ហុី....ឲ្យរំពឹងអីទៀត បើករណីប្លន់ម៉ូតូប្រជាពលរដ្ឋបានសម្រេចនៅសង្កាត់ដង្កោ សមត្ថកិច្ចប៉ុស្ដិ៍ដង្កោចាក់សោទ្វាររបងដេកលក់ធ្វើប្រងើយ
-

ភ្នំពេញ៖ បុរសម្នាក់ត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាត់ធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដាឌ្រីមសង់សេរីឆ្នាំ២០១៨ទៅបាត់ដោយសុវត្តិភាពដោយមិនរំខានដល់សមត្ថកិច្ច តែអ្វីដែលគួរអោយហួសចិត្តនោះ គឺពេលជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងសមត្ថកិច្ចបានចាក់សោទ្វាររបងជុំវិញប៉ុស្ដិ៍ធ្វើអោយជនរងគ្រោះអង្គុយចាំជាច្រើនម៉ោងទើបចេញមកបើកទ្វារទទួលពាក្យបណ្ដឹង។

ករណីវាយប្លន់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជិតផ្លូវបទចូលក្រុមហ៊ុនសុិនទ្រី តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សៅ សុខហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអូសបន្លែរផ្សារច្បារអំពៅ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកបាត់នោះម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GY-6481 ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេទើបតែមកពីផ្ទះមិត្តភ័ក្រនៅឯចោមចៅបំណងទៅផ្ទះនៅច្បារអំពៅ។ ប្រភពបានបន្តថា ពេលដែលជិះមកដល់ចំណុចកើតហេតុស្រាប់តែលិចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកមានគ្នា៥ទៅ៦នាក់មកធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូទៅបាត់ បណ្ដាលអោយរូបគេរងរបួសបែកចិញ្ចើម។
ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោរដើម្បីអោយសមត្ថកិច្ចជួអន្តរាគមន៍ តែអ្វីដែលគួរអោយហួសចិត្តនោះគឺសមត្ថកិច្ចចាក់សោរទ្វាររបងជុំវិញប៉ុស្ដិ៍ដេកលក់យ៉ាងស្កប់ស្កល់ធ្វើប្រងើយមិនខ្វល់ពីអ្វីទាំងអស់ ទោះខំស្រែកហៅក៏មិនលឺធ្វើអោយជនរងគ្រោះអង្គុយចាំរាប់ម៉ោង។ លុះក្រោយមកទើបមានសមត្ថកិច្ចម្នាក់ចេញមកបើកទ្វាររបងនិងហៅជនរងទៅសួរនាំនិងដាក់ពាក្យបណ្ដឹងតែម្ដង៕
ដោយៈ ភារ៉ា