តោះមកអានរឿងនិទាន ​នាង ត្រល់​មាស និងរឿង....
-

រឿងនិទាន ​នាង ត្រល់​មាស​ (ប្រវត្តិ សេះស កោះត្រល់ និង​ នាង​ស្រី​ស នៅ​កែប​) នា​សម័យបុរាណ នគរ​ខ្មែរ និង​នគរ​ចិន​មាន​ព្រំដែន​ជាប់​គ្នា​។ ចិន​ពូកែ​ណាស់​ខាង​តម្បាញ​សូត្រ​។ ព្រះរាជា​ខ្មែរ និង​ពួក​នាម៉ឺន តែងតែ​ទិញ​ក្រណាត់​សូត្រ​ទាំងនោះ​រាល់​ឆ្នាំ​ពុំដែល​ខាន​។​ ​នាង កែវ​ស ជា​នារី​ម្នាក់ មាន​សម្រស់​ស្អាត​អស់​លើ​ស្រី​ទាំងពួង​ក្នុងភូមិ ហើយ​នាង​ពូកែ​ខាង​ដេរ​ប៉ាក់ និង​តម្បាញ ហើយ​ក្រណាត់​សូត្រ​របស់​នាង​រលោង និង​ក្រឡា​ល្អ​ស្អាត​ណាស់​។​ ​ថ្ងៃមួយ​នាង​បាន​ចូលទៅ​ក្នុងព្រៃ ដូច​សព្វមួយដង ដើម្បី យក​រុក្ខជាតិ មក​ធ្វើជា​ល័​ក្ខ ។ ពេលនោះ​នាង​បាន​រើស​បាន​ដុំថ្ម​មួយ​ដុំ​មាន​ពណ៌​ក្រហមឆ្អិនឆ្អៅ​។ នាង​បាន​យកមក​សួរ​ម្ដាយ ពេលនោះ ម្ដាយ​ប្រាប់ថា​វា​ជា​ដុំ​មាស​។ នាង​អរ​ណាស់ មិន​យក​មាស​នោះ​ទៅ​លក់​ទេ នាង​បាន​យក​វា មក​ធ្វើជា​ត្រល់ សម្រាប់​តម្បាញ ។ មុនពេល​ដែល​នាង ត្បាញ​នាង​តែងតែ​សែន និង បែរបន់​សូមកុំ​ឲ្យ​សូត្រ​ដាច់ និង​ជាប់​បានល្អ ព្រមទាំង​រលោង​ផងដែរ​។ កំលាំង​នៃ​ការ​បួងសួង​បានលឺ​ដល់​ព្រះ​ពិស្ណុការ​ដែលជា​អាទិទេព​នៃ​សិល្បៈ​។ ទ្រង់​ក៏​ប្រទាន​និង​ឲ្យ​ពរ​ដល់​នាង​តាម​ការ​ប្រាថ្នា​។​​ហេតុការណ៍​ដ៏​អស្ចារ្យ គឺ​នាង​បោះ​ត្រល់ ១​ដង ត្បាញ​បាន​កន្លះ​កី ធ្វើអោយ​នាង​អរ​ផង ភ័យ​ផង​។ នាង​បោះ ២​ដង​បាន ១​កី ហើយ​ក្រណាត់​របស់​នាង​មាន​ពណ៌​ល្អ និង​រលោង​។ នាង​បាន​យកទៅ​ជូន​ម្ដាយ ម្ដាយ​នាង​គាត់​អរ​ខ្លាំងណាស់ និង​យកទៅ​លក់បាន​តម្លៃ​ថ្លៃ រហូត​បាន​ ​ក្លាយជា​សេដ្ឋី សូត្រ​ក្នុង​ខេត្តកំពត​។ ព្រះរាជា ក៏​ប្រទាន​ងារ (​នាង​ត្រ​ល់មាស​)​។ ដំណឹង​បានលឺ​ដល់​ក្រុង​ចិន ស្ដេច​ចិន​បាន​បញ្ជា​ឲ្យ​បុត្រា​ទ្រង់​មក​ស្ដីដណ្ដឹង​នាង​កែវ​ស ដើម្បី​យក​នាង​ទៅ​នៅ​ស្រុក​ចិន​តាម​ប្ដី ធ្វើ​ដូច នេះ​បាន ខ្មែរ​នៅតែ​ទិញ​ក្រណាត់​ពី​ចិន​រាល់ៗ​ឆ្នាំ​ដដែល​។​ ​ម្ដាយ​របស់​នាង​បាន​សួរ​ចិត្ត​កូនស្រី​តែ​នាង​មិន​ព្រម​។ ព្រោះ​នាង​មានចិត្ត​លើ​កំលោះ​មាណព ដែលជា​អ្នក​ជ្រលក់​ក្រណាត់​និង​ជាម​នុស្ស នៅ​ជាមួយ​នាង​តាំងពី​នៅ​ក្រីក្រ​។ នាង​គិតថា ចិន​មាន​សិទ្ធិ​យកប្រពន្ធ​បួនដប់​បាន ហើយ​គិតថា​គ្មាន​វាសនា​ល្អ​ទេ​សម្រាប់​នាង​។​ ​ពាក្យ​បដិសេធន៍​នេះ បានធ្វើ​ឲ្យ ចិន មិន​សប្បាយចិត្ត ក៏​ទៅប្ដឹង​ស្ដេច​ខ្មែរ​។ ទ្រង់​មានបន្ទូលថា​៖ រឿង​អនាគត​របស់​នរណា អ្នកនោះ​ជា​អ្នកសម្រេច ទ្រង់​ជា​ស្ដេច​គ្មាន​សិទ្ធិ​ទេ​។ ទ្រង់​ក៏​មិន​ចង់​ឲ្យ​នាង​ទៅ​រស់នៅ​ស្រុក​ចិន​ដែរ​បើ​នាង​ទៅ ខ្មែរ​នឹង​បាត់​អ្នក​តម្បាញ​សូត្រ​មាស​ជា​រៀងរហូត​។ ​រាជបុត្រ​ចិន​អង្គ​នោះ ក៏បាន​ចុះមករ​កនាង​ដោយ​ខ្លួនឯង​ឃើញ​នាង​មាន​សម្បុរ​ស​ស្អាត​ខុសពី​នារី​ខ្មែរ​ដទៃទៀត​ក៏​កាន់តែ​មានចិត្ត​ស្រឡាញ់​ទ្វេដង ហើយ​ទ្រង់​ក៏មាន​បញ្ជា​ថា​៖ យក​ទាំង​មនុស្ស យក​ទាំង​ត្រល់​។ ដោយ​ដឹង​ពី​ល្បិច​ចិន នាង​ក៏បាន​រៀបការ​ជាមួយ​ចៅ​មាណព សុំ​ព្រះ​ ​រាជ​ប្រទាន​ពី​ព្រះរាជា​ខ្មែរ​។ ការណ៍​នេះ កាន់តែ​ធ្វើ​ឲ្យ ចិន មាន​កំហឹង​យ៉ាងខ្លាំង ក៏បាន​ប្រើ​ចោរ​សមុទ្រ​មក​លួច​ត្រល់​មាស និង​ចាប់​នាង​ត្រ​ល់មាស​។​ ​ភាពអសន្តិសុខ នៅក្នុង​គ្រួសារ​របស់​នាង​ក៏​កើតមាន​ជារឿយៗ​។ នាង​ក៏​សុំ​ម្ដាយ​ទៅ​រស់នៅ​ឆ្ងាយ​ពី​គេ ដើម្បី​គេចចេញ ពី​ចោរ​ទាំងនោះ ដោយ​រស់នៅ​ធ្វើជា​ខ្ទម​កណ្ដាល​ព្រៃ​។ ពេល​នាង​​ត្បាញ​បាន​នាង​ឲ្យ​អ្នកបំរើ យកទៅ​ឲ្យ​ម្ដាយ​សម្រាប់​ថ្វាយ​ស្ដេច​។ ចោរ​ចិន ទាំងនោះ​តាមរក​គ្រប់កន្លែង​តែ​រក​មិនឃើញ ជួន​ជា​ពេល​មួយ​នោះ មាន​ល្ខោន​ហ៊ី​ចិន​មក​សម្តែង អ្នកបំរើ​ក៏បាន​ឈប់​មើល​ការសំដែង ដោយ​ដៃ​មាន​បង្វេច ពណ៌​មាស​ផ្លេកៗ ។ រំពេច​នោះ ចិន​ដែល​និយាយ ខ្មែរ​មិនសូវ​ច្បាស់​នោះ សួរថា​៖ បាន​ទិញសំពត់​ពី​ណា​ល្អ​យ៉ាងនេះ​? ​អ្នកបម្រើ​ភ្លេចខ្លួន​ក៏​និយាយថា​៖ ជា​របស់​អ្នកនាង កែវ​សរ ចិន​នោះ ក៏បាន​សួររក​កន្លែង​នាង កែវ​ស រស់នៅ ដោយ​ឲ្យ​មាស ១០០​តំលឹង ។ អ្នកបម្រើ​ក៏​ឆ្លើយ​ដឹង​ពី​ទីតាំង ដែល​នាង ស រស់នៅ​។​រាត្រី​ដ៏​រន្ធត់​បានមក​ដល់ ចោរ​បាន​ចូល​ឡោមព័ទ្ធ​ខ្ទម​របស់​នាង ដោយ​គប់​ភ្លើង​ឆេះ​អស់​រោង​សត្វ​ចិញ្ចឹម និង​រោង​តម្បាញ ដែល​នាង​កំពុង​ត្បាញ ធ្វើ​ឲ្យ​រលា​កដៃ​និង​ខ្លួន​របស់​នាង​យ៉ាងដំណំ​។ នាង​បាន​ស្រែកហៅ​ប្ដី​ឲ្យ​ជួយ ចៅ​មាណព​រត់​ខាង​នេះ​ផង ខាង​នោះ​ផង រត់​យកប្រពន្ធ​ពី​ក្នុង​រោង និងរ​ត់ទៅ​ដោះលែង​សត្វ​ចិញ្ចឹម ពី​ក្រោល​ទាំងអស់ ឲ្យ​រត់​ចេញពី​ភ្លើង ឮ​សម្រែក​ស្រែក អឺយ​កង និង​សម្លេង​ស្រែកយំ​ពេញ​ព្រៃ​។ រំពេច​នោះ កូន​សេះស របស់​នាង ក៏​រត់ចេញ​មកឈរ​ហូរ​ស្រក់​ទឹកភ្នែក​ក្បែរ​នាង ដោយសារតែ​ឃើញ​មេ​របស់​វា​ស្លាប់​ក្នុង​ភ្លើង​។​ ​សម្រែក​ពួកចោរ ថា​ឲ្យ​ចាប់​នាង កែវ​ស និង​យក​ត្រល់​ឲ្យ​បាន​! ចៅ​មាណព​ក៏បាន​លើក​នាង កែវ​ស ឡើង​ជិះសេះ​រត់​ទៅមុន រីឯ​ចៅ​មាណព​ក៏បាន​ចុះទូក​បង្វែរ​ដាន​។ ចោរ​ទាំង​នោះបាន​ចុះទូក​តាម​មាណព ដោយ​ស្មានថា នាង កែវ​ស ទៅជា​មួយ​។ ការប្រយុទ្ធ​ក៏​ចាប់​មាន​ឡើង នៅ​កណ្ដាល​សមុទ្រ​។ ទើប​ចោរ​ទាំងនោះ​ដឹងថា ចាញ់បោក ក៏បាន​បាញ់​ព្រួញ​សម្លាប់​ចៅ​មាណព​នោះ​ទៅ​។​ ​លុះ​នៅពេល​ព្រឹក ចោរ​ក៏​ទៅ​បាត់អស់ នាង កែវ​ស បានរ​ត់ទៅ​មាត់សមុទ្រ ជាមួយ​កូន​សេះ រកមើល​ចៅ​មាណព តែ រក​មិនឃើញ​សោះ នៅសល់តែ​បំណែក​ទូក និង​ប្រអប់​ឈើ​មួយ ដែល​អណ្ដែត​ជាប់មាត់​ឆ្នេរ​។ នាង​បាន​បើក​ឡើង គឺជា​ត្រល់​តម្បាញ​របស់​នាង នាង​ក៏​ស្រែកយំ​យ៉ាងខ្លាំង​។ នាង​ក៏​បួងសួង​ថា​៖ បើ​មាន​ជាតិ​មុខ​មែន​នាង សូម​ជួប​ចៅ​មាណព​ជា​ប្ដី និង​ជា​អ្នក​តម្បាញ និង​មាន​ត្រល់​មាស នេះ​នៅ​ជាមួយ​នាង​រហូត និង​នៅ​ជា​របស់​ខ្មែរ​រហូត កុំ​ឲ្យ​បាត់​ទៅណា​! បួងសួង​រួច​នាង​ក៏​គប់​ត្រល់​មាស​នោះ ចូលទៅក្នុង​សមុទ្រ​ហើយ​នាង​ក៏​នាង​ដួល​ស្លាប់ទៅ​។ ដោយ​កម្លាំង បួងសួង ត្រល់​មាស​នោះ ឲ្យ​ក្លាយជា​កោះធំ​មួយ រាង​ដូច​ត្រល់​មកទល់​សព្វថ្ងៃនេះ​។​ ​ដោយ​ក្ដី​គោរព​ដល់​នាង ព្រះរាជា​ក្រោយៗ ទ្រង់​ក៏បាន​សាង​រូបនាង និង​កូន​សេះស សម្រាប់​រំលឹក​ដល់​សេចក្ដី​ស្មោះ​របស់​នាង ចំពោះ​ស្វាមី និង​មាតុប្រទេស​៕​

ប្រភព៖ សូកាន ចំរើន​ និង អាចារ្យធំ នគររាជ