លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទន្ទូលបន្ទុកជានាយកបេឡាជាតិ រាល់កម្មករណាដួលសន្លប់ គឺចាត់ទុកថាជាបញ្ហាផ្ទាល់ខ្លួន មិនមែនមកពីការងារទៀតទេ
ភ្នំពេញៈ សេចក្តីជូនដំណឹង ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទន្ទូលបន្ទុកជានាយកបេឡាជាតិ រ.ប.ប សន្តិសុខសង្គម បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ រាល់ស្ថានភាពរបស់កម្មករ និយោជិត ដែលមានអាការៈ ខ្សោយ វិលមុខ ទន់ដៃទន់ជើង ញ័រទ្រូង ពិបាកដកដង្ហើម និងថប់អារម្មណ៍ ដែលបណ្តាលមកពីខ្វះជាតិស្ករ ក្នុងឈាម ឬខ្វះសារធាតុអ៊ីយ៉ុងក្នុងឈាម គឺចាត់ទុកថា ជាបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់បុគ្គល មិនមែនបណ្តាលមកពីការងារ ឬបរិយាកាសកន្លែងធ្វើការទេ។
ប.ស.ស ក៏បានបន្ថែមថា ក្នុងករណីមានកម្មករ និយោជិត សន្លប់ច្រើននាក់ ឬសន្លប់តៗគ្នា នៅក្នុងសហគ្រាស គ្រឹះស្ថាន ដែលបណ្តាលមកពីបរិយាកាសក្នុង និងក្រៅ សហគ្រាសគ្រឹះស្ថាន ឬតានតឹងអារម្មណ៍ ភ័យស្លន់ស្លោ តៗគ្នា។ល។ បេឡាជាតិ រ.ប.ប សន្តិសុខសង្គម ចាត់ទុកថា ជាគ្រោះថ្នាក់ការងារ និងទទួលបានការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រោម រ.ប.ប សន្តិសុខសង្គម ផ្នែកហានិភ័យការងារ។ ប.ស.ស ក៏បានតម្រូវឲ្យនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវមានកាតព្វកិច្ចបញ្ជូនកម្មករ និយោជិតរបស់ខ្លួន ទៅសង្គ្រោះបឋម នៅគិលានដ្ឋានសហគ្រាសរបស់ខ្លួន ឬទៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។ ចុងក្រោយនេះ កាលពីដើមឆ្នាំ២០១៨ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដាក់បញ្ជា ណែនាំឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ បង្កើតក្រុមការងារ ហើយសិក្សា ស្រាវជ្រាវពីករណីកម្មករកាត់ដេរ ដួលសន្លប់ នៅពេលធ្វើការ នៅក្នុងរោងចក្រសហគ្រាស ដើម្បីស្វែងរកដំណោះស្រាយ។ ប៉ុន្តែមកដល់ខែឧសភា ឆ្នាំ២០១៨ នេះ ការសិក្សាស្រាវជ្រាវនោះ មិនទាន់ចេញជាលទ្ធផលបែបណានៅឡើយទេ៕ ប្រភពៈ ណុត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។