ និងបានរៀបរាប់ប្រាប់ដំណឹងល្អនេះទៅកាន់ប្រពន្ធខ្លួន និងពិភាក្សាគួរធ្វើយ៉ាងណាទើបអាចនាំកូនត្រលប់មកផ្ទះវិញបាន។ មកដល់ចំណុចនេះ អ្នកស្រី Zhang បែរជាមានកូនចិត្តមួយធ្វើឲ្យគាត់និយាយឡើងថា ” បង! យើងគួរតែឲ្យកូនទៅចុះ! Qiangqiang បានបែកពីយើងជាង ៥ឆ្នាំហើយ គេប្រហែលមិនអាចចំណាំយើងបានទេ។ លើសពីនេះ គេរស់នៅជាមួយគ្រួសារល្អ ហើយគ្រួសារថ្មី ពួកគេក៏បានផ្ដល់ភាពកក់ក្ដៅដល់ក្មេងដូចកូនរបស់ខ្លួនអីចឹង។ ប្រសិនបើយើងយកកូននោះមក គេមិនត្រឹមតែទទួលរងផ្លូវចិត្តបែកបាក់គ្រួសារថ្មីទេ ថែមទាំងលំបាកវេទនាជាមួយជីវភាពក្រីក្រយើងថែមទៀត។ គេមិនទាន់ស៊ាំនឹងការរស់នៅរបស់យើងទេ។ អូនមិនជឿថា គេនឹងវិលត្រលប់មករស់នៅជាមួយយើងវិញទេ”។ Liu បានស្ដាប់ហើយមានអារម្មណ៍ភ្ញាក់ព្រើត ហើយតបវិញថា “តើអូនឆ្កួតមែនទេ? តើអូនមិនចង់ឲ្យកូនប្រុសយើងមកវិញទេ?” អ្នកស្រី Zhang បញ្ជាក់ម្ដងទៀតថា “អូនមិនឆ្កួតទេ! ដំបូងពេលបាត់កូន អូនស្ទើរតែឆ្កួតម្ដងៗ ប៉ុន្តែពេលនេះយើងគួររីករាយពេលបានឃើញកូននៅជាមួយបុរសជាអ្នកមានអាចផ្ដល់អនាគតល្អឲ្យកូន។ យើងក៏អាចទៅមើលគេរាល់ថ្ងៃបានដែរប្រសិនបើយើងចង់ រហូតគេធំមានសេចក្ដីសុខ តើយើងមិនសប្បាយចិត្តទេ”? Liu បានយល់ព្រមនូវអ្វីប្រពន្ធនិយាយ ប៉ុន្តែមិនយល់រឿងមួយ គឺចង់ឃើញមុខកូនរាល់ថ្ងៃប៉ុន្តែមានប្រាក់ឯណាទិញសំបុត្រជិះរថភ្លើងទៅមើលកូនរាល់ថ្ងៃនោះ? អ្នកស្រី Zhang បានរកនឹកមួយស្របក់ រួចបង្ហើបជាយោបល់ថា “យើងអាចចាប់ផ្ដើមរបរតូចមួយនៅក្បែរផ្ទះកូនរស់នៅតែម្ដងទៅ គឺលក់បន្លែ និងឥវ៉ាន់បន្តិចបន្តួច ដូច្នេះយើងអាចរកចំណូលបានផង និងបាននៅក្បែរកូនផង”។ Liu បានយល់ស្របតាមសំណើរបស់ប្រពន្ធ។ ពួកគេពិតជាបានឃើញកូនទៅរៀនរាល់ថ្ងៃដោយក្រឡេកមើលពីតូបលក់។ ក្រោយមក ពួកគេបានប្ដូរចិត្តលែងចង់ផ្សះផ្សាជាមួយកូនទៀតហើយ។ ពេលខ្លះ បុរសចំណាស់នោះមកទិញបន្លែនៅតូបលក់ ហើយពួកគាត់តែងតែលក់បញ្ចុះតម្លៃពិសេសឲ្យបុរសចំណាស់នោះ និងឆ្លៀតឱកាសបានសួរនាំពីរបីម៉ាត់អំពីសុខទុក្ខកូនប្រុសនោះ។ ទៅទិញញយៗដង ពួកគេបានក្លាយជាមិត្តនឹងគ្នា។ បុរសចំណាស់មិនបានសង្ស័យអ្វីទេ ព្រោះមិនមានរឿងអ្វីប្លែកខុសធម្មតាទេ។ រយៈពេល ៥ឆ្នាំកន្លងផុតទៅទៀត Liu និង Zhang បានដាច់ចិត្តទាំងស្រុងថា មិនចង់រួបរួមជាមួយកូនវិញឡើយ ប៉ុន្តែទំនាក់ទំនងពួកគាត់ និងកូនប្រុសម្នាក់នោះកាន់តែជិតស្និត ដោយមិនបាននិយាយពីអតីតកាល។ កូនប្រុសនេះបានក្លាយជាមនុស្សពេញជំទង់។ ថ្ងៃមួយ បុរសចំណាស់បានដើរទៅកាន់តូបលក់ដូរដូចសព្វដងប៉ុន្តែគាត់បែរនិយាយទៅកាន់ប្ដីប្រពន្ធថា “ខ្ញុំដឹងមូលហេតុអ្នកទាំងពីរមកទីនេះ ហើយ ខ្ញុំក៏ដឹងថា នៅទីនេះមានកូនប្រុសម្នាក់របស់អ្នក។ ហេតុអ្វីអ្នកមិនប្រាប់ក្មេងប្រុសនោះថា អ្នកជាម្ដាយពិតប្រាកដទៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ? ហេតុអ្វីអ្នកត្រូវរង់ចាំខ្ញុំឲ្យនិយាយរឿងនេះប្រាប់កូននេះមុន? លោក Liu និង Zhang រន្ធត់ចិត្តស្រឡាំងកាំង និងឆ្ងល់ថាតើ បុរសចំណាស់នោះដឹងរឿងពួកគាត់តាមរបៀបណា។ បុរសចំណាស់បន្ថែមថា “ខ្ញុំដឹងរឿងនេះជាយូរមកហើយ។ នៅពេលអ្នកបើកតូបលក់ដូរនៅទីនេះបានប៉ុន្មានថ្ងៃ ខ្ញុំក៏ឲ្យគេឆែកមើលជីវប្រវត្តិរបស់អ្នក។ ដូចដែលខ្ញុំរំពឹងទុក អ្នកមកទីនេះគឺដើម្បីកូនប្រុស ហើយខ្ញុំរង់ចាំឲ្យអ្នកនិយាយរឿងនេះផ្ទាល់មាត់ប្រាប់កូនរបស់អ្នក ប៉ុន្តែអ្នកមិនបានធ្វើឡើយ។ តើអ្នកពិតជាមិនចង់ជួបជុំកូនវិញទេ? ខ្ញុំសូមប្រាប់ដំណើរដើមទងដែលខ្ញុំយកកូននេះមករស់នៅជាមួយខ្ញុំទៅចុះ។ នាថ្ងៃនោះ ខ្ញុំបានជិះរថភ្លើងត្រលប់មកផ្ទះ បន្ទាប់ពីប្រជុំកិច្ចការជំនួញរួចរាល់។ ខ្ញុំបានកត់សម្គាល់ឃើញកូនប្រុសអ្នកនៅតែម្នាក់ឯងលើរថភ្លើងជាយូរ។ ខ្ញុំសង្ស័យថា ប្រហែលជាមានអ្នកជួញដូរមនុស្សចាប់ពង្រត់ រួចទុកចោល ដូច្នេះខ្ញុំក៏ប្រថុយជួយគេយកមកផ្ទះជាមួយខ្ញុំ។ ពេលនោះ ខ្ញុំបានឲ្យគេដើររកឪពុកម្ដាយក្មេង ប៉ុន្តែរកមិនបានឃើញសោះ ក៏សម្រេចយកចិញ្ចឹមតែម្ដង។ ពេលនេះ គេមិនត្រឹមតែជាកូនរបស់អ្នកទេ គេក៏ជាកូនរបស់ខ្ញុំដែរ ខ្ញុំនឹងបន្តមើលថែកូននេះឲ្យបានល្អជារៀងរហូត សូមអ្នកកុំបារម្ភ។ គ្រាន់តែនិយាយចប់ លោក Liu និងអ្នកស្រី Zhang ស្រាប់តែក្ដុកក្ដួលចិត្ត ហូរទឹកភ្នែកមិនដឹងខ្លួន។ ពួកគេលុតជង្គង់នៅពីមុខបុរសចំណាស់ហើយនិយាយថា “លោកជាអ្នកជួយសង្គ្រោះជីវិតកូនប្រុសពួកយើង យើងពិតជាត្រេកអរ និងដឹងគុណចំពោះលោកជារៀងរហូត”៕ (ផ្ដល់សិទ្ធិ៖ Loykob.com) ប្រភពៈ Morning Fresh